ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ លើ​ករណី​មេធាវី​​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី


រូបឯកសារ៖ កញ្ញា ​សេង ធារី ​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​និង​ច្បាប់ ថតនៅគេហដ្ឋាន​ឯ​ជាយក្រុងភ្នំេពេញ កាលពីខែ មករា ឆ្នាំ២០២២។ (រូបថត​ផ្តល់​ឱ្យ)
រូបឯកសារ៖ កញ្ញា ​សេង ធារី ​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​និង​ច្បាប់ ថតនៅគេហដ្ឋាន​ឯ​ជាយក្រុងភ្នំេពេញ កាលពីខែ មករា ឆ្នាំ២០២២។ (រូបថត​ផ្តល់​ឱ្យ)

ក្រសួង​ការបរ​ទេស​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ ជុំវិញ​ការ​ឱ្យ​ដោះ​លែង​កញ្ញា សេង ធារី​ មេធាវី​ខ្មែរ​អាមេរិកាំង ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ឌ។ នេះ​បើ​យោ​ងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​១៤ ខែកក្កដា​ ឆ្នាំ​២០២៣។

លោក អាន សុខខឿន អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ទណ្ឌិត​មួយ​រូប គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​តែ​ប៉ុណ្ណោះ ដែល​មិន​តំណាង​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ឡើយ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នោះ​ អ្នក​ជំនាញ​ទាំង​នោះ​គ្រាន់​តែ​ជា​បុគ្គល​ដែល​ធ្វើការ​ងារ​តាម​សមត្ថ​ភាព​របស់​ខ្លួន ហើយ​ពួក​គេ​មិន​មែនជា​មន្ត្រី​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ឡើយ។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖ «បុគ្គល​ទាំង​នោះ​ទំនង​ពុំ​មាន​ការ​យល់​ដឹង​ជាក់​ស្តែង​អំពីអង្គហេតុ​និង​អង្គ​ច្បាប់​ចំពោះ​ករណី​ទណ្ឌិត​ម្នាក់​នោះ ទិដ្ឋ​ភាព​នយោបាយ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​»។

អ្នកនាំពាក្យ​បន្ថែម​ថា៖ «សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​ការងារ​នេះ​ក៏​ពុំ​មាន​ទម្ងន់​អ្វី​ឡើយ រួម​ទាំង​ទម្ងន់​ផ្លូវ​ច្បាប់ មក​លើ​រដ្ឋ​អធិបតេយ្យមួយ»។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា ក្រោយ​ក្រុម​ការ​ងារ​ទទួល​បន្ទុក​ការ​ឃុំខ្លួន​តាម​ទំនើង​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ចុះ​ថ្ងៃទី​១២ ខែកក្ក​ដា​ ឆ្នាំ​២០២៣ ដោយ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើ​ឡើង​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរ​ជាតិ និង​ជាប់​ហេតុ​ផល​នយោបាយ។

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​ទាំង​នោះ​បញ្ជាក់​ថា៖ «ការ​ឃុំ​ខ្លួន ​កញ្ញា សេង ធារី​ គឺ​ស្ថិត​នៅ​ក្នុង​ការ​បង្ក្រាប​ជា​ទ្រង់​ទ្រាយ​ទៅ​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ការ​រំលោភ​លើ​នីតិវិធី​ត្រឹម​ត្រូវ​តាម​ច្បាប់ ជា​ការ​រៀបចំ​ដើម្បី​គំរាម​កំហែង​កញ្ញា​ឱ្យ​ស្ងាត់​ស្ងៀម»។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៣ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​លោក​នឹង​មិន​ដោះ​លែង ​កញ្ញា សេង ធារី ឡើយ ដោយ​សារ​តែ​មាន​អន្តរាគ​មន៍​ពី​បរទេស។ លោក​បន្ថែម​ថា​ជន​ជាប់​ឃុំ​រូប​ណា​ដែល​ត្រូវ​បាន​បរទេស​ស្នើ​សុំ​ឱ្យ​ដោះ​លែង ​គឺ​អ្នក​ជាប់​ឃុំ​នោះ​នឹង​នៅ​តែ​បន្ត​ជាប់​ក្នុង​ពន្ធនាគារ។

សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឱ្យ​មាន​ការ​ដោះ​លែង​កញ្ញា សេង ធារី។

លោក សំ ចំរើន មេធាវី​របស់​កញ្ញា សេង​ ធារី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​ទាន់​បាន​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​សវនា​ការ​លើ ​កញ្ញា សេង ធារី នៅ​ឡើយ​ទេ ទៅ​លើបណ្តឹង​នៅ​សាលា​ឧទ្ធរណ៍។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ​ឆ្នាំ​២០២២ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​កញ្ញា សេង ធារី ​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទាក់​ទង​នឹង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក សម រង្ស៊ី កាលពី​ចុង​ឆ្នាំ​២០១៩៕

XS
SM
MD
LG