ប្រមាណពីរសប្តាហ៍ក្រោយការផ្តន្ទាទោសដ៏ធ្ងន់លើ លោក កឹម សុខា សហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងធានាឱ្យបាននូវភាពត្រឹមត្រូវនៃដំណើរបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះ។
សេចក្តីសម្រេចរបស់សភាសហភាពអ៊ឺរ៉ុប ដែលមានកម្រាស់ពីរទំព័រ ចេញនៅថ្ងៃទី១៦ ខែមីនានេះ បានឱ្យដឹងថា សភាសហភាពអ៊ឺរ៉ុបបានអំពាវនាវដល់រដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជា៖ «ដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានកាត់ទោសឬឃុំខ្លួន ទាក់ទងបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ»។
សេចក្តីសម្រេចនោះក៏ជំរុញឱ្យអាជ្ញាធរកម្ពុជា ត្រូវធានាការបោះឆ្នោតនាខែកក្តដាខាងមុខធ្វើឡើងប្រកបដោយសេរី និង យុត្តិធម៌ ដោយអនុញ្ញាតឱ្យគណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាឃោសនាបោះឆ្នោត ដោយសេរី និងតម្លាភាព និងប្រកបដោយបរិយាប័ន្ន។
ក៏ប៉ុន្តែ សមាជិកព្រឹទ្ធសភានិងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាមានសិទ្ធិសម្រេចលើកិច្ចការនយោបាយផ្ទៃក្នុងរបស់ខ្លួន ក្នុងនាមជារដ្ឋ«ឯករាជ្យនិងអធិបតេយ្យ»មួយ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាការមានមតិរបស់ EU [សហភាពអ៊ឺរ៉ុប] ឬការសម្រេចរបស់ EU វាជារឿងរបស់ EU។ ហើយកម្ពុជា ជាប្រទេសមួយ ដែលមានឯករាជ្យ និងមានអធិបតេយ្យ មិនចំណុះជាអាណានិគមនិយមរបស់ប្រទេសណាមួយទេ។ អ៊ីចឹងការសម្រេចករណីទាំងឡាយដែលកើតឡើងនៅក្នុងកម្ពុជា វាជាសិទ្ធិសម្រេចក្រោមអធិបតីភាពរបស់កម្ពុជា»។
នៅពេលវីអូអេសួរថា តើរដ្ឋាភិបាលព្រួយបារម្ភទាក់ទងលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA) បន្ថែមទៀតឬយ៉ាងណានោះ លោក លោក សុខ ឥសាន បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងគិតគូរអំពីបញ្ហានេះដែរ ដោយបញ្ជាក់ពីគោលជំហរគោរពលទិ្ធប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថ្លែងថា៖ «យើងមានការគិតគូរ ក៏ប៉ុន្តែយើងខិតខំ ដើម្បីធ្វើម៉េចអនុវត្តការដឹកនាំ គ្រប់គ្រងប្រទេសតាមលំនាំប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋ។ យើងមិនអាចបោះបង់ចោល អ្វីដែលជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសស្តីពីបញ្ហាកម្ពុជាទេ។ យើងមិនអាចបណ្តែតបណ្តោយឱ្យក្រុមជន មួយចំនួនជាពិសេសមេដឹកនាំបក្សប្រឆាំង ធ្វើប្រព្រឹត្តអ្វីល្មើសច្បាប់តាមអំពើចិត្ត ហើយគ្មានទោសពៃរ៍នោះទេ»។
លោកបន្ថែមថា ការអនុគ្រោះពន្ធចំពោះការនាំទំនិញពីកម្ពុជាទៅកាន់ទីផ្សារអ៊ឺរ៉ុបនេះ គឺជាសិទ្ធិសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុប។ ប៉ុន្តែលោកស្នើឱ្យសហភាពអ៊ឺរ៉ុប ពិនិត្យមើលស្ថានភាពរបស់កម្ពុជាឱ្យច្បាស់ ដោយ «កុំឱ្យលម្អៀងផ្នែកនយោបាយ ឬតាមមនោគមវិជ្ជាមកគៀបសង្កត់ប្រទេសទន់ខ្សោយ»។
លោកថ្លែងថា៖ «ការនាំទំនិញនៅតែមានគ្រាន់តែយើងគ្រាន់តែបង់ពន្ធឱ្យគេតែប៉ុណ្ណោះ។ ត្រង់គេអនុគ្រោះ ឬគេមិនអនុគ្រោះ អាហ្នឹងរឿងរបស់គេ ជាសិទ្ធិរបស់គេ យើងអត់មានលទ្ធភាពអីដើម្បីទៅបង្គ្រាបបញ្ជាគេបានទេ»។
លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ឃុំរយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ ក្រៅពីការទាមទារឱ្យដោះលែងលោក កឹម សុខា សេចក្តីសម្រេចរបស់សភាសហភាពអ៊ឺរ៉ុបក៏បានលើកឡើងអំពីការបង្គ្រាបសមាជិកគណបក្សប្រឆាំងដាក់ពន្ធនាគារ ការផាកពិន័យ និងការបង្ខំឱ្យពួកគេក្នុងនិរទេស ក្រោយតុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ។
បន្ថែមពីនេះ សហភាពអ៊ឺរ៉ុបក៏បានលើកឡើងអំពីការកាត់ក្តី ការធ្វើទុក្ខបុកម្នេញលើសកម្មជនដូចជា កញ្ញា សេង ធារី និងថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សភ្លើងទៀន និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយបង្អស់របស់កម្ពុជានៃស្ថាប័នព័ត៌មានវីអូឌី (VOD) នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាដើម។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពី លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេ ទាក់ទងនឹងសេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះ។
ដោយឡែក អ្នកតាមដានសង្គមសម្តែងការព្រួយបារម្ភ ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអ៊ឺរ៉ុបនេះ។ កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ដែលបានប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប។
ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពេលនោះបានកើតឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ដោយសារការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនបានឆ្លើយតបទៅតាមការលើកឡើងរបស់សហភាពអ៊ឺរ៉ុបទេ នោះលោកគិតថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអាចឱ្យកម្ពុជានាំចេញសម្លៀកបំពាក់ទៅប្រទេសនៅអឺរ៉ុប ដោយឥតបង់ពន្ធនោះ នឹងអាចបាត់បង់មួយចំនួន ទៀត ឬទាំងស្រុងតែម្តង។
លោកថ្លែងថា៖ «យើងគួរឱ្យសោកស្តាយដែរ ប្រសិនជាផ្តាច់ ហើយយើងដឹងហើយថា ចំពេលនេះ គឺមិនទាន់នឹងផ្តាច់១០០ភាគរយផង កម្ពុជាយើងមានផលវិបាក រហូតដល់បាត់បង់ការងារអីច្រើន។ ហើយនៅពេលដែលយើងកំពុងពិបាក បាត់បង់ការងារ មិនទាន់មានការងារធ្វើនេះ វៀតណាមមានសក្តានុពល ដោយសារគេមានចុះកិច្ចព្រមព្រៀងទ្វេរភាគីជាមួយសហគមន៍អ៊ឺរ៉ុបយកឥវ៉ានទៅអ៊ឺរ៉ុបហ្នឹងអត់យកពន្ធ អ៊ីចឹងយើងឃើញហើយ យើងមានការផ្ទុយ យើងមានការខាត»។
លោកក៏បារម្ភថា កម្ពុជានឹងពិបាកក្នុងការការប្រកួតប្រជែងជាមួយប្រទេសវៀតណាមនិងប្រទេសឯទៀត ក្នុងការនាំទំនិញទៅកាន់ទីផ្សារនៅអ៊ឺរ៉ុបនេះផងដែរ។
លោកបន្ថែមថា៖ «អ៊ីចឹងបើករណី យើងបាត់១០០ភាគរយ ថាតើយើងអាចប្រកួតយ៉ាងម៉េចឈ្នះ ព្រោះទី១យើងពិបាកក្នុងការប្រកួតដោយសារតែ កម្ពុជាគឺវត្ថុធាតុដើមទាំងអស់ យើងយកមកពីចិន និងប្រទេសវៀតណាម និងប្រទេសមួយចំនួនទៀត ដែលវៀតណាមគេមានវត្ថុធាតុខ្លួនគេ។ កំពុងផែទឹកជ្រៅគេមាន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគេល្អជាងយើង។ ហើយនៅពេលមិនទាន់មានការនាំចេញដោយអត់យកពន្ធផង គេអាចនាំ ចេញបាន ចុះបើគេមានការនាំចេញដោយអត់យកពន្ធទៀតគេល្អជាង អ៊ីចឹងយើងមានផលវិបាក»។
លោក អាត់ ធន់ លើកឡើងថា នៅពេលណាដែលសហភាពអ៊ឺរ៉ុបផ្តាច់ EBA បន្ថែមទៀតនោះ វាក៏ធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ ព្រោះប្រទេសលើពិភពលោកនឹងដឹងឮពីកិត្តិនាមរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទងការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។
ម្យ៉ាងទៀតលោកថា អ្នកបញ្ជាទិញក៏អាចរារែកទិញទំនិញពីកម្ពុជាផងដែរ ដែលនឹងធ្វើឱ្យកម្ពុជាជួបផលវិបាកធ្ងន់ធ្ងរ។ លោកថា ការណ៍នេះនឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ការងារ ដែលទាមទារឱ្យរដ្ឋាភិបាលបង្កើតការងារក្នុងវិស័យផ្សេងៗ។ ហើយប្រសិនបើមិនអាចបង្កើតការងារតាមវិស័យផ្សេងឱ្យពលរដ្ឋ នោះបញ្ហាសេដ្ឋកិច្ចអាចកាន់តែដុនដាបផងដែរ។
កម្ពុជាមានរោងចក្រចំនួន ១.២០០ រោងចក្រ ដែលមានកម្មករជាង ៨៤ ម៉ឺននាក់។ នៅចុងឆ្នាំ ២០២២ រោងចក្រចំនួនជិត ៥០០ កន្លែង បានបិទទ្វារ ដែលប៉ះពាល់កម្មករជិត ៥ ម៉ឺននាក់។ ចំណែកនៅខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រោងចក្រចំនួន ៧១ បានព្យួរការងារកម្មករជាង ៣២.០០០ នាក់។ នេះបើតាមលោក អាត់ ធន់ ដែលលោកថាយោងតាមរបាយការណ៍របស់ក្រសួងការងារ។
ទាក់ទងនឹងការទាមទាររបស់សភាសហភាពអឺរ៉ុបអំពីភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ អ្នកជំនាញយល់ថា រដ្ឋាភិបាលកម្ពុជាគួរយកចិត្តទុកដាក់ទៅលើការទាមទារនេះ ដើម្បីចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមពីសហភាពអឺរ៉ុប ដែលនឹងប៉ះពាល់ដល់ប្រយោជន៍ជាតិ។ នេះបើតាមមតិយល់ឃើញរបស់ លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា និកហ្វិច (NICFEC)។
លោកប្រាប់វីអូអេថា៖«ជាពិសេសរដ្ឋាភិបាលហ្នឹងឯង ហើយនឹងភាគីពាក់ព័ន្ធសម្របសម្រួលម៉េចឱ្យវារលូន កុំឱ្យវាមានអំពើហិង្សា សិទ្ធិពលរដ្ឋ សិទ្ធនយោបាយហ្នឹងឱ្យមានសេរីភាពគ្រប់គ្រាន់»។
លោកបន្ថែមថា៖ «សេដ្ឋកិច្ចស្រុកខ្មែរយើង ប្រជាពលរដ្ឋដែលបានប្រាក់ចំណូលច្រើន មកពីកម្មករ ធ្វើកម្មករតាមរោងចក្រហ្នឹង។ កាលណា EBA គេផ្តាច់គេ គេកាត់បន្ថយយ៉ាងម៉េចទៅវាប៉ះពាល់ដល់អាហ្នឹងឯង ទំនិញនាំចេញ»។
ដោយឡែក អ្នកតាមដានបញ្ហាសង្គមនិងនយោបាយកម្ពុជា ចាត់ទុកការទាមទាររបស់សហភាពអ៊ឺរ៉ុបមិនមែនជារឿងថ្មីនោះទេ ហើយថាវានឹងកើតមានបន្តទៅទៀត ដោយសារតែមិនមានចំណុចរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងសហភាពអ៊ឺរ៉ុប។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកម្ពុជាបានព្យាយាមរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននិងកូរ៉េ ដោយលោកចាត់ទុកថា នេះជាការត្រៀមខ្លួនរបស់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោកថាតិចឬច្រើន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា៖ «ទោះបីជាយ៉ាងណាខ្ញុំគិតថារឿងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានេះ វាពិតជាប៉ះពាល់ ដោយចៀសមិនរួចហើយ ប៉ុន្តែត្រង់ថាធ្ងន់ប៉ុណ្ណានោះ យើងមិនទាន់អាចសន្និដ្ឋានបានទេ វាអាស្រ័យទៅលើសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច»។
នៅពេលសួរថា តើរដ្ឋាភិបាលកម្ពុជាគួរឆ្លើយតបបែបណាពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគរូបនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាងាកទៅពិនិត្យមើលរដ្ឋធម្មនុញ្ញរបស់កម្ពុជាឡើងវិញ។
លោកថ្លែងថា៖ «អ្វីដែលយើងចង់បានគ្រាន់តែថាធ្វើម៉េចរដ្ឋាភិបាលកម្ពុជាអាចពិនិត្យមើលទៅលើការអនុវត្តរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើងវិញទៅ ហើយចំណុចណាដែលអាចកែប្រែ អាហ្នឹងជាសិទ្ធិរបស់រដ្ឋាភិបាល។ ប៉ុន្តែមែនទែនទៅអ្វីដែលជាការស្នើសុំរបស់សហគមន៍អ៊ឺរ៉ុប វាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចស្រេចទៅហើយ»។
លោក មាស នី ក៏បានលើកឡើងថា រដ្ឋាភិបាកម្ពុជាតែងតែចាត់ទុកទង្វើរបស់ខ្លួនជាការត្រឹមត្រូវ និងកំពុងតែបោះជំហាននៅលើមាគ៌ាលទ្ធិប្រជាធិបតេយ្យ។
លោកបន្ថែមថា៖«អ៊ីចឹងបើដរាបណារដ្ឋាភិបាកម្ពុជាមើលមិនឃើញថាអាហ្នឹងជាបញ្ហាទេនោះ ខ្ញុំគិតថាប្រទេសនេះចេះតែទៅមុខហើយមិនអាចថយក្រោយបានទេ»។
កាលពីខែឧសភា ឆ្នាំ ២០២២ សមាជិកសភាអឺរ៉ុបភាគច្រើនលើសលប់បានបោះឆ្នោតសម្រេចលើញត្តិមួយ ដោយបង្ហាញក្តីព្រួយបារម្ភអំពីការបន្តបង្រ្កាបខាងនយោបាយនៅកម្ពុជា ហើយបានជំរុញឲ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតនាពេលខាងមុខ មិនយុត្តិធម៌៕