ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​ឡើងវិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣


អ្នកតវ៉ាដើរកាត់​សាលាក្រុង​ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
អ្នកតវ៉ាដើរកាត់​សាលាក្រុង​ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

នៅ​មុន​ដាច់​ឆ្នាំ​ ២០២២​ នេះ​ សកម្មជន​ និង​សាច់​ញាតិ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​រួម​គ្នា​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាលបើក​លម្ហ​សេរីភាព​ និង​នយោបាយ​ឡើង​វិញ​ តាមរយៈ​ការ​ស្នើ​ឲ្យ​តុលាការ​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទម្លាក់​ចោលការ​ចោទ​ប្រកាន់និង​ដោះលែង​សកម្មជន​នយោបាយ​ និង​អ្នក​តស៊ូ​មតិ​ផ្សេង​ទៀត​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

ក្នុង​ការ​អំពាវនាវ​នោះ​ ក្រុម​អ្នក​តវ៉ា​បាន​មក​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ដែល​អាជ្ញាធរបាន​បិទ​មិន​ឲ្យ​អ្នក​តវ៉ា​ណា​ម្នាក់​ចូល​ តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សម្តែង​មតិ​អំពី​រឿង​អយុត្តិធម៌​មួយ​ចំនួន​នៅ​មុខ​ទីលាន​នោះ​ ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នក​មាន​ទស្សនៈ​ផ្ទុយពី​រដ្ឋាភិបាល អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ និង​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព​នៅ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។​

ក្រោយ​ប្រមូល​ផ្តុំ​សម្តែង​មតិ​នៅ​ទល់​មុខ​ទីលាន​ប្រជា​ធិបតេយ្យ​នោះ​ ក្រុម​អ្នកតវ៉ា​ដែល​ក្នុង​នោះ​មាន​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​នាំយក​ញត្តិ​មួយ​ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទី​ដែល​មាន​ការ​ទទួល​យក​ញត្តិ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពី​សំណាក់​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ រ៉ុង ឈុន ​ដែល​ជា​ទីប្រឹក្សា​គ្រូ​បង្រៀន​កម្ពុជា​ផង​នោះ​ បាន​កត់​សម្គាល់​នូវ​ភាព​វិជ្ជមាន​ ចំពោះ​សកម្ម​ភាព​របស់​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​អ្នក​តវ៉ា​បាន​ដើរ​ហែ​ញត្តិ​តាំងពី​ទីលាន​ប្រជាធិបតេយ្យ​ រហូត​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដោយ​គ្មាន​ការ​រាំរាំង​ណា​មួយ​បាន​កើត​ឡើង។ ​

លោក​និយាយ​នៅ​ចំពោះមុខ​ក្រុម​អ្នក​តវ៉ា​ និង​អ្នក​កាសែត​ថា៖​ «លើស​នេះ​ទៅ​ទៀត​ ក៏​សុំ​អរគុណ​ទៅ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​យើង​ធ្វើ​ការ​ដង្ហែ​ញត្តិពី​ទីលាន​ប្រជាធិបតេយ្យ​មក​ដល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​ ហើយ​សុំ​ឲ្យ​បន្ត​វប្បធម៌​នេះ​តទៅ​ទៀត​ ហើយ​បើក​លម្ហ​សេរីភាព​ឲ្យ​បាន​ពេញ​លេញ​មុន​ពេល​បោះឆ្នោត​ ឆ្នាំ​ ២០២៣​ នេះ​ ក៏​ដូច​ក្រោយ​បោះឆ្នោត​ហើយ​ដែរ»។​

មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ប្រគល់​ញត្តិពីរជូន​មន្ត្រី​មួយរូបនៅ​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី​ និង​មន្ត្រីតុលាការ​នៅ​មុខសាលាដំបូង​រាជធានីភ្នំពេញ​ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន​ ប្រគល់​ញត្តិពីរជូន​មន្ត្រី​មួយរូបនៅ​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី​ និង​មន្ត្រីតុលាការ​នៅ​មុខសាលាដំបូង​រាជធានីភ្នំពេញ​ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

លោក​បន្ថែម​ថា៖ ​«យើង​សង្ឃឹម​និង​ជឿជាក់​ថា​ តុលាការ​ក៏ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​មើល​ញត្តិ​នេះ​ ហើយ​នឹង​ធ្វើ​ការ​ពិចារណា​ និង​ដោះលែង​ពួក​សកម្មជន​នយោបាយ​ សកម្មជន​សង្គម​ មេ​សហជីព ​និង​ក្រុម​គ្រូ​បង្រៀន​ មាន​ដូច​ ស៊ុន ធន់​ កែវ​ ថៃ​ ឈឹម ស៊ីថរ ​សេង ធារី​ កាក់ កុម្ភារ អៀ ចាន់ណា ។ល។​ និង។ល។ ​ឲ្យ​មាន​សេរីភាព​ បាន​មក​ជួប​កូន​ចៅ​ ប្រពន្ធ​ក្រុម​គ្រួសារ​ឡើងវិញ​ ហើយ​នឹង​ចូលរួម​ប្រកប​របរ​ទៅ​តាម​បំណង​ប្រាថ្នា​ ចៀសវាង​បន្ត​ដាក់គាត់​តទៅ​ទៀត»។ ​

នៅ​ពេល​ចេញ​មក​ទទួល​ញត្តិពី​អ្នក​តវ៉ា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ៣០​ ខែ​ធ្នូ​នេះ ​មន្ត្រី​តុលាការ​រាជ​ធានី​ភ្នំពេញ​មួយ​រូប បាន​លើក​ឡើង​ថា ​លោក​នឹង​បញ្ជូន​ញត្តិ​ទៅ​ចៅក្រម​ទទួល​បន្ទុក​ចាត់​ការ​សំណុំ​រឿង​ ដែល​ជា​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​តវ៉ា។ ​

ដោយ​ឡែក​លោក​ គង់ ចំរើន ​បាន​ត្រឹម​ចុះ​ហត្ថលេខា​ទទួល​យក​ញត្តិពី​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​តុលាការ​រាជ​ធានី​ភ្នំពេញ​ ក្រោយ​មាន​ការ​សម្រប​សម្រួល​រវាង​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា​ និង​លោក ​រ៉ុង ឈុន​ ក្រោម​វត្តមាន​របស់ព្រះ​រាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ សេង ហៀង។​

ភាគី​អ្នក​តវ៉ា​គឺ​លោក ​រ៉ុង ឈុន​ មាន​បំណង​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​កន្លែង​ទទួល​ពាក្យ​បណ្តឹង​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ តែ​ត្រូវ​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា មិន​អនុញ្ញាត​ដោយ​ស្នើ​សុំ​ឲ្យ​អ្នក​តវ៉ា​ប្រើ​មធ្យោ​បាយ​តាម​យាន​ជំនិះ។ ក្រោយ​មក​លោក ​រ៉ុង ឈុន​ បាន​ស្នើ​ឲ្យ​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​មក​ទទួល​ញត្តិ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ​ ហើយ​រំសាយ​ការ​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ។​

បើ​តាម​ញត្តិ​ដែល​សរសេរ​ក្រោម​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ហើយ​ដែលត្រូវ​បាន​ដាក់​ជូន​តុលាការ​រាជធានី​ភ្នំពេញ ​និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្នាក់​ដឹក​នាំ​សមាគម​ សហព័ន្ធ​ សហភាព​ និង​តំណាង​ស្រ្តី​ថ្ងៃ​សុក្រ​ បាន​កត់​សម្គាល់​ឃើញ​ថា​ «អាជ្ញា​ធរ​កម្ពុជា​រំលោភ​នីតិវិធី​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ សកម្ម​ជន​សង្គម​ និង​មេ​សហជីព ​ដោយ​គ្មាន​ដីកា​បង្ហាញ​ជាក់​លាក់​ដល់​ពួក​គាត់​មុន​នាំ​ខ្លួន»។​

ញត្តិ​ដដែល​ ដែល​ចុះ​ហត្ថុលេខា​ដោយ​លោក ​រ៉ុង ឈុន​ និង​អ្នក​តស៊ូ​មតិ​មួយ​ចំនួន​ទៀត ​បាន​លើក​ឡើង​បន្ត​ទៀត​តាម​ន័យ​ដើម​ថា៖​ «ពួក​គាត់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ញុះញង់​មិន​ឲ្យ​យោធិន​ស្តាប់​បង្គាប់។​ ការ​ចោទ​នេះ​ហួស​ពី​ការ​ពិត​ ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់​ដាក់​បន្ទុក​គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពួក​គាត់។ ​ដោយ​ឡែក​កញ្ញា​ ឈឹម ស៊ីថរ​ មិន​បាន​គេច​វេស​ និង​មិន​បាន​រំលោភ​បម្រាម​ ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ»។​

ក្រុម​អ្នក​ហែ​ញត្តិ​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បើក​លម្ហ​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ ដើម្បី​បន្ត​ទទួល​បានប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP​ របស់​សហរដ្ឋ​អាមេរិក​និង​ EBA ​របស់​សហភាព​អឺរ៉ុប ២០​ភាគរយ​មក​វិញ​ សម្រាប់​កម្មករ​មាន​ការងារ​ធ្វើ។

អ្នកតវ៉ាមកដល់​សាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកតវ៉ាមកដល់​សាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ពាក់​ព័ន្ធ​នឹង​ការ​បិទ​ទីលាន​ប្រជា​ធិបតេយ្យ​ សកម្មជន​ខ្លះ​ដែល​ចូលរួម​តវ៉ា​នៅ​ថ្ងៃ​សុក្រ​នេះបាន​រិះគន់​ថា​ ជា​ចេតនា​របស់​អាជ្ញាធរ​រាជ​ធានី​ក្នុង​ការ​បិទ​សិទ្ធិ​សេរីភាព​សម្តែងមតិ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​យី សុខសាន្ត​ ដែល​បានឃ្លាំមើល​កា​រប្រមូល​ផ្តុំ​របស់​សកម្មជនកាល​ពីព្រឹកថ្ងៃ​សុក្រនេះ​ ប្រាប់វីអូអេ​ថា​ វិធាន​ការ​របស់​អាជ្ញាធរ​រាជធានី​ដែល​បិទ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ហាក់​ដូច​ជា​ធ្វើ​តាម​អារម្មណ៍​បុគ្គល​ និង​មិន​បាន​ផ្អែក​លើ​គោល​ការណ៍​នីតិរដ្ឋ។ ​

លោក​ថ្លែង​ថា៖ ​«ចំណុច​នេះ​ ខ្ញុំ​យល់​ថា វាគ្រាន់​តែ​ជា​គេ​ហៅ​ថា​ វាជា​មិន​មែន​ជាគេ​ហៅ​ថា​ គោល​ការណ៍​នៃ​នីតិរដ្ឋ។ អា​នេះ​ វាជា​រឿង​បុគ្គល។​ បុគ្គល​មួយៗដែល​គាត់​មាន​អារម្មណ៍​ថា​ ថ្ងៃ​ណា​គាត់​ចង់​បិទ​ គាត់​បិទ​ទៅ។​ ថ្ងៃ​ណា​គាត់​ចង់​បើក​ គាត់​បើក​ទៅ។ ហើយ​ពេល​ខ្លះ​ ធ្វើ​មួយ​ពាន់​នាក់​ គាត់​អត់​ខ្លាច​ មក​ខ្លាច​ពីរ​បីរយ​នាក់។​ ចំណុច​ហ្នឹង​ហើយ​ដែល​ជា​ហាក់​ដូច​ជាវា​ជា​ឆន្ទៈ​បុគ្គល។​ វាមិន​មែន​ជា​យក​នីតិរដ្ឋ​ គោល​ការណ៍​ប្រជាធិបតេយ្យ​មក​អនុវត្ត​ទេ»។ ​

អភិបាល​រង​រាជធានី​ភ្នំពេញ​មួយ​រូប​ទៀត​ គឺ​លោក​ កើត ឆែ​ ប្រាប់​វីអូអេ​ថា អ្នក​រៀប​ចំ​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​សុក្រ ​បាន​បំពាន​លើ​កំណត់​ហេតុ​មួយ​ ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​សាលា​រាជធានី​ថា ​នឹង​មិន​មាន​ការ​ប្រមូល​ផ្តុំ​ តែ​ក្រោយ​មក​នៅ​បន្ត​ធ្វើ​ដដែល។​

លោក​ថ្លែង​ថា៖ ​«បាន​ស៊ីញ៉េ​ជាមួយ​គេ​ថា ​ផ្អាក​អីចឹង​ហើយ​ ស្រាប់​រួច​ធ្វើ​ឡើង​វិញ​ ដោយ​អត់​ជូន​ដំណឹង​ទៅ​គេ​ឡើង​វិញ​អ៊ីចឹង។ ​តើ​គាត់​មានយល់​ឃើញ​យ៉ាង​ម៉េច​ដែរ?​ សួរ​ទៅ​គាត់​អ៊ីចេះ​ ហ្នឹង​ហើយ»។

គួរ​បញ្ជាក់​ថា​ ការ​ប្រមូល​ផ្តុំ​តវ៉ា​ជំទាស់​នឹង​ការ​ចាប់ឃុំ​ខ្លួន​សកម្មជន​អតីត​គណបក្ស​ជំទាស់​ ក៏ដូច​ជា​មេដឹកនាំ​សហជីពនេះ​ កើត​ឡើង​ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អតីត​សកម្ម​ជន​ និង​មេ​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​៣៦ នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ «យ៉ាង​តិច​ ៥ ​ឆ្នាំ»។ ​អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះ​ ក៏ត្រូវ​តុលាការហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ផង​ដែរ៕

XS
SM
MD
LG