លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានលើកឡើងថា លោកមិនដោះលែងមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី បានឡើយ ដោយសារតែមានអន្តរាគមន៍ពីបរទេស។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករក្នុងខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែមិថុនា លោក ហ៊ុន សែន លើកឡើងថា ជនជាប់ឃុំរូបណាដែលត្រូវបានបរទេសស្នើសុំឱ្យដោះលែង គឺអ្នកជាប់ឃុំនោះនឹងនៅតែបន្តជាប់ក្នុងពន្ធនាគារ។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយថា កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារនោះ នឹងមិនត្រូវបានដោះលែង ឬក៏បន្ធូរបន្ថយទោសឡើយ ពីព្រោះមានអន្តរាគមន៍ពីបរទេស។
លោកថ្លែងថា៖ «អប្សរាក្បាលត្រងោល សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺកុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះបើមានអន្តរាគមន៍កុំលើកលែងតែម្តងទុកឱ្យជាប់គុកដល់ថ្ងៃចុងក្រោយតែម្តង ព្រោះវាអត់មានប្រយោជន៍ទេ។ អាហ្នឹងដើម្បីយើងស៊ីសងគ្នានៅលើតុ! ឱ្យច្បាស់ បើមកស្រុកខ្មែរឱ្យចំជាខ្មែរ»។
លោក ហ៊ុន សែន បានហៅកញ្ញា សេង ធារី ថា «អប្សរាក្បាលត្រងោល» ដោយសារកញ្ញាធ្លាប់បង្ហាញមុខនៅតុលាការ ដោយស្លៀកពាក់ជាអប្សរា ហើយកោរសក់ផងដែរ។
ក្នុងអំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក Joe Biden សេតវិមានបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «លោកប្រធានាធិបតី Biden បានអំពាវនាវឱ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកាំង»។ ប៉ុន្តែអ្វីដែលសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានបានអះអាងនោះត្រូវបានលោក ហ៊ុន សែន ច្រានចោលថា លោក Biden មិនបាននិយាយពីបញ្ហានេះជាមួយលោកឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។ កន្លងមក ស្ថានទូតអាមេរិកតែងតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយផ្សេងៗ រួមទាំងកញ្ញា សេង ធារី ផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា សហគមន៍អន្តរជាតិស្នើសុំរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំទាំងនោះ ជាពិសេសកញ្ញា សេង ធារី ដោយសារតែយល់ថា ការចាប់ខ្លួនពួកគេពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងការអនុវត្តច្បាប់។ លោកបន្ថែមថា វាអាចមានការដាក់សម្ពាធ ឬក៏ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖ «នេះជារឿងមួយដែលយើងទាំងអស់គ្នាមានការព្រួយបារម្ភ ហើយយើងនៅតែទទូចដដែលឱ្យរដ្ឋាភិបាលលោកពិចារណាទៅលើសំណើររបស់សហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានជួយជ្រោមជ្រែងរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាយើងមានការដឹកនាំមួយប្រកបទៅដោយប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការគោរពសិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
បន្ទាប់ពីត្រូវបានឃុំខ្លួន កាលពីខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី និងមេធាវីបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ។ ប៉ុន្តែមកទល់ពេលនេះគេនៅមិនដឹងនៅឡើយទេថា តើសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើសំណុំនេះនៅពេលណាឡើយ៕