ក្រោយដំណើរទស្សនកិច្ចលើកទី ១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីសប្តាហ៍មុន អ្នកជំនាញកិច្ចការនយោបាយអន្តរជាតិបានលើកឡើងថា នេះគឺជាចំណុចចាប់ផ្តើមនៃការកសាងទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន សែន បានបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គ្រាឯកអគ្គរដ្ឋទូតបច្ចុប្បន្ន គឺលោក Patrick Murphy ជិតផុតអាណត្តិរបស់លោក។ រូបថតរបស់លោក ហ៊ុន សែន អង្គុយជិតឯកអគ្គរដ្ឋទូតអាមេរិកអមដោយមន្ត្រីផ្សេងទៀតត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ស្ថានទូតអាមេរិកបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។
ប៉ុន្តែលោក ហ៊ុន សែន មិនបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកឡើយ។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចលើកទី ១ របស់លោកនាយករដ្ឋមន្ត្រីទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោយហេតុថា សហរដ្ឋអាមេរិកចាប់ផ្តើមយល់ពីកម្ពុជាច្រើនជាងមុន ក្រោយកម្ពុជាបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅអង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «ដូច្នេះនេះគឺជាចំណុចចាប់ផ្តើមថ្មីវិជ្ជមាន ហើយសង្ឃឹមថា ការយល់គ្នានឹងបន្តស្វែងយល់គ្នាទៅវិញទៅមកនៅបន្ត ហើយទំនាក់ទំនងនឹងល្អប្រសើរជាងពេលបច្ចុប្បន្ននេះ»។
បើតាមលោក ឈាង វណ្ណារិទ្ធ ការដែលសហរដ្ឋអាមេរិកងាកមកទំនាក់ជាមួយកម្ពុជារាងសកម្មភាពជាងមុន បង្ហាញថា សហរដ្ឋអាមេរិកចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនមកកាន់កម្ពុជា ដោយសារតែកម្ពុជាជាតួអង្គសំខាន់មួយនៅក្នុងតំបន់មេគង្គ និងអាស៊ាន ជាពិសេសសហរដ្ឋអាមេរិកចង់កាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងតំបន់ជារួម និងកម្ពុជាដោយឡែក។
ប្រធានវិទ្យាស្ថានរូបនេះបញ្ជាក់ថា៖ «អ៊ីចឹងគោលនយោបាយអាមេរិកមកកម្ពុជា វាដូចជាឆ្លុះបញ្ចាំងពីគោលនយោបាយរបស់សហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេគង្គហ្នឹងដែរ គឺមានការប្រែប្រួលឥរិយាបថមួយចំនួន ហើយមកលក្ខណៈជាស្វែងយល់គ្នាទៅវិញទៅមកឱ្យបានច្រើន ជាពិសេសផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចហ្នឹង»។
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពរកាំរកូសច្រើន តួយ៉ាងដូចជាការចោទប្រកាន់ថា កម្ពុជានឹងផ្តល់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ជាទីតាំងមូលដ្ឋានទ័ពចិន ដែលកំពុងជួយធ្វើទំនើបកម្មមូលដ្ឋានមួយនេះ។ សំណុំរឿងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងក៏មានការចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយគម្រោងផ្តួលរំលំរដ្ឋាភិបាលផងដែរ។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជានិងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីម៉ែលថា ជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយឯកអគ្គរដ្ឋទូត នៅក្នុងស្ថានទូតអាមេរិកកំពុងតែធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោករំពឹងថា ពួកគេនឹងធ្វើទៅតាមអ្វីដែលពួកគេបាននិយាយគ្នា ដើម្បីប្រយោជន៍សាធារណជន។
បើតាមសាស្ត្រាចារ្យរូបនេះ វាមិនអាចប្រៀបធៀបគ្នាបានឡើយជាមួយដំណើរទស្សនកិច្ចនៅសេតវិមាន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រូវបានអញ្ជើញទៅជាលក្ខណៈទេ្វភាគីឡើយ គឺធ្វើឡើងត្រឹមតែជាសមាជិកអាស៊ានតែប៉ុណ្ណោះ។
គ្រាភាគីទាំងពីររំពឹងចង់បានទំនាក់ទំនងល្អ លោក អៀ សុផល បានផ្តល់ជាយោបល់ថា វាអាស្រ័យទៅលើឥរិយាបថរបស់ភាគីទាំងពីរ។ ប្រសិនបើកម្ពុជាមានតម្លាភាពជាងមុនទៅលើបញ្ហារាម វានឹងធ្វើដំណើរទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។ នៅលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កម្ពុជាបានឈានដល់ចំណុចដ៏អាក្រក់ដែលពិបាកត្រឡប់ក្រោយ។
សាស្ត្រាចារ្យរូបនេះបញ្ជាក់ក្នុងន័យដើមថា៖ «ការកាត់ទោសជាទ្រង់ទ្រាយធំទៅលើសកម្មជនបក្សប្រឆាំងចំនួន ៣៦ នាក់ជារឿងដ៏គួរឱ្យអស់សំណើច ហើយការដាក់ពន្ធនាគារកញ្ញា សេង ធារី ជាការអាប់យស។ ជាការពិត សហរដ្ឋអាមេរិកអាចធ្វើបានច្រើនសម្រាប់ប្រយោជន៍កម្ពុជា រួមទាំងការលើកបញ្ហាលុបចោលបំណុលយកមកពិភាក្សាទៅលើតុ ឬក៏សងវិញតាមរយៈមូលនិធិអប់រំ ដូចទៅនឹងអ្វីដែលបានធ្វើកន្លងមកជាមួយប្រទេសវៀតណាម...»។
សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា ការដែលអាមេរិកចាប់ផ្តើមមានទំនាក់ទំនងជាមួយកម្ពុជាញឹកញាប់ជាងមុន ដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពមិនល្អជាមួយគ្នាជាយូរលុងណាស់មកហើយ។ ហើយការដែលថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈវិជ្ជមាន ត្រូវបាននិយាយជាច្រើនដងមកហើយដែរ។ លោកបន្តថា ការដែលមានជំនួបជាមួយគ្នានៅស្ថានទូតអាមេរិកអាចនិយាយបានថា វាជាការរីកចម្រើននៃទំនាក់ទំនង។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ស្ថានទូតអាមេរិក ជាសញ្ញាដ៏ល្អនិងជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ ការមិនយល់គ្នារវាងកម្ពុជានិងអាមេរិកកន្លងមកគឺពាក់ព័ន្ធជាមួយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសបញ្ហានៅរាម។
លោកថ្លែងថា៖ «វត្តមានរបស់សម្តេចជាលើកទី ១ ហើយជាប្រវត្តិសាស្ត្ររបស់កម្ពុជានិងសហរដ្ឋអាមេរិកហ្នឹងគឺជាការចាប់ផ្តើមពង្រឹងបន្ថែមទៀតអំពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក»។
លោក លឹម ឆាយ ប្រធានគ្រប់គ្រងកម្មវិធីនយោបាយការបរទេសនៃមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung Cambodia) ប្រចាំនៅកម្ពុជា ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចនេះជាការកម្រ បើទោះជាមិនមានដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំដ៏ដោយ។
បើតាមលោក លឹម ឆាយ អាមេរិកបានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលការគាំទ្រចំពោះភាពជាប្រធានអាស៊ាននេះបង្ហាញពីការប្តេជ្ញាចិត្តសាជាថ្មីរបស់អាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍នៅក្នុងក្របខណ្ឌអាស៊ាន។
លោក លឹម ឆាយ បញ្ជាក់ក្នុងសារជាអក្សរតាមតេឡេក្រាមថា៖ «អាមេរិកបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (Comprehensive Strategic Partnership-CPS) វាកាន់តែគូសបញ្ជាក់ឲ្យឃើញចំពោះការចូលរួមរបស់អាមេរិកក្នុងតំបន់នេះ មិនឲ្យចាញ់ចិននោះឡើយ ដោយចិនបានក្លាយជាដៃគូ CPS តាំងពីឆ្នាំមុន។ ក្រៅពីកិច្ចការតំបន់ អាមេរិកក៏ចង់បង្ហាញពីការទាមទារឲ្យកម្ពុជាបើកចំហលម្ហនយោបាយបន្ថែមទៀត ដោយក្នុងនោះរួមមានរឿងក្ដីលោក កឹម សុខា ដែលគេរំពឹងថា នឹងបញ្ចប់មុនការបោះឆ្នោតខិតជិតមកដល់»។
លោក លឹម ឆាយ បន្តថា កម្ពុជាកំពុងតែបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមិនដើរទៅតាមគោលនយោបាយដោយពឹងផ្អែកតែទៅលើចិននោះឡើយ តាមរយៈការបង្កើតទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច ដែលលោកថា នេះជាសញ្ញានៃការអនុវត្តគោលនយោបាយការបរទេសចម្រុះពណ៌។
លោកបន្តថា៖ «ខ្ញុំគិតថា ទោះក្រោមរដ្ឋាភិបាលណាក៏ដោយ ក៏កម្ពុជាមិនចង់បាត់បង់ទំនាក់ទំនងដ៏ល្អជាមួយមហាអំណាចអាមេរិកនោះទេ ប៉ុន្ដែការធ្វើឲ្យទំនាក់ទំនងទ្វេភាគីនេះកាន់តែប្រសើរនោះ វាតម្រូវឲ្យមានការអត់ធ្មត់ច្រើន ការយល់ពីគ្នាឲ្យកាន់តែច្បាស់ និងការសម្រុះសម្រួលគ្នាពីសំណាក់ភាគីទាំងសងខាង»៕