មនុស្សម្នានៅជុំៗ អែបមាត់ផ្លូវដើរចូលទៅក្នុងអគារលាងឈាមមួយនៅទីក្រុងភ្នំពេញក្នុងមន្ទីរពេទ្យព្រះកេតុមាលា។ ពួកគេភាគច្រើនជាគ្រួសារ ឬសាច់ញាតិរបស់អ្នកជំងឺ។ ពួកគេរង់ចាំអ្នកជំងឺដែលកំពុងសម្រាន្តលើគ្រែពេទ្យក្នុងបន្ទប់លាងឈាម។
ក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកជំងឺទាំងនោះ ដែលពីមុនមកពួកគេមិនដែលស្គាល់គ្នាទេ តែមកអង្គុយជជែកគ្នាអំពីជីវិត។ គេអាច ឮពាក្យពេចន៍ដ៏គួរឲ្យសោកសង្រែងមួយចំនួនអំពីអត្ថន័យនៃជីវិតចុងក្រោយហាក់ដូចជាពុំមានសង្ឈឹម។ ពួកគេបានលក់អស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកជំងឺបានបន្តលាងឈាមព្យាបាលជំងឺខូចតម្រងនោម (ឬដែលគេស្គាល់ថា ជំងឺខូចក្រលៀន)។ តែពួកគេគ្មានប្រាក់គ្រប់គ្រាន់ដើម្បីឲ្យអ្នកជំងឺបានវះកាត់ប្តូរក្រលៀននោះទេ លើកលែងតែអ្នកដែលមានទ្រព្យសម្បត្តិច្រើនលើសលប់។
ពួកគេសន្ទនាគ្នា៖
«លក់ផ្ទះ លក់ដីហើយជំងឺនេះ! ដល់អស់ពេលណា ចប់ពេលហ្នឹងទៅ! តែឈឺវឹប ធ្ងន់ ហើយទៅ គឺអាជំងឺហ្នឹងហើយ»។
«ហើយបើក្រគ្មានលុយលាងក៏អត់រស់ដែរ។ ក្រគឺអត់រស់ទេ»។
ពួកគេនិយាយសំដៅជំងឺខូចតម្រងនោមថាជា«ជំងឺដែលលក់ទ្រព្យសម្បត្តិគ្មានសល់»។
ដោយឡែក អ្នកជំងឺដែលកំពុងសម្រាន្តនៅលើគ្រែពេទ្យវិញ ដៃរបស់ពួកគេនិមួយៗបន្តោកដោយបំពង់បញ្ជូនឈាម ភ្ជាប់ទៅម៉ាស៊ីនច្រោះដើម្បីលាងសម្អាតឈាម។ពួកគេត្រូវចំណាយពេលយ៉ាងហោចណាស់ជាង៤ម៉ោង រាល់ពេលលាងឈាមម្តងៗ។ គេមានអការៈមើលទៅហាក់ដូចជាអស់កម្លាំងខ្លាំង ដូច្នេះភាគច្រើនពួកគេសម្ងំគេង។
អ្នកស្រី ឡាន់ ស៊ុនណារ៉ា វ័យ៦៣ឆ្នាំ ជូនស្វាមីអ្នកស្រីមកលាងឈាមជាប្រចាំ ៣ដង ក្នុងមួយសប្តាហ៍។ អ្នកស្រីមានផ្ទះនៅខេត្តកំពត តែត្រូវចាកចេញពីផ្ទះមកជួលបន្ទប់នៅទីក្រុងភ្នំពេញ ព្រោះស្វាមីអ្នកស្រីត្រូវលាងឈាមជាប្រចាំ។ អ្នកស្រីក្រៀមក្រំ តែព្យាយាមបន្តខ្នះខ្នែងឲ្យស្វាមីខ្លួនបានទទួលការព្យាបាល បើទោះជាអស់រយៈពេលជាង៥ឆ្នាំមកហើយ។
អ្នកស្រីប្រាប់វីអូអេ ដោយសំឡេងអួលដើមកយ៉ាងដូច្នេះថា៖
«អស់សង្ឃឹមហើយកូន។ ៥ឆ្នាំនេះ ម៉ែលក់ផ្ទះអស់ហើយ។ ឥឡូវយើងមានប្រាក់ចូលនិវត្តបន្តិច គ្រាន់តែមកលាងទេ កូន។ គេមិនឲ្យជំពាក់ទេ។ ល្មមសុំកូនបានម្នាក់បន្តិចៗ។ មានអីទៀតកូន បើ៥ឆ្នាំហើយ»!
អ្នកជំងឺតម្រងនោមដទៃទៀត រួមនឹងសាច់ញាតិ មានរឿងរ៉ាវប្រហាក់ប្រហែលគ្នា គឺពួកគេត្រូវដោះស្រាយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការព្យាបាលជំងឺនេះ។ ស្របពេលដែលចំនួនប្រជាជនកម្ពុជាដែលមានជំងឺតម្រងនោមកំពុងកើនឡើងនោះ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់កម្ពុជានៅលើផ្នែកនេះនៅមិនទាន់ត្រៀមខ្លួនជាស្រេចនៅឡើយទេ។
នៅក្នុងប្រទេសកម្ពុជា គេពុំអាចវះកាត់ប្តូរតម្រងនោម ឬក្រលៀននៅឡើយទេ។ ដូចនេះវិធីសាស្ត្រដែលគេអាចធ្វើបានគឺការលាងឈាម។ មជ្ឈមណ្ឌលលាងឈាមនៅមានចំនួនតិចតួច ហើយអ្នកឯកទេសជំងឺតម្រងនោមនៅមានកម្រិតតិចតួច។
វេជ្ជបណ្ឌិតចាន់ សុវណ្ណឌី អ្នកឯកទេសព្យាបាលជំងឺតម្រងនោម និងជាអនុប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាដែលមានសមាជិក១១នាក់ បានឲ្យដឹងថា អាត្រាអ្នកកើតជំងឺតម្រងនោមបានកើនឡើងខ្លាំង ហើយនៅកម្ពុជា កត្តានាំមុខដែលឲ្យវិវត្តជាជំងឺតម្រងនោមនេះគឺជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់(ឬលើសឈាម)។
«ស្រុកគេក៏មានដូចគ្នាដែរ តែគ្រាន់តែថា អត្រានៃការវិវត្តនឹងវាតិច បើយើងគិតតាមភាគរយ។ តែបើស្រុកខ្មែរយើង គឺអ្នកជំងឺទឹកនោមផ្អែម ដូចខ្ញុំថា ជំងឺទឹកនោមផ្អែមជាកត្តាប្រឈមមួយវិវត្តទៅជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃហ្នឹង។ វាវិវត្តទៅច្រើន ហើយលឿន។ អីចឹងហើយបានជាអាត្រាអ្នកលាងឈាមរបស់យើងកើនឡើង។ ឡើងហ្នឹង ឡើងខ្លាំងមែនទែន គួរឲ្យកត់សម្គាល់»។
នៅក្នុងឆ្នាំ២០១៧ ចំនួនអ្នកលាងឈាមដោយសារតម្រងនោមខូច ឬខ្សោយមានប្រមាណ៦០០នាក់ ទូទាំងប្រទេស។ នេះបើតាមលោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី។
លោកបានឲ្យដឹងទៀតថា ចំនួននេះគឺកើនឡើងប្រមាណ ចន្លោះពី១០ទៅ២០ភាគរយពីឆ្នាំ២០១៦។ តែទោះជាយ៉ាងណាក៏ដោយ លោកប្រាប់វីអូអេថា ទិន្នន័យនេះគឺគ្រាន់តែជាការអង្កេតតាមដានជាទូទៅ លើចំនួនអ្នកដែលបានទទួលការសម្រាកព្យាបាលនៅតាមមជ្ឈមណ្ឌលនានាតែប៉ុណ្ណោះ។
ប្រជាជនក្រីក្រមួយចំនួនទៀតដែលត្រូវការការព្យាបាលជំងឺតម្រងនោមមិនមានលទ្ធភាពទទួលបានការព្យាបាលទេ។ មិនតែប៉ុណ្ណោះ ពួកគេមួយចំនួនមិនដឹងថា ពួកគេមានជំងឺតម្រងនោមទេ ព្រោះជំងឺនេះពុំបញ្ចេញរោគសញ្ញាអ្វីគួរឲ្យសង្ស័យនោះទេ រហូតដល់ដំណាក់កាលស្ទើរចុងក្រោយទៅហើយទើបដឹង។ ដូច្នេះហើយទើបគ្រូពេទ្យ និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រហៅជំងឺនេះថា ជា«ឃាតកស្ងប់ស្ងាត់»។
ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយនៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៥ បានធ្វើតេស្តអ្នកជំងឺជិត១០០០នាក់នៅកម្ពុជា ដែលពុំមានប្រវត្តិ ឬរោគសញ្ញានៃជំងឺតម្រងនោមទេ។ គេរកឃើញថា មានយ៉ាងហោចណាស់១ភាគ៣នៃអ្នកទាំងនោះមានម៉ូលេគុលប្រូតេអ៊ីន ឬឈាមនៅក្នុងទឹកនោម ដែលជារោគសញ្ញាសម្គាល់នៃបញ្ហាតម្រងនោម។ ជាសរុប ការតេស្តទឹកនោមទូទៅបង្ហាញថា មានជាងពាក់កណ្តាលមានពីភាពមិនប្រក្រតី។
អ្នកស្រាវជ្រាវវេជ្ជសាស្ត្រនេះបានសន្និដ្ឋានថា៖
«កម្ពុជាត្រូវការជាចាំបាច់ និងឲ្យបានលឿននូវកម្មវិធីតាមដានពិនិត្យសុខភាពក្នុងសហគមន៍ ដោយស៊ីជម្រៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺតម្រងនោមដើម្បីបង្ការការខូចតម្រងនោមដំណាក់កាលចុងក្រោយ»។
ចំណែកឯការស្រាវជ្រាវដោយឡែកមួយទៀត នៅឆ្នាំ២០១៥ដែរបានប៉ាន់ប្រមាណថា ជិត៤០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាបានឈានទៅដល់ការខូចតម្រងនោម គឺសរុបជិត១០ម៉ឺននាក់។
អ្នកស្រាវជ្រាវរបាយការណ៍នេះបានសរសេរថា លទ្ធផលនៃការស្រាវជ្រាវនេះ សង្កត់ធ្ងន់ទៅលើ«សារៈសំខាន់នៃកម្មវិធីតាមដានពិនិត្យសុខភាពនៅក្នុងប្រទេសខ្វះខាតធនធាន ដូចជាកម្ពុជាជាដើម ដែលប្រព័ន្ធសុខាភិបាលនៅមានកម្រិតក្នុងការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុដែលជាកត្តាសំខាន់ជាសាកល ក្នុងការទទួលបានការព្យាបាលតាមរយៈការថែទាំតម្រងនោម(ដែលរួមទាំងការលាងឈាមជាដើម)»។
សំណេរស្រាវជ្រាវបន្ថែមថា៖
«នៅប្រទេសទាំងនោះ អ្នកដែលមានអាការៈខូចតម្រងនោមដំណាក់កាលចុងក្រោយ [ខ្សោយតម្រងនោមរ៉ាំរ៉ៃ] ភាគច្រើនប្រឈមនឹងការស្លាប់ក្រោយពីកើតជំងឺនេះ»។
លាងឈាមនិងមិនលាងឈាមនៅតែលំបាក
«កម្មវិធីតាមដានពិនិត្យសុខភាពក្នុងសហគមន៍»បានលើកឡើងថា ការស្រាវជ្រាវទាំងនោះនៅមិនទាន់មានជាក់ស្តែងទេនៅកម្ពុជា។ បញ្ហាផ្សេងទៀតនោះគឺការទទួលបានការព្យាបាលថែទាំតម្រងនោមតាមរយៈការលាងឈាមតែម្តងគឺនៅមានភាពខ្សត់ខ្សោយ (ខុសពីប្រទេសក្បែរខាងគឺនៅឯប្រទេសថៃ ដែលអ្នកជំងឺខូចតម្រងនោមក៏មានចំនួនខ្ពស់ដែរ ក៏ប៉ុន្តែគេមានកម្មវិធីធានារ៉ាប់រងជាលក្ខណៈសាកលលើការលាងឈាម គឺការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ឬការចាយវាយដើម្បីទទួលបានសេវាព្យាបាលថែទាំសុខភាពរបស់អ្នកជំងឺតម្រងនោម)។
តួនាទីរបស់តម្រងនោមគឺការបន្សុទ្ធឈាម ដោយត្រងចេញនូវជាតិពុល។ នៅពេលដែលតម្រងនោមដំណើរការមិនល្អ អ្នកជំងឺអាចទទួលយកជម្រើសលាងឈាម ដែលជាប្រតិបត្តិការមួយធ្វើឡើងដោយការប្រើប្រាស់ម៉ាស៊ីនបូមឈាមតាមបំពង់ចេញពីរាងកាយ ហើយបន្សុទ្ធ រួចបញ្ចូលទៅក្នុងរាយកាយវិញ។
ការលាងឈាមមានតម្លៃថ្លៃ ហើយចំណាយពេលវេលាច្រើន។ ផលប៉ះពាល់របស់វារួមមាន ការហត់អស់កម្លាំង សម្ពាធឈាមចុះទាប និងអាចមានហានិភ័យឆ្លងមេរោគជាយថាហេតុ។
មជ្ឈមណ្ឌលលាងឈាមនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលាមានគ្រែប្រមាណ២០។ អ្នកលាងឈាមម្នាក់ៗត្រូវចំណាយពេលប្រហែល៤ម៉ោង ឬកន្លះថ្ងៃ។ ក្នុងមួយថ្ងៃមជ្ឈមណ្ឌលលាងឈាមអាចផ្តល់សេវាបាន៣វេន មានន័យថា មានអ្នកជំងឺប្រហែល៦០នាក់ក្នុងមួយថ្ងៃអាចទទួលបានការព្យាបាលថែទាំនៅមជ្ឈមណ្ឌលមួយនេះ។ នៅមិនឆ្ងាយពីគ្នានេះ មានមជ្ឈមណ្ឌលលាងឈាមជាស៊ីម នៅក្បែរមន្ទីរពេទ្យកាល់ម៉ែត ដែលមានចំនួនគ្រែប្រហាក់ប្រហែលគ្នា ហើយទទួលលាងឈាមជាវេនដូចគ្នា តាមការណាត់របស់ពេទ្យ។ អ្នកជំងឺម្នាក់ត្រូវលាងយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍។ ទីតាំងលាងឈាមនៅភ្នំពេញ មាន២កន្លែងផ្សេងទៀត ដែលគេស្គាល់ ហើយនៅតាមខេត្តផ្សេងៗមាន៖ ១កន្លែងនៅខេត្តបាត់ដំបង ១កន្លែងនៅខេត្តសៀមរាប និង១កន្លែងនៅក្រុងព្រះសីហនុ។
លោក គង់ សៀត វ័យ៦៨ឆ្នាំ គឺជាអតីតគ្រូបង្រៀនបឋមសិក្សានៅខេត្តកំពត បានឲ្យដឹងថា លោកបានចំណាយប្រាក់ យ៉ាងហោចណាស់១០ម៉ឺនដុល្លារ ហើយក្នុងរយៈ៥ឆ្នាំដើម្បីព្យាបាលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលលោកថា វាវិវត្តពីជំងឺទឹកនោមផ្អែម និងលើសឈាមដែលលោកឈឺ មុនពេលមានជំងឺតម្រងនោម។
ក្រោយលាងឈាម លោកគង់ សៀតអង្គុយសម្រាកនៅលើបង់ក្នុងបរិវេណមន្ទីរពេទ្យ។ លោកថ្លែងប្រាប់វីអូអេថា៖
«មានជំងឺនេះ មិនថា មានលុយ ឬអត់លុយទេ ដឹងតែថា ដល់ថ្ងៃមក ដល់ថ្ងៃមកហើយ។ បើយើងមិនមក វាធ្វើទុក្ខ។ ត្រូវតែមកលាងឈាម ព្រោះយើងអត់នោម។ តែមិនអីចឹង វាស្តុកជាតិពុល វាធ្វើឲ្យយើងហត់អស់កម្លាំង។ វាធ្វើទុក្ខច្រើនសណ្ឋានណាស់ មិនថា ម៉េចទេកូន»។
ប្រពន្ធរបស់លោកគង់ សៀតគឺអ្នកស្រីឡាន់ ស៊ុនណារ៉ា ដែលមកកំដរលោកពេលលាងឈាមម្តងៗ បានអង្គុយជាមួយគ្នា ហើយនិយាយរៀបរាប់ឆ្លងឆ្លើយរឿងរ៉ាវគ្រួសាររបស់ពួកគាត់ ដែលអ្នកស្រីថា ពីដំបូងពួកគេជាគ្រួសារមានជីវភាពថ្នាក់កណ្តាល។ ពួកគាត់ទាំងពីរធ្លាប់ជាគ្រូវបង្រៀនថ្នាក់ទី៦ ដូចគ្នានៅស្រុកកំណើត។ អ្នកទាំងពីរក៏មានដី៣-៤កន្លែង ហើយមានឡានដឹកទំនិញខ្នាតតូច២-៣គ្រឿង ដែលពួកគាត់ប្រើប្រាស់ដើម្បីរកស៊ីផ្តល់សេវាកម្មជួលដឹកជញ្ជូន។
តែភ្លាមៗក្រោយលោកសៀតឈឺ អ្វីៗប្រែប្រួល។ ក្រៅពីលាឈប់ការងារដោយចូលនិវត្តន៍ ពួកគេចាកចេញមកព្យាបាលជំងឺលោកសៀតនៅភ្នំពេញ ចោលផ្ទះ និងកូនស្រីពៅ ដោយជួលបន្ទប់នៅជាយក្រុងដើម្បីងាយស្រួលក្នុងការលាងឈាម ៣ដងក្នុងមួយសប្តាហ៍ ដោយមិនបាច់ទៅមករវាងខេត្តកំពត និងភ្នំពេញ។ ហើយពួកគេលក់អស់ទ្រព្យសម្បត្តិ ដីធ្លី និងឡានដឹកទំនិញ។
ស្ថានភាពអ្នកជំងឺតម្រងនោមនៅតាមបណ្តាខេត្តគឺប្រហាក់ប្រហែលគ្នានឹងគ្រួសារអ្នកទាំងពីរត្រង់ថា ពួកគេត្រូវចំណាយលុយលាងឈាមជាមធ្យម៦០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ខែ ដើម្បីលាងឈាមបានទៀងទាត់ ក្រៅពីនោះមានថ្លៃថ្នាំសង្កូវបន្ថែម ថ្លៃឈ្នួលផ្ទះ និងថ្លៃធ្វើដំណើរទៅផ្ទះនិងមក មជ្ឈមណ្ឌលលាងឈាម ហើយពួកគេមួយចំនួនត្រូវការចំណាយកម្លាំងមនុស្សម្នាក់ទៀតជូនទៅមក ព្រោះពួកគេខ្សោយកម្លាំង។
និយាយអំពីសេដ្ឋកិច្ចកម្ពុជាវិញ ជាមធ្យមពលរដ្ឋម្នាក់រកចំណូលបានប្រមាណជាង១០០ដុល្លារក្នុងមួយខែ។
អ្នកស្រីស៊ុនណារ៉ាប្រាប់វីអូអេបន្តថា៖
«ខ្ញុំធ្លាប់ថា លោកគ្រូ [ពេទ្យ] បើមិនឲ្យជំពាក់ទេមានតែស្លាប់ [ព្រោះ]៥ឆ្នាំហើយណាលោកគ្រូ ខ្ញុំលក់ខ្ទេចខ្ទី។ នៅសល់ចានឆ្នាំងទៀតមិនទាន់លក់។ តែថ្ងៃណាគេមិនឲ្យចូលលាងស្លាប់ប៉ុណ្ណឹង។ យើងអស់លុយហើយ»។
អ្នកស្រីបន្ថែមថា អ្នកដទៃទៀត រួមទាំងក្រុមគ្រូពេទ្យផង ក៏តែងតែជជែករឿងនេះដែរ៖
«ខ្ញុំទៅកន្លែងពេទ្យមុនហ្នឹងក៏គេថា ដែរ។ គេថា អ៊ំអើយ រយៈពេលប៉ុណ្ណឹងហើយ តាមពិតគួរតែត្រូវមានកន្លែងគេសង្គ្រោះយើង មានហិបអីគេអនុគ្រោះខ្លះ។ ខ្ញុំថា មិនដឹងទៅណាទេ ខ្ញុំសុញហើយ។ បើថា ដើរ ជិះរកអស់លុយទៀតហើយ។ ខ្ញុំចង់វង្វេងហើយ ខ្ញុំគិតច្រើនពេក»។
ការវះកាត់ផ្លាស់ប្តូរតម្រងនោមឬក្រលៀនពុំអាចធ្វើបានទេនៅកម្ពុជា
ការព្យាបាលតែមួយគត់ដែលអាចឲ្យអ្នកជំងឺជាសះស្បើយពីខូចតម្រងនោម ខ្សោយតម្រងនោមរ៉ាំរ៉ៃនោះគឺការវះកាត់ផ្លាស់ប្តូរសរីរាង្គតម្រងនោម។ ការវះកាត់នេះគឺការជាការផ្លាស់សរីរាង្គដែលខូច ឬខ្សោយ ដោយជំនួសមកវិញដោយសរីរាង្គតម្រងនោមដែលនៅល្អ អាចបំពេញមុខងារបានធម្មតា។ ការផ្តល់សរីរាង្គតម្រងនោមត្រូវធ្វើឡើងតាមទម្រង់បរិច្ចាគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងវះកាត់ដោយគ្រូពេទ្យឯកទេស។
ក៏ប៉ុន្តែនៅកម្ពុជា ពុំទាន់មានសេវាកម្មផ្លាស់ប្តូរសរីរាង្គនេះទេ ហើយក៏ពុំមានកម្មវិធីតាមដានពិនិត្យ ដើម្បីផ្គូផ្គងរវាងអ្នកបរិច្ចាគ និងអ្នកទទួលសរីរាង្គនោះដែរ។ ដូចនេះ ប្រជាជនកម្ពុជាទូទៅពុំមានលទ្ធភាពព្យាបាលឲ្យជាសះស្បើយឡើយ លើកលែងតែអ្នកមាន ដែលមានសមត្ថភាពចំណាយលុយច្រើនក្នុងការវះកាត់ ដោយរួមទាំងការចំណាយលើថ្លៃយន្តហោះទៅកាន់ប្រទេសឥណ្ឌា ប្រទេសថៃ ឬប្រទេសសិង្ហបុរីជាដើម។
នៅឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់ពុំឲ្យមានការទិញដូរសរីរាង្គដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់។ បញ្ហាកាន់តែស្មុគស្មាញ ព្រោះអ្នកជំងឺពុំអាចទទួលបានការព្យាបាលឲ្យជាសះស្បើយដោយការវះកាត់ផ្លាស់ប្តូរតម្រងនោមដោយស្របច្បាប់បាននោះទេ លុះត្រាគេអាចបញ្ចុះបញ្ចូលនរណាម្នាក់ដើម្បីផ្តល់សរីរាង្គដោយឥតគិតថ្លៃ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ មានក្រុមគ្រូពេទ្យយោធាមួយក្រុមដែលធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលក្នុងនោះមានឧត្តមសេនីយ៍ពីររូបផង ត្រូវបានចាប់ខ្លួន ដោយសារតែបានបង់ប្រាក់ទិញតម្រងនោមពីប្រជាជនកម្ពុជា។ ក្រោមការណែនាំពីក្រុមគ្រូពេទ្យចិន ពួកគេបានធ្វើការវះកាត់ប្តូរតម្រងនោមឲ្យអ្នកជំងឺជនជាតិចិនយ៉ាងច្រើននាក់។
ក្រោយពីករណីនេះត្រូវបានដឹងឮជាសាធារណៈ អាជ្ញាធរបានដកការចោទប្រកាន់ ហើយមន្ទីរពេទ្យក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការប្តូរសរីរាង្គនេះគឺជាផ្នែកមួយនៃកម្មវិធីរបស់ក្រុមគ្រូពេទ្យជនជាតិចិនដើម្បីបណ្តុះបណ្តាលក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់របស់កម្ពុជា។ បួនឆ្នាំក្រោយមក រហូតដល់បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់ធ្វើការវះកាត់ព្យាបាលជំងឺខូចតម្រងនោមដល់ប្រជាជនកម្ពុជាតាមរយៈការវះកាត់ប្តូរតម្រងនោមបាននៅឡើយទេ។
អ្នកឯកទេសជំងឺតម្រងនោម លោកសុវណ្ណឌីបានឲ្យដឹងថា នៅកម្ពុជាគឺមានតែវិធីសាស្ត្រលាងឈាមតែប៉ុណ្ណោះ ដែលអាចថែរក្សាជីវិតអ្នកជំងឺខូចតម្រងនោមបាន។
«យើងនៅមិនទាន់មានពេទ្យដែលអាចដូរតម្រងនោមដែលមានការសិក្សាច្បាស់ទេ ព្រោះយើងមិនទាន់សិក្សាច្បាស់ ហើយ[បច្ចេកទេស]នេះទាក់ទងនឹងពេទ្យវះកាត់។ ហើយក៏យើងធ្វើអត់បានដែរ វាទាក់ទងនឹងច្បាប់។ ដូច្នេះយើងមានតែមួយគឺជួយសង្គ្រោះតាមរយៈការលាងឈាមតែប៉ុណ្ណឹង»។
លោក សាំង សុឥន្ទរិទ្ធ ជាអ្នកកាសែតជើងចាស់នៅកាសែតឌឹ ឃែមបូឌា ដេលីមួយរូបបានរកឃើញថា លោកមានជំងឺតម្រងនោមរ៉ាំរ៉ៃនៅឆ្នាំ២០១៦ ដោយជំងឺតម្រងនោមនេះវិវត្តពីជំងឺទឹកនោមផ្អែមដែលលោកមានអស់រយៈពេលជាច្រើនឆ្នាំ។ លោកត្រូវឈប់ពីការងារជាអ្នកកាសែត ដោយសារតែវាធ្វើឲ្យលោកអស់កម្លាំងខ្លាំង ហើយចំណាយពេលដល់ទៅ២ឬ៣ដង ក្នុងមួយសប្តាហ៍ដើម្បីលាងឈាម។
រហូតដល់សព្វថ្ងៃ លោកលាងឈាមបានជាង២០០ដងហើយ។ លោកប្រាប់វីអូអេថា៖
«កាលមុនពូលាងឈាមហើយបើកឡានមកផ្ទះវិញបាន តែឥឡូវខ្សោយ ខ្សោយដល់ឲ្យកូនបើកជូនមកផ្ទះ[ទើប]បាន»។
លោក សុឥន្ទរិទ្ធទទួលបន្ទុកជាឪពុកមើលថែកូនបីនាក់។ លោកបានព្យាយាមសន្សំប្រាក់ក្នុងរយៈពេល២ឆ្នាំចុងក្រោយដើម្បីឲ្យមានគ្រប់គ្រាន់ល្មមនឹងចំណាយក្នុងការប្តូរតម្រងនោមនៅប្រទេសឥណ្ឌា។ លោកត្រូវការប្រាក់យ៉ាងតិច៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែម។ ប៉ុន្តែដោយគ្មានការងារផង និងត្រូវថែទាំកូន៣នាក់ផង វាលំបាកខ្លាំងសម្រាប់លោក។ ក្តីសង្ឃឹមចុងក្រោយគឺលោកនឹងលក់ដីដែលលោកបានរៀបចំទុកដាក់ និងពឹងពាក់សម្រាប់ពេលចូលនិវត្តន៍។
«ឆ្នាំនេះបើអត់បានទៅទេ គឺខ្ញុំហួសពេលហើយ។ សំខាន់បំផុតខ្ញុំលក់ដីដាច់[...] ព្រោះខ្ញុំចង់ជា។ យើងអត់ចង់លាងឈាមរហូតទេ។ ពីរថ្ងៃទៅពេទ្យៗ។ ទៅម្តង១០០[ដុល្លារ] ៥៥យ៉ាងតូច ដូចយើងដូរទុយោ ចាក់ថ្នាំទៀតបាន១០០»។
វិបត្តិសុខភាពសាធារណនៅក្នុងតំបន់
ជំងឺខូចតម្រងនោម ឬខ្សោយតម្រងនោមរ៉ាំរ៉ៃគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់បំផុតមួយត្រូវតែដោះស្រាយនៅក្នុងតំបន់[អាស៊ី]។
អង្គការសុខភាពពិភពលោកបានឱ្យដឹងថា អត្រាមរណភាពប្រចាំឆ្នាំនៃអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic kidney disease)១០ម៉ឺននាក់នៅតំបន់អាស៊ី កើនឡើងដល់៧៧,៩ភាគរយ ពីឆ្នាំ១៩៩០មកហើយគេប៉ាន់ប្រមាណជាមធ្យមថា មាន៣,៤ភាគរយក្នុងមួយឆ្នាំ។
ជំងឺតម្រងនោមរ៉ាំរ៉ៃនៅអាស៊ីបានកើនឡើង៧៧,៩ភាគរយចាប់តាំងពីឆ្នាំ១៩៩0 ដែលជាមធ្យមគឺ៣,៤ភាគរយក្នុងមួយឆ្នាំ ហើយឡើងដល់ប្រមាណ១០ម៉ឺននាក់។
ការផ្លាស់ប្តូររបៀបរបបរស់នៅ ដែលរងឥទ្ធិពលពីការអភិវឌ្ឍសេដ្ឋកិច្ច ក៏ជាកត្តាមួយ ដែលដឹកមុខទៅរកការប្រឈមនឹងជំងឺនេះផងដែរ ដែលអ្នកស្រាវជ្រាវស្គាល់ថា «ជំងឺដែលកើតឡើងដោយសារភាពសម្បូរបែប»។ ជំងឺរ៉ាំរ៉ៃទាំងនោះគឺកើតឡើងដោយសារបែបបទរស់នៅមិនមានទម្លាប់ល្អ ដូចជាការបរិភោគហួសកម្រិត និងខ្វះការបញ្ចេញថាមពលដែលទាមទារការធ្វើឲ្យកាយសម្បទាមានភាពសកម្ម។
នៅទូទាំងពិភពលោកគឺជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់នេះឯង ដែលជាមូលហេតុចម្បងនៃមូលហេតុផ្សេងទៀតដែលវិវត្តទៅរកជំងឺតម្រងនោមរ៉ាំរ៉ៃ ព្រោះវាបំផ្លាញសរសៃឈាមតូចៗដែលមានសារៈសំខាន់ចំពោះដំណើរការនៃមុខងារតម្រងនោម។
នៅពេលតម្រងនោមចាប់ផ្តើមខ្សោយ ឬខូច វាក៏កាន់តែបន្តឲ្យសម្ពាធឈាមឡើងខ្ពស់ដែរ ដែលវានឹងបង្កើតបញ្ហាបន្ថែមមួយកម្រិតទៀត ប្រសិនបើវាមិនទទួលបានការព្យាបាល។ ប្រជាជនខ្មែរជាច្រើននៅមិនទាន់បានទទួលការថែទាំ ពិនិត្យសុខភាពជាប្រចាំ តាមទម្លាប់ឲ្យទៀងទាត់នៅឡើយទេ។ ហេតុនេះហើយទើប វាជាការពិបាកក្នុងការដឹងថា ខ្លួនមានជំងឺតម្រងនោម នៅដំណាក់កាលដំបូងៗ ហើយពន្យារការព្យាបាលដែលស្ទើរយឺតពេល ដែលខុសគ្នាពីប្រទេសអភិវឌ្ឍន៍។
ឯជំងឺទឹកនោមផ្អែមវិញ ក៏មានអាត្រាកំណើនឡើងខ្លាំងដែរនៅកម្ពុជា។ វាជាជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធអង់ដូគ្រីន ដែលបង្កផលប៉ះពាល់ដំណើរបញ្ជូនជាតិស្ករនៅក្នុងរាយកាយ។ វាក៏បង្កផលវិបាកខូចដល់សរីរាង្គផ្សេងៗ ពិសេសសរីរាង្គតម្រងនោមជាដើម។
អង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការលើផ្នែកសុខភាពគឺអង្គការមណ្ឌលព័ត៌មានអ្នកជំងឺ(MoPoTsyo) ហៅការរីករាលដាលនៃជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជាថា ជាការកើនឡើង«ខ្ពស់ដែលគួរឱ្យភ្ញាក់ផ្អើល» ដោយមើលលើអត្រានៃភាពក្រីក្ររបស់ប្រទេសនេះ ហើយនៅតាមតំបន់មួយចំនួនរាលដាលអាចមានកម្រិតខ្ពស់រហូតដល់១០ភាគរយ។
កាលពីឆ្នាំមុន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ប្រជាជនខ្មែរលើសពី៦០ម៉ឺននាក់នឹងប្រឈមនឹងជំងឺទឹកនោមផ្អែមនៅឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត សុវណ្ណឌីបានឲ្យដឹងថា ស្របពេលដែលប្រទេសនានា និងកម្ពុជាកំពុងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីការជឿនលឿនទៅមុខនោះ បញ្ហាសុខភាពប្រជាពលរដ្ឋក៏អាចប្រឈមទាក់ទិននឹងបំលាស់របៀបរស់នៅ ពិសេសរបបអាហារ។
«ស្រុកយើងចាប់ផ្តើមញ៉ាំ នែ..ព្រោះថា អាហ្នឹងច្រើនតែកើតនៅស្រុកដែលមានសន្តិភាព ហើយញ៉ាំដូចសម្បូរសប្បាយញ៉ាំ។ ញ៉ាំរាល់ថ្ងៃ អត់ដឹងខ្លួនឯងញ៉ាំខ្លាញ់ប៉ុន្មាន ប្រូតេអ៊ីនប៉ុន្មានអី។ ហើយបើញ៉ាំមិនគិត វាកើតជំងឺក្រពេញ (endocrine disorder)ទឹកនោមផ្អែមអីហ្នឹងឯង»។
លោកវេជ្ជបណ្ឌិត សុវណ្ណឌី បានឲ្យដឹងថា នៅកម្ពុជា ការស្រាវជ្រាវស៊ីជម្រៅពាក់ព័ន្ធនឹងជំងឺតម្រងនោម ដែលអាចយកមកឆ្លុះបញ្ចាំង និងតាមដានបញ្ហានេះផ្អែកលើលក្ខខណ្ឌក្នុងប្រទេសគឺនៅមានកម្រិត ហើយលោកបន្ថែមថា ធនធានមនុស្សផ្នែកវេជ្ជសាស្ត្រខាងជំងឺតម្រងនោមនៅមានតិចតួចនៅឡើយសម្រាប់ធ្វើការងារអស់ទាំងនេះ។
«ស្រុកគេ គេមាន diet [ការញ៉ាំតមតាមលក្ខខណ្ឌសុខភាព]។ អីចឹងបានខ្ញុំចង់ព្យាយាមសិក្សាឲ្យច្បាស់ ឲ្យមានអ្វីមួយឲ្យច្បាស់អំពី Diet Therapy ហើយចាំយើងមកប្រាប់ប្រជាជនយើង។ អាហ្នឹងអត់អស់លុយទេ! ចុះយើងពន្យល់គាត់ពីរបៀបញ៉ាំមានអស់លុយឯណា? ឧទាហរណ៍កើតទឹកនោមផ្អែម លើសឈាម តម្រងនោមគេត្រូវញ៉ាំយ៉ាងម៉េច?»
ដោយយល់ឃើញអំពីភាពចាំបាច់ខ្លាំង លោកចាន់ សុវណ្ណឌីយល់ថា ការបង្កើននិងជំរុញជំនាញវេជ្ជសាស្ត្រផ្នែកបច្ចេកទេសជំងឺតម្រងនោមនេះគឺសំខាន់ខ្លាំងសម្រាប់ត្រៀមខ្លួនក្នុងការកាត់បន្ថយហានិភ័យដែលអាចប្រមើលដឹងមុន៕