ជាងបួនខែបន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាធ្វើពហិការចំពោះបន្លែនិងគ្រឿងបរិភោគនាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញប្រកាសស្តីពីការដាក់ឲ្យប្រើមន្ទីរពិសោធន៍ផលិតផលកសិកម្មនិងចំណីអាហារកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការជាមួយកម្មករក្នុងវិស័យចំណីអាហារ និងសេវាកម្មយល់ថា មន្ទីរពិសោធន៍នេះនឹងរួមចំណែកដល់ការពង្រឹងគុណភាពអាហារនៅកម្ពុជា ដែលពលរដ្ឋកាន់តែច្រើនឡើងកំពុងបារម្ភពីផលប៉ះពាល់នៃអាហារដែលផ្ទុកសារធាតុគីមី។
រដ្ឋាភិបាលកម្ពុជាណែនាំដល់ម្ចាស់ផលិតកម្មនិងអ្នកជំនួញខាងកសិកម្មឲ្យប្រើប្រាស់មន្ទីរពិសោធន៍ផលិតផលកសិកម្មនិងចំណីអាហារកម្ពុជារបស់រដ្ឋសម្រាប់វិភាគគុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម។ រដ្ឋាភិបាលក៏បានព្រមានរឹបអូសផលិតផលដែលរកឃើញថា មានផ្ទុកសារធាតុគីមីបង្កការចម្លងជំងឺផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃពុធ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការដាក់ឲ្យប្រើមន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជានេះ គឺធានានូវគុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម និងពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យ ដើម្បីការពារសុខភាពសាធារណៈបង្កើនទំនុកចិត្តអ្នកប្រើប្រាស់និងជំរុញការនាំចេញនិងនាំចូលប្រកបដោយប្រសិទ្ធិភាព។
ប្រកាសរបស់ក្រសួងនេះក៏គ្របដណ្តប់លើការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនិងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងមានវិសាលភាពអនុវត្តចំពោះផលិតកម្មកសិកម្មទាំងអស់ ចាប់ផ្តើមពីផលិតកម្ម រហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម ផលិតផលកែច្នៃ ផលិតផលកសិ-ចំណីអាហារ ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍នេះជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានបង្កើនការយកចិត្តទុកដាក់ទៅលើគុណភាពបន្លែ និងចំណីអាហារផ្សេងទៀតសម្រាប់ការទទួលទានប្រចាំថ្ងៃ។ លោករំពឹងថា មន្ទីរពិសោធន៍នេះ នឹងដំណើរការទៅដោយការទទួលខុសត្រូវ និងមិនមានបាតុភាពពុករលួយក្នុងមន្ទីរដែលមានភាពចាំបាច់ដើម្បីការពារសុខភាពសាធារណៈនោះឡើយ។
«ខ្ញុំគិតថា វាជារឿងមួយដែលល្អ បើសិនជាមិនមានបញ្ហាពុករលួយ ឬក៏...បក្ខពួកនៃផ្សេងៗ គិតថា ជារឿងមួយដ៏ល្អ ព្រោះអានេះ វាប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ វាគួរតែជាកាតព្វកិច្ច ហើយវាគួរតែមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ហើយមួយទៀតយើងគិតថា វាជាឱកាសពង្រីកឲ្យកាន់តែទូលំទូលាយទៅដល់ បងប្អូនអ្នកផលិតទាំងឡាយហ្នឹង គឺថា គាត់អាចបានដឹងកាន់តែច្បាស់ថាគាត់ត្រូវតែ គាត់មានកាតព្វកិច្ចក្នុងការផលិតមួយប្រកបដោយមានគុណភាព ដែលត្រឹមត្រូវតាមស្តង់ដារផ្សេងៗ»។
លោកថ្លែងបន្តថា ការប្រកួតប្រជែងក្នុងការនាំចូលនាំចេញផលិតផលកសិកម្ម អាចនឹងមានភាពប្រសើរជាងមុនផងដែរ ដែលធានាថា ទំនិញនាំចេញពីកម្ពុជា ឬនាំចូលមកក្នុងប្រទេសមានគុណភាពល្អ និងផ្តល់ប្រយោជន៍ដល់សុខភាពពលរដ្ឋ។ យ៉ាងណាក៏ដោយ លោកមានការព្រួយបារម្ភ ទៅលើជំនាញរបស់អ្នកពិសោធន៍ ដោយសារការវិភាគគុណភាពចំណីអាហារនេះ មិនទាន់មានភាពទូលំទូលាយនៅឡើយ ខណៈដែលអ្នកផលិតក៏មិនសូវខ្វល់ពីការត្រួតពិនិត្យគុណភាព។
«បាទអានេះ គឺជាបញ្ហាប្រឈមមួយ ដោយឡែកផ្សេងទៀត ដែលយើង យើងមិនដឹងថាតើ ព្រោះវាថ្មី សម្រាប់ប្រទេសរបស់យើងហើយចឹង យើងមិនដឹងថាតើសមត្ថភាពរបស់មន្ត្រីយើង ប៉ុន្មាន យើងពិបាកថាដែរ»។
តាមប្រកាសរបស់ក្រសួងកសិកម្មស្តីពីមន្ទីរពិសោធន៍ដដែលនេះ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារនេះ នឹងផ្តល់ការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម ដែលអនុលោមទៅតាមបទដ្ឋានជាតិអាស៊ាន FAO WHO Codex Alimentarius Commission (CAC) និងស្តង់ដារតម្រូវនៃបណ្តាប្រទេសនាំចូលផ្សេងៗ។
មន្ទីរពិសោធន៍នេះមានតួនាទីជាច្រើនផ្សេងទៀតផងដែរ ដូចជា «សម្របសម្រួល និងជំរុញការលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្មនាំចេញ និងនាំចូល ផ្តល់សេវាកម្មបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការស្រាវជ្រាវលើការវិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្មនិងធានាប្រសិទ្ធភាពនិងគុណភាពនៃមន្ទីរពិសោធន៍ឯកជន គ្រឹះស្ថានសាធារណៈ ទាំងឡាយដែលប្រកបអាជីវកម្ម វិភាគគុណភាព និងសុវត្ថិភាពលើចំណីអាហារនៃផលិតផលកសិកម្ម»។
ប្រកាសស្តីពីមន្ទីរពិសោធន៍នេះ ក៏ផ្តល់អំណាចដល់មន្ត្រីកសិកម្មក្នុងការចេញការព្រមាន ផ្អាករឹបអូសផលិតផលកសិកម្ម ដែលត្រូវបានវិភាគឃើញថា មានផ្ទុកសារធាតុគីមីហួសប្រមាណ ដែលបង្កផលប៉ះពាលដល់សុខភាពពលរដ្ឋ។ ការចេញការព្រមាន ការផ្អាក បញ្ឈប់ និងដកហូត ដែលនឹងធ្វើទៅលើផលិតកម្មកសិកម្ម និងផលិផលកសិកម្ម ក៏ដូចជាចំណីអាហារ អាចនឹងធ្វើឡើងតាមការស្នើសុំរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កាលពីខែមករា ឆ្នាំ២០១៨ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបនឹងការត្អូញត្អែរបស់សាធារណៈជនចំពោះការប្រើប្រាស់បន្លែមានសារធាតុគីមី។ លោក ហ៊ុន សែន បានស្តីបន្ទោសពលរដ្ឋខ្មែរថា បានប្រើប្រាស់បន្លែ ឬគ្រឿងបរិភោគមានផ្ទុកសារធាតុគីមីពីបរទេសដែលជួយជំរុញឱ្យមានការនាំចូលផលិតផលទាំងនេះនៅក្នុងទីផ្សារកម្ពុជាយ៉ាងច្រើន។ បន្ថែមលើការស្តីបន្ទោសខ្លាំងៗនោះលោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាធ្វើពហិការចំពោះបន្លែ និងគ្រឿងបរិភោគនាំចូលពីបរទេសដែលមានផ្ទុកសារធាតុគីមីនិងជំរុញឱ្យពលរដ្ឋខ្មែរបង្កើនការដាំបន្លែធម្មជាតិក្នុងស្រុក។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំមិនធ្វើការអធិប្បាយលើសមត្ថភាពមន្ទីរពិសោធន៍ដែលបានដាក់ឲ្យដំណើរការនេះ ដោយបានស្នើឲ្យអ្នកយកព័ត៌មានយោងទៅលើខ្លឹមសារប្រកាសដែលចេញដោយក្រសួងកសិកម្ម។
ពាក់ព័ន្ធបញ្ហាមិនប្រក្រតីនៃចំណីអាហារផ្គត់ផ្គង់នៅកម្ពុជា ក្នុងពេលថ្មីៗនេះ មានការចែករំលែកដំណឹងតាមបណ្តាញសង្គម អំពីការផលិតកាហ្វេធ្វើពីថ្មពិលដែលគេសង្ស័យថា មានប្រភពចេញពីប្រទេសវៀតណាមនិងការផលិតស្រាវីស្គីក្លែងក្លាយម៉ាកល្បីៗជាច្រើន។ ដំណឹងអំពីការចរាចរលក់អង្ករបា្លស្ទិកនៅលើទីផ្សារកម្ពុជា ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចែករំលែកឲ្យដឹងតៗគ្នា កាលពីពេលកន្លងមកផងដែរ។
ក៏ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រតិម្មនឹងដំណឹងនេះ ដោយបានប្រកាសថា ក្រសួងបានពិសោធអង្ករដែលសង្ស័យថាជាអង្ករប្លាស្ទិកនោះ ហើយលទ្ធផលបង្ហាញថា អង្ករទាំងនោះជាអង្ករពិត មិនមែនជាអង្ករប្លាស្ទិកដូចព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះទេ៕