ការលុបបំបាត់យ៉ាងឆាប់រហ័សនៃមេរោគគ្រុនចាញ់ឈ្មោះ Plasmodium falciparum ដែលពិបាកព្យាបាលនៅតំបន់អាស៊ីអាគ្នេយ៍ អាចនឹងធ្វើទៅបានប្រសិនបើមានការតាំងចិត្តផ្នែកនយោបាយ និងហិរញ្ញវត្ថុ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានចេញផ្សាយនៅក្នុងគេទំព័រ សុខាភិបាលឈ្មោះ The Lancet និងតាមសេចក្ដីប្រកាសរបស់អង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol និង Oxfordនៅថ្ងៃពុធនេះ។
អ្នកនិពន្ធជាច្រើនដែលចូលរួមការសិក្សាស្រាវជ្រាវថ្មីនោះ បាននិយាយថា ការបង្កើតឲ្យមានគ្លីនិកនៅតាមសហគមន៍ ដើម្បីវិភាគរោគវិនិច្ឆ័យ ការព្យាបាល និងការតាមដានបឋម បូករួមនឹងការគ្រប់គ្រងឱសថប្រឆាំងជំងឺគ្រុនចាញ់ក្នុងទ្រង់ទ្រាយធំមួយដល់អ្នកទាំងឡាយ ដែលរស់នៅក្នុងតំបន់ដែលមានកម្រិតចម្លងខ្ពស់។
បើទោះបីពួកគេមិនបង្ហាញសញ្ញាមានជំងឺគ្រុនចាញ់នោះ ការបង្កើតគ្លីនិកតាមសហគមន៍នេះ អាចកាត់បន្ថយបានយ៉ាងច្រើន ឬដល់កម្រិតសូន្យតែម្ដង នៅករណីមានការឆ្លងជំងឺគ្រុនចាញ់នៅភូមិដាច់ស្រយាលជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកសាស្ត្រាចារ្យ Nicholas White ប្រធានអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol និង Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ថា MORU ត្រូវបានស្រង់ប្រសាសន៍ក្រោយការសិក្សានោះតាមន័យដើមថា៖
«ការសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា មេរោគគ្រុនចាញ់ឈ្មោះ P. falciparum អាចត្រូវបានលុបបំបាត់យ៉ាងឆាប់រហ័សនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ប្រសិនបើមានការគាំទ្រខាងនយោបាយ និងហិរញ្ញវត្ថុ តាមរយៈការផ្ដល់នូវការរករោគសញ្ញា និងការផ្ដល់ការព្យាបាលជំងឺគ្រុនចាញ់នៅក្នុងភូមិតូចៗដែលបានឆ្លង និងក្នុងតំបន់មានកម្រិតឆ្លងខ្ពស់ ហើយនិងប្រើប្រាស់ការគ្រប់គ្រងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ក្នុងទម្រង់ធំមួយ»។
លោកសាស្ត្រាចារ្យ Nicholas White បានបន្ថែមថា ពេលវេលាហាក់ដូចជាមិនមានច្រើនទៀតទេ ដើម្បីកម្ចាត់ជំងឺគ្រុនចាញ់ ដោយសារមានភាពស៊ាំថ្នាំនៃមេរោគដែលបង្កជំងឺគ្រុនចាញ់ដដែលនេះ។
សេចក្ដីប្រកាសរបស់អង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol និង Oxford ចេញផ្សាយក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថ្ងៃទី២៥ ខែមេសានេះ បានឲ្យដឹងថា មេរោគគ្រុនចាញ់ឈ្មោះ P. falciparum ជាប្រភេទមេរោគទូទៅក្នុងចំណោមមេរោគចំនួនប្រាំប្រភេទរបស់ជំងឺគ្រុនចាញ់ ដែលអាចឆ្លងទៅមនុស្ស ហើយភាគច្រើនបានបង្កការឆ្លងធ្ងន់ធ្ងរ ដែលនាំដល់ការស្លាប់។ ក្នុងមួយឆ្នាំៗ ជំងឺគ្រុនចាញ់ បានបង្កការស្លាប់មនុស្សជិតកន្លះលាននាក់នៅទូទាំងពិភពលោក។
យ៉ាងណាក៏ដោយ កាលពីដើមខែមេសានេះ ក្រុមអ្នកស្រាវជ្រាវខាងសុខាភិបាល បានឲ្យដឹងពីការរកឃើញដ៏ភ្ញាក់ផ្អើលមួយគឺ ការផ្ដល់ថ្នាំប៉ារ៉ាសេតាម៉ុលធម្មតាដល់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ អាចជួយដល់អ្នកជំងឺនោះឲ្យរួចផុតពីការខូចខាតតម្រង់នោម ដែលបានបង្កការស្លាប់ដល់មនុស្សពេញវ័យ ដែលមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរជាច្រើននាក់៕