មេដឹកនាំសហជីពជាច្រើនបានផ្ញើសំណើទៅក្រសួងការងារដើម្បីឲ្យក្រសួងធ្វើការផ្លាស់ប្ដូរខ្លឹមសារនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលអ្នកជំនាញនិយាយថា វានឹងដាក់កម្រិតសេរីភាពនៃការជួបប្រជុំគ្នារបស់កម្មករ និងសហជីព។ កាលពីដើមខែនេះមានសមាជិកសហជីពប្រមាណ២០០នាក់បានជួបប្រជុំគ្នាដើម្បីធ្វើការពិគ្រោះយោបល់ដើម្បីស្នើសុំឲ្យក្រសួងការងារធ្វើការផ្លាស់ប្តូរអត្ថន័យនិងលុបចោលមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ។
មានកម្មករយ៉ាងហោចណាស់៦០០.០០០ត្រូវបានគេប៉ាន់ប្រមាណថា កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរ ដែលជាវិស័យដ៏ធំ និងសំខាន់ដែលជួយជំរុញសេដ្ឋកិច្ចប្រទេសនេះ។ កម្មករ និងអ្នករិះគន់បាននិយាយថា ប្រាក់ឈ្នួលនៅតែមានកម្រិតទាបខ្លាំងណាស់ដែលប៉ះពាល់ដល់ជីវភាពរស់នៅសមរម្យប្រចាំថ្ងៃរបស់កម្មករពលករ ហើយថ្លៃទំនិញកើនឡើងជាបន្តបន្ទាប់។
កាលពីឆ្នាំមុន រដ្ឋាភិបាលបានសម្រេចបង្កើនប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារក្នុងមួយខែ។ កម្មករនិយាយថា ចំនួននេះនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគាត់ដើម្បីចំណាយ និងទប់ទល់នឹងការកើនឡើងនៃតម្លៃទំនិញដែលនាំឲ្យមានការប៉ះពាល់ទៅលើរបបអាហារប្រចាំថ្ងៃ ហើយនាំឲ្យមានការប៉ះពាល់សុខភាពរបស់ពួកគាត់។ ជារៀងរាល់ឆ្នាំ មានកម្មករជាច្រើនដួលសន្លប់នៅក្នុងរោងចក្រ។
មេដឹកនាំសហជីពបាននិយាយថា ច្បាប់នេះត្រូវបានតាក់តែងឡើងក្នុងបំណងការពារផលប្រយោជន៍ឲ្យម្ចាស់រោងចក្រជាជាងកម្មករ។ បទបញ្ញត្តិមួយចំនួននៅក្នុងច្បាប់នេះអាចនឹងរាំងស្ទះដល់សិទ្ធិជាមូលដ្ឋានក្នុងការជួបប្រជុំរបស់កម្មករ និងសហជីព។ ខមួយនៅក្នុងសេចក្តីព្រាងច្បាប់នេះចែងថា សហជីពអាចបង្កើតឡើងបាន លុះត្រាណាមានចំនួនអ្នកគាំទ្រចាប់ពី២០ភាគរយនៃចំនួនកម្មករ។ មេដឹកនាំសហជីពចង់ឱ្យផ្លាស់ប្តូរតួលេខ។ សេចក្តីព្រាងច្បាប់នេះចែងផងដែរថា មេដឹកនាំសហជីពមិនអាចមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ មេដឹកនាំសហជីពនិយាយថា ចំណុចនេះគួរតែលុបចោល។ សេចក្តីព្រាងច្បាប់នេះក៏មានចែងផងដែរថា សហជីពអាចត្រូវតុលាការសម្រេចរំលាយលុបចោល ប្រសិនបើសហជីព និងសមាជិករបស់សហជីពធ្វើសកម្មភាពផ្ទុយពីច្បាប់។ មេដឹកនាំសហជីពចង់ឲ្យក្រសួងការងារលុបចំណុចនេះចោល។
ក្រសួងការងារបានផ្ញើលិខិតអញ្ជើញសហជីពចូលរួមពិភាក្សាសេចក្តីព្រាងច្បាប់ចុងក្រោយនៅក្រសួងនៅថ្ងៃអង្គារក្រោយនេះ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពកម្មករកាត់ដេរកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា លោកក្រសួងការងារមិនទាន់បានឆ្លើយតបនឹងសំណើរបស់សហជីពដែលទាមទារឲ្យមានការកែប្រែសេចក្តីព្រាងនេះទេ។ សហជីពបានផ្ញើសំណើស្រដៀងគ្នានេះនៅឆ្នាំ២០១៤។ សេចក្តីព្រាងច្បាប់នេះមិនត្រូវបានដាក់ជាសាធារណៈនោះទេ។
លោកបាននិយាយថា មេដឹកនាំសហជីពនឹងចូលរួមក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ ហើយនឹងប្រើឪកាសនេះដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ ហើយទាមទារឲ្យមានការកែសម្រួល។
លោកអាត់ ធន់បាននិយាយថា៖ «បាតុកម្មគឺជាជម្រើសចុងក្រោយ»។
សេចក្តីព្រាងច្បាប់នេះបានកើតឡើងចំពេលដែលមានការបង្រ្កាបលើសកម្មភាពរបស់កម្មករ និងសហជីព។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានដាក់មេដឹកនាំសហជីពប្រាំនាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានរបស់តុលាការ បន្ទាប់ពីមានការតវ៉ាដែលឈានដល់អំពើហិង្សានៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករដែលស្ថិតក្នុងចំណោមមេសហជីពដែលត្រូវបានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បាននិយាយប្រាប់វីអូអេខ្មែរថា សហជីពជាច្រើនមានការព្រួយបារម្ភពីសេចក្តីព្រាងច្បាប់នេះ។ មានសមាជិកសហជីព និងប្រធានសហជីពប្រមាណ៥០០នាក់បានត្រៀមខ្លួនដើម្បីបង្ហាញការមិនពេញចិត្តសេចក្ដីព្រាងច្បាប់នេះនៅពីមុខរដ្ឋសភាជាតិនៅចុងខែនេះ។
លោកបាននិយាយថា៖ «យើងជួបដើម្បីបង្ហាញពីការប្រឆាំងរបស់យើងទៅលើច្បាប់នេះទេ»៕