គណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាបានបាត់បង់ការគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងពេលបោះឆ្នោតកាលពី២ឆ្នាំមុន ហើយពួកអ្នករិះគន់និយាយថា ឥឡូវនេះ សមាជិកសភាកំពុងជំរុញច្បាប់ដ៏តឹងរ៉ឹងដើម្បីធ្វើឲ្យប្រាកដថា ការបាត់បង់នេះនឹងមិនកើតមានឡើងម្តងទៀត។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សភាបានអនុម័តច្បាប់ថ្មីអំពីតុលាការ ច្បាប់បោះឆ្នោត ហើយនឹងច្បាប់អង្គការក្រៅរដ្ឋាភិបាល។ ច្បាប់ផ្សេងៗទៀតដែលគ្រប់គ្រងលើសហជីពនិងប្រព័ន្ធអ៊ីនធើណិតក៏កំពុងធ្វើដែរ។
មានការភ័យខ្លាចអំពីច្បាប់ដ៏ចម្រូងចម្រាសចំនួនបី ដែលសភាកម្ពុជាបានអនុម័តកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតសភាទំនងជានឹងអនុម័តច្បាប់២ផ្សេងទៀត។ គេបារម្ភថា ច្បាប់ទាំងនេះនឹងត្រូវដោយគណបក្សកាន់អំណាចប្រើប្រាស់មិនត្រឹមត្រូវមុនការបោះឆ្នោតទូទៅឆ្នាំ២០១៨ ដើម្បីបង្ក្រាបពួកប្រឆាំងហើយនឹងពង្រឹងការកាន់អំណាចរបស់ខ្លួន។
សេចក្តីព្រាងច្បាប់ជាបន្តបន្ទាប់បានកើតមានឡើងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតដ៏គួរឲ្យតក់ស្លុតនៅឆ្នាំ២០១៣ នៅពេលដែលគណបក្សប្រឆាំងជិតទទួលបានជ័យជម្នះ។ ច្បាប់ទាំងនោះ ដែលអនុម័តថ្មីៗបំផុតនេះគឺច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលមានភាសាស្រពិចស្រពិល បានផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចយ៉ាងច្រើនដើម្បីបិទអង្គការក្រៅរដ្ឋាភិបាល ឬសមាគម ដែលខកខានមិនបានធ្វើទៅតាមការចុះបញ្ជី និងតម្រូវការតឹងរឹង ឬដែលគេថា ធ្វើឲ្យប៉ះពាល់ដល់សន្តិភាពសាមគ្គីភាពជាតិ ឬវប្បធម៌។
រដ្ឋាភិបាលអះអាងថា ច្បាប់នោះនឹងរារាំងភេរវកម្ម និងការលាងលុយកខ្វក់។ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗទាំងអស់ បាននិយាយប្រឆាំងនឹងច្បាប់នេះ។ អង្គការមិនរកកម្រៃរាប់រយផ្សេងទៀតបានអំពាវនាវឲ្យបោះបង់ច្បាប់នេះចោល។
ច្បាប់អង្គការនេះត្រូវព្រឹទ្ធសភាផ្តល់សច្ចានុម័តនៅថ្ងៃសុក្រ។ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបានធ្វើពហិការកិច្ចពិភាក្សាច្បាប់នេះ ក៏ប៉ុន្តែដោយសារតែពួកគេមានសំឡេងភាគតិច គេមិនអាចរារាំងច្បាប់នេះបានទេ។
លោកអ៊ូ វីរៈ ជាអ្នកវិភាគនយោបាយហើយនឹងជាអ្នកបង្កើតអង្គការស្រាវជ្រាវក្នុងស្រុកមួយដែលមានឈ្មោះថា«វេទិកាអនាគត់» និយាយថា សកម្មភាពធ្វើច្បាប់ប្រញាប់ប្រញាល់គឺដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកំពុងប្រុងប្រៀបសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។
«រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលមានការរកាំចិត្តនឹងអង្គការក្រៅរដ្ឋាភិបាល ហើយជាពិសេស អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនយោបាយ ដែលនិយាយអំពីលទ្ធផលនៃការបោះឆ្នោត ដែលបានត្អូញត្អែរអំពីការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌ កាលពីអតីតកាល ជាពិសេស ការតវ៉ាប្រឆាំងដែលបានកើតមានឡើងបន្ទាប់ពីការបោះឆ្នោតមានជម្លោះនៅឆ្នាំ២០១៣»។
លោកវីរៈ និយាយថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ចាត់ទុកថា អង្គការក្រៅរដ្ឋាភិបាលជាច្រើនលម្អៀងទៅគណបក្សប្រឆាំង។ ក្នុងកែវភ្នែករបស់គណបក្សប្រជាជនកម្ពុជា អង្គការក្រៅរដ្ឋាភិបាលជាច្រើន បានថវិកាពីរដ្ឋាភិបាលបរទេស ហើយដែលបង្កើតសេចក្តីភ័យខ្លាចឲ្យលោកហ៊ុន សែនបារម្ភអំពីការងើបបះបោរ ដូចបដិវត្តន៍រដូវផ្ការីកអារ៉ាប់ប្រឆាំងនឹងការដឹកនាំដ៏យូររបស់លោកអស់រយៈពេល៣ទសវត្សរ៍។
ច្បាប់ផ្សេងៗទៀតក៏កំពុងត្រៀមសម្រាប់ការអនុម័តដែរ ដូចជាច្បាប់ស្តីពីសហជីព មានដែលមនុស្សជាច្រើនគាំទ្រគណបក្សប្រឆាំង។
ហើយដោយសារគណបក្សប្រឆាំងទទួលសន្ទុះគាំទ្រពីបណ្តាញផ្សព្វផ្សាយសង្គមមុនការបោះឆ្នោតឆ្នាំ២០១៣នោះ មនុស្សមួយចំនួនតូចប៉ុណ្ណោះមានការភ្ញាក់ផ្អើលថា ច្បាប់ប្រព័ន្ធអ៊ីនធើណិត ដែលផ្តោតលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតក៏កំពុងតែរៀបចំដែរ។
លោកវីរៈនិយាយទៀតថា ពីព្រោះតែបណ្តាញព័ត៌មានសង្គម ដូចជា Facebookនិង You Tube មានប្រជាប្រីយ៍ភាពក្នុងចំណោមយុវជនកម្ពុជាដើម្បីបញ្ចេញកំហឹងរបស់ខ្លួនលើបញ្ហានយោបាយដ៏រសើបនោះ នោះចំណាត់ការរបស់រដ្ឋាភិបាលលើបញ្ហានេះ ឥឡូវនេះ ហាក់ដូចជាកើតមានឡើង។
«ខ្ញុំគ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើច្បាប់ស្តីពីសេរីភាពនៃប្រព័ន្ធអ៊ីនធើណិត ឬច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតនឹងត្រូវគេ ប្រើប្រាស់ជាលេសដើម្បីព្យាយាមរកវិធីបង្ក្រាបសេរីភាព ដែលអាចធ្វើឲ្យអន្តរាយដល់ការត្រួតត្រារបស់គណបក្សកាន់អំណាច។ ហើយនេះ គឺសេរីភាពតាមប្រព័ន្ធអ៊ីនធើណិត»។
អ្នកវិភាគផ្សេងទៀតយល់ស្របថា ច្បាប់ទាំងនោះជាផ្នែកមួយនៃការប្រុងប្រៀបរបស់គណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោតលើកក្រោយ។ ក្នុងចំណោមអ្នកវិភាគទាំងនោះមានលោក Sebastian Strangio អ្នកកាសែតនិងជាអ្នកនិពន្ធ ដែលសៀវភៅរបស់លោកមានចំណងជើងថា Hun Sen’s Cambodia បានបោះពុម្ពផ្សាយកាលពីពេលថ្មីៗនេះ។ សៀវភៅនោះបានរៀបរាប់ពីព្រឹត្តិការណ៍នយោបាយរបស់កម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មក។
លោក Strangio បានមានប្រសាសន៍បន្ថែមទៀតថា មាត្រានៃច្បាប់អង្គការនោះបានបង្ហាញបញ្ហាដែលបានចាក់ ឫសជាយូរណាស់មកហើយគឺ៖ ដំណោះស្រាយមួយចំនួនជាមួយអង្គការសង្គមស៊ីវិលគឺជាផ្នែកមួយដែលគណបក្សកាន់អំណាចមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។
«ខ្ញុំគិតថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយជាការណ៍ពិត ក្នុងរយៈពេល២ទសវត្សរ៍ ចាប់តាំងពីមានបេសកកម្មអង្គការសហប្រជាជាតិមក គណបក្សប្រជាជនកម្ពុជា (CPP) បានមើលឃើញថា អង្គការសង្គមស៊ីវិលជាក្រុមគាំទ្រមហាអំណាចលោកខាងលិច ហើយពួកគេមិនសប្បាយចិត្តនឹងសង្គមស៊ីវិលទេ។ ហើយខ្ញុំគិតថា ច្បាប់នេះ មិនមែនជាមធ្យោបាយដែលអាចលុបបំបាត់អង្គការសង្គមស៊ីវិលទាំងមូលទេ។ ក៏ប៉ុន្តែ វាអាចជាឧបករណ៍មួយសម្រាប់គណបក្សប្រជាជនកម្ពុជាអនុវត្តការរឹតត្បិតដែលពួកគេបានបង្កើតឡើង»។
រដ្ឋាភិបាលបានទទូចថា ការព្រួយបារម្ភបែបនេះជាការយល់ខុស។លោកឧបនាយករដ្ឋមន្រ្តីស ខេងបាននិយាយកាលពីសប្តាហ៍មុនថា គេមិនគួរភ័យខ្លាចថា ច្បាប់នោះត្រូវគេប្រើមិនសមស្របនោះទេ។ ក៏ប៉ុន្តែអង្គនិតិប្រតិបត្តិ ដែលត្រួតត្រាពេញទំហឹងលើប្រព័ន្ធតុលាការ មានប្រវត្តិជាយូរយារណាស់មកហើយក្នុងការធ្វើដូចនេះជាមួយច្បាប់ផ្សេងៗទៀត។
ឧទាហរណ៍ កាលពីថ្ងៃអង្គារ តុលាការក្រុងភ្នំពេញបានកាត់ទោសពួកអ្នកគាំទ្រគណបក្សប្រឆាំង១១នាក់ឲ្យជាប់គុក ដែលខ្លះមានទោសរហូតដល់២០ឆ្នាំ លើបទចោទប្រកាន់ពីការបះបោរ។ តើនេះជាឧក្រិដ្ឋកម្មឬ? ពួកគេគ្រាន់តែមានវត្តមាននៅឯការតវ៉ាប្រឆាំងក្រោយការបោះឆ្នោតក្នុងរាជធានីកាលពីឆ្នាំទៅ ដែលកើតមានហិង្សា។ អង្គការសង្គមស៊ីវិលបានហៅសាលក្រមនោះថា «មិនសមហេតុផល»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន