រដ្ឋាភិបាលកម្ពុជា បានប្រាប់ដល់សហជីព និងអង្គការក្រៅរដ្ឋាភិបាលកុំឱ្យមានការព្រួយបារម្ភចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលរដ្ឋាភិបាលកំពុងតែតាក់តែង។
ការអះអាងនេះ ធ្វើឡើងក្នុងពេលដែលសហជីពនានាអំពាវនាវឱ្យរដ្ឋាភិបាល កុំធ្វើច្បាប់សហជីពនេះដោយពួកគេយល់ថាមានមាត្រាមួយចំនួនដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាដោយបិទសិទ្ធិក្នុងការបង្កើតសហជីពនិងព្រួយបារម្ភថាអ្នកបញ្ជាទិញអាចនឹងចាកចេញពីប្រទេសកម្ពុជាប្រសិនបើសិទ្ធិកម្មករត្រូវបានបំបិទ។
ប៉ុន្តែលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់នៅថ្ងៃអង្គារនេះថា៖
«រាជរដ្ឋាភិបាលគ្មានបំណងដើម្បីនឹងធ្វើច្បាប់នេះ ដើម្បីទៅគាបសង្កត់សេរីភាពសហជីពទេ ហើយយើងមានប្រយោជន៍អ្វីនឹងគាបសង្កត់សេរីភាពសហជីព? យើងយកសហជីព និងអង្គការវិជ្ជាជីវៈទាំងអស់គឺជាដៃគូ»។
លោក អ៊ិត សំហេង បានបន្ថែមថាសេចក្តីព្រាងច្បាប់នេះទើបតាក់តែងបាន៩០ភាគរយប៉ុណ្ណោះហើយក្រសួងមិនទាន់កំណត់ពេលដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័តមុននឹងបញ្ជូនទៅរដ្ឋសភាអនុម័តនៅឡើយទេ។
មកដល់ពេលនេះកម្ពុជាមានសហជីពរហូតទៅដល់ជិត៤០០០ដែលបានចុះបញ្ជីកា។ នេះ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី។
អង្គការពលកម្មអន្តរជាតិបានស្នើផ្តល់ជំនួយបច្ចេកទេសដើម្បីឱ្យច្បាប់នេះមានលក្ខណៈស្តង់ដាអន្តរជាតិហើយបានសង្កត់ធ្ងន់ថាភាគីសហជីព និងនិយោជកគួរតែចូលរួមអង្គុយពិភាក្សាជាមួយនឹងរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ដែលសហជីពទទួលបានមិនផ្លូវការកន្លងមកមានលក្ខណៈរឹតបន្តឹងលើសកម្មភាពសហជីពដូចជាការតម្រូវឱ្យបង្កើតសហជីពនៅកន្លែងមួយបានត្រូវមានសមាជិករហូតដល់២៥ភាគរយ ការធ្វើប្រតិភូកម្មអំណាចទៅឱ្យក្រសួងការងារក្នុងការសម្រេចថាតើកូដកម្មតវ៉ារបស់សហជីពនិងកម្មករមានភាពស្របច្បាប់ឬទេ និងការតម្រូវឱ្យសហជីពដែលមានស្រាប់ត្រូវចុះបញ្ជីឡើងវិញនៅក្រោយពីច្បាប់ថ្មីចូលជាធរមានជាដើម។ រីឯការដាក់ទោសទណ្ឌមានរហូតដល់ជាប់គុកមួយឆ្នាំចំពោះការធ្វើកូដកម្មបាតុកម្ម ការបិទសហជីពចោល និងពិន័យជាប្រាក់រហូតដល់១០លានរៀលផងដែរ៕