ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តម្លាភាព​​​ថា​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​នៅ​តែ​ជា​បញ្ហា​​នៅ​កម្ពុជា​ខណៈ​ការ​សូកប៉ាន់​តូចតាច​ធ្លាក់​ចុះ​


​លោក​ ព្រាប​ កុល​ ​នាយក​ប្រត្តិ​បតិ្តអង្គការ​តម្លាភាព​កម្ពុជា​ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ថា​ ការ​សូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ថយចុះ​ តែ​អំពើពុករលួយធំៗ​នៅ​តែ​ជា​ក្តី​បារម្ភ​មួយ។​ (ហ៊ុល រស្មី​/VOA)
​លោក​ ព្រាប​ កុល​ ​នាយក​ប្រត្តិ​បតិ្តអង្គការ​តម្លាភាព​កម្ពុជា​ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ថា​ ការ​សូកប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ថយចុះ​ តែ​អំពើពុករលួយធំៗ​នៅ​តែ​ជា​ក្តី​បារម្ភ​មួយ។​ (ហ៊ុល រស្មី​/VOA)

សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធំៗ​ ដែល​កើត​ចេញ​ពី​ការ​រំលោភ​អំណាច​ និង​បក្ស​ពួក​​និយម​នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​របស់​​កម្ពុជា។​

​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចាត់​ទុក​មន្ត្រីតុលាការ​ ប៉ូលិស​ និង​មន្ត្រី​រដ្ឋាភិបាល​ថា ​ពុករលួយ​ជាង​គេ​ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ព្យាយាម​កាត់​បន្ថយ​ការ​សូកប៉ាន់​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ស្តីពី​ការ​វាស់​វែង​អំពី​អំពើ​ពុក​រលួយ​ជា​សាកល​ឆ្នាំ​២០១៦​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) នៅ​ថ្ងៃ​អង្គារ​នេះ។​

របាយការណ៍​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ការ​សម្ភាសន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​១.០០៣​នាក់​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថាប័ន​តុលាការ​ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ចំនួន​ ៧២​ភាគរយ​នៅ​ឆ្នាំ​២០១១​ ហើយ​ថយ​ចុះ​បន្តិចបន្តួច​មក​ត្រឹម​ ៦០​ភាគរយ ​នៅ​ឆ្នាំ​២០១៣​ និង​ ៥៩​ភាគរយ ​នៅ​ឆ្នាំ​ ២០១៦។​ ស្ថាប័ន​ប៉ូលិស​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ចំនួន​ ៦១ ភាគរយ​នៅ​ឆ្នាំ​ ២០១១​ និង​បាន​ថយ​ចុះច្រើន​មក​ត្រឹម ​៣៧​ភាគរយ​ នៅ​ឆ្នាំ​ ២០១៣។​ កម្រិត​នៃ​អំពើ​ពុករលួយ​នេះ​កើន​ដល់​ ៥២​ភាគរយ ​វិញ​នៅ​ឆ្នាំ​២០១៦។​

​ចំណែក​ឯ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ មាន​កម្រិត​ពុក​រលួយ​ចំនួន ​៥១​ភាគរយ ​នៅឆ្នាំ​២០១១​ និង​ថយ​ចុះ​ជាង​ពាក់​កណ្តាល​មក​ត្រឹម​ ៣០​ភាគរយ ​នៅ​ឆ្នាំ​២០១៣។ តួលេខ​នេះ​ បាន​កើនដល់​ ៤៤​ភាគរយ ​វិញនៅ​ឆ្នាំ​២០១៦។​

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ថ្លែង​ក្នុង​ពិធីបង្ហាញ​របាយការណ៍​ស្តី​ពី​ការ​វាស់វែង​អំពី​ពុករលួយ​ជា​សាកលឆ្នាំ​២០១៦​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​ ​បាន​ថយ​ចុះ​ពី​ ៨០​ភាគរយ​នៅ​ឆ្នាំ​ ២០១១​ មក​នៅ​ត្រឹម ៤០ភាគរយ​នៅឆ្នាំ​ ២០១៦។ លោក​ថា​ នេះ​ជា​ការ​ថយចុះ​ដ៏​គំហុក​មួយ។​

​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោកនិយាយថា​ ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធំៗ​ ដែល​កើត​ចេញ​ពី​ការ​រំលោភ​អំណាច​ និង​បក្ស​ពួកនិយម​នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​របស់កម្ពុជា។​

លោក​ប្រាប់​ VOA ថា​ ​ស្ថានភាព​នយោបាយ​ដែល​ពេល​ខ្លះ​តានតឹង​ ហើយ​ពេល​ខ្លះ​ មាន​ភាព​ធូរស្រាល​ ​នោះ​ផ្តល់​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​ដំណើរការទប់​ស្កាត់​អំពើ​ពុករលួយ​ជា​ទ្រង់ទ្រាយ​ធំៗ។

​«ខ្ញុំ​ថា ​វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ វា​អាច​ជា​ការ​រារាំង​ទៅ​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តោត​ទៅ​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ធំៗ​ដែរ​ ហើយ​បើ​សិន​អ្នក​នយោបាយ​ បើ​សិន​ជា​ ឥស្សរជន​ធំៗ​ គាត់​អាឡែង​តែ​ប្រទាញ​ប្រទង់​គ្នា​ពី​រឿង​នយោបាយ​អញ្ចឹង​ រឿង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ធំៗ​ហ្នឹង​វា​ មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​វា​អាច​នៅ​ឆ្ងាយ​ពី​របៀបវារៈ​ អញ្ចឹងវា​មាន​ផល​ប៉ះពាល់​បាទ»។​ ​

​យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បង្ហាញថា​ នៅ​ឆ្នាំ​ ២០១៣​ មាន​ប្រជាពលរដ្ឋ​រហូត​ទៅ​ដល់​ ៦២​ភាគរយ ​បាន​ឆ្លើយ​ថា​ ខ្លួន​បាន​សូកប៉ាន់​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ និងបញ្ជី​អត្រានុកូលដ្ឋាន​ ខណៈ​ដែល​ចំនួន​នេះ​ បាន​ធ្លាក់​មក​ត្រឹម​ ៣០​ភាគរយ​ ប៉ុណ្ណោះ​នៅ​ឆ្នាំ​ ២០១៦។​

​ជាមួយ​គ្នា​នេះ​ ប្រជាពល​រដ្ឋ​ ៣៨​ភាគរយ​ បាន​ឆ្លើយ​ថា​ ខ្លួន​បាន​បង់​ប្រាក់​សំណូក​ទៅ​កាន់​មន្ទីរពេទ្យ ​នៅ​ឆ្នាំ​២០១៣​ ខណៈ​ដែល​ចំនួន​នេះ​បាន​ធ្លាក់​មក​ត្រឹម​តែ​ ១៩​ភាគរយ ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៦។​ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ឆ្នាំ​ ២០១៣​ មាន​ប្រជា​ពលរដ្ឋ​រហូត​ដល់​ជាង ៦០​ភាគរយ​ ដែល​បាន​ឆ្លើយ​ថា​ ខ្លួន​បាន​សូក​ប៉ូលិស​ ហើយ​ចំនួន​នេះ​ បាន​ធ្លាក់​មក​ត្រឹម​ ១១​ភាគរយ​ ប៉ុណ្ណោះ​ នៅ​ឆ្នាំ​ ២០១៦។

​របាយការណ៍​បាន​បន្ត​ថា​ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ការ​សូកប៉ាន់​ដើម្បី​ទទូល​បាន​សេវា​សាធារណៈ​យ៉ាង​តិច​មួយ​ក្នុង​សេវា​សាធារណៈ​ចំនួន​ ប្រាំមួយ នៅ​ក្នុង​រយៈពេល​ ១២​ខែចុង​ក្រោយ​នេះ​ បាន​ធ្លាក់​ចុះ​ផងដែរ។​ ការ​សូកប៉ាន់​នៅ​ប្រទេស​វៀតណាម​បាន​ថយចុះ​ពី​ ៩៣​ភាគរយ ​មក​នៅ​ត្រឹម​ ៦៥​ភាគរយ។​ អត្រា​នៅ​ប្រទេស​ថៃ​បាន​ធ្លាក់​ពី​ ៨១​ភាគរយ​មក​ ៤១​ភាគរយ។​ អាត្រា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ពី​ ៨០ភាគរយ​ មក​ត្រឹម៤០​ភាគរយ។​ ​ទី​ក្រុង​រដ្ឋបាលពិសេស​ហុងកុង​របស់​ប្រទេសចិន​ និង​ប្រទេស​ជប៉ុន​ មាន​កម្រិត​នៃ​ការ​សូកប៉ាន់​តិច​ជាង​គេ​បំផុត។

កម្រិត​នៃ​ការ​សូកប៉ាន់​នៅ​ទីក្រុង​ហុងកុង​ បាន​ថយ​ពី​ ៦៧​ភាគរយ​ មក​ ២​ភាគរយ ​ខណៈដែលកម្រិត​នៃ​ការ​សូកប៉ាន់​នៅ​ប្រទេសជប៉ុន​ បាន​ថយ​ចុះ​ពី​៧៨​ភាគរយ​មក​ត្រឹម​សូន្យ​ភាគ​រយ។ ​យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​ចិន​ គឺ​ជា​ប្រទេស​ដែល​មាន​ការ​សូកប៉ាន់​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី។​

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ចាត់​ទុក​ថា​ របាយការណ៍​នេះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​នោះ​ឡើយ។​

​«បើ​ប៉ូលិស​ពុករលួយ​ ដូច​ដែល​ថ្នាក់​ពួក​អស់​លោក​អ្នក​ឯង​ថា​មែន​ ប្រហែល​ជា​ឯកឧត្តម​អស់​លោក​ហ្នឹង​ ដេក​ហ្នឹង​ចោរ​ប្លន់​គ្រប់​គ្នា​ហើយ។​ ហ្នឹង​ហើយ​ ដើរ​ទៅ​ណា​មក​ណា​ឆក់​ប្លន់​ ឬក៏​កាប់​សម្លាប់​អី​ ហូរហែរ​រាប់​ទាំង​អ្នក​អង្គការ​ហ្នឹង​ផង​ មក​ធ្វើ​កិច្ច​ការងារ​នៅ​កម្ពុជា​ហ្នឹង​ វា​មិនបាន​ទេ។​ ទទួល​ស្គាល់​ថា​មាន​អំពើ​ពុករលួយ​មែន​ ក៏ប៉ុន្តែ​វា​មិន​ដូច​ដែល​ហៅ​ថា​ តួលេខ​ខ្ពស់​ ​មិន​អាច​ទទួល​យក​បាន​អញ្ចឹង​ទេ»។​

​អង្គការ​តម្លាភាព​កម្ពុជា​ បាន​លើក​ជា​អនុសាសន៍​ក្នុង​ការ​បោស​សម្អាត​អំពើ​ពុករលួយ​ធំៗ​ ដែល​រួម​មាន​ ការ​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព​របស់​ស្ថាប័ន​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ហើយ​រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ខណៈ​ដែល​ទំនុកចិត្ត​របស់​សាធារណជន​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រាជ​រដ្ឋាភិបាល​មាន​កម្រិត​ទាប​នៅ​ឡើយ។​ រាជ​រដ្ឋា​ភិបាល​ក៏ត្រូវ​លុប​បំបាត់​នូវ​ការ​អនុវត្ត​បែប​បក្ស​ពូកនិយម​ និង​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ស្ថាប័ន​សាធារណៈ។​

អង្គការ​តម្លាភាព​ក៏​ចង់​ឃើញ​ ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ច្បាប់​ស្តីពី​ការ​ការពារបុគ្គល​រាយការណ៍​ និង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បច្ចុប្បន្ន។​

VOA ​មិន​ទាន់​អាច​សុំ​សេច​ក្តី​អធិប្បាយ​ពី លោក​ ជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ​ នៅល្ងាច​ថ្ងៃ​អង្គារ​នេះ។ ​

​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​ស្នាក់ការ​នៅ​ទី​ក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​របស់​សាធារណៈជន​ខ្មែរ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ មាន​៧៣​ភាគរយនៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​ជឿជាក់​ថា ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ចូលរួម​បង្កើន​ប្រសិទ្ធិភាព​ ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ ៦៣​ភាគរយ​ឆ្លើយ​ថា ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ពុករលួយ។​ ជាង​នេះ​ទៀត​ ៦៦​ភាគរយ​នៃ​អ្នក​ផ្តល់​ចម្លើយ​យល់​ស្រប​ថា​ ការ​រាយការណ៍​អំពី​អំពើ​ពុករលួយ គឺ​ជា​ទង្វើ​ត្រឹមត្រូវ។​

​យ៉ាង​ណា​ក៏​ដោយ​ មាន​តែ​ ៥ភាគរយ​ នៃ​អ្នក​ផ្តល់​ចម្លើយ​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​ បាន​រាយការណ៍​អពីអំពើ​ពុក​រលួយ​នេះ​ ក្នុង​ពេល​កន្លង​មក។​ អ្នក​ផ្តល់​ចម្លើយ​ចំនួន​ ៤៥​ភារយ ​បាន​ឆ្លើយ​ថា​ មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​មិន​រាយការណ៍​ពី​អំពើ​ពុករលួយ​ ដោយសារ​តែ​ខ្លាច​ប្រឈម​នឹង​ការ​សង​សឹក​ ហើយ ​១៧​ភាគរយ ​ឆ្លើយ​ថា​ ទោះ​ជា​រាយការណ៍​ក៏​រដ្ឋាភិបាល​គ្មាន​វិធានការណ៍​អ្វី​ដែរ។

កាល​ពី​ខែ​មករា​ របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​២០១៦ ដែល បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ វាយ​តម្លៃ​ថា​ កម្ពុជា​ទទួល​បាន​២១​ពិន្ទុ​ ​លើ​ ១០០​ពិន្ទុ​ និង ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧៦ ​ដែលត្រូវគេ​បាន​សិក្សា។

​ការ​ដាក់​ពិន្ទុ​ និង​ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឡើង​ដោយ​ការ​សិក្សា​ផ្អែក​លើ​កម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ​ ដែល​បង្ហាញ​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ដដែល។​ ប្រទេស​ដ៏​ក្រីក្រ​នេះ​ ទទួល​បាន​ ២១​ពិន្ទុ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​ប្រទេស​នេះ​ធ្លាប់​ទទួល​បាន ​២២​ពិន្ទុ​កាល​ពី​ឆ្នាំ​២០១២​ និង​ធ្លាក់​មក​ត្រឹម​២០​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៣។​

​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​គឺ​ជា​ប្រទេស​ដែល​មាន​កម្រិត​នៃ​អំពើ​ពុក​រលួយ​ទាប។​ ហើយ​ផ្ទុយ​មក​វិញ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ទាប​ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម ​គឺ​ជា​ប្រទេស​ដែល​មាន​កម្រិតនៃ​អំពើ​ពុក​រលួយ​ខ្ពស់៕

XS
SM
MD
LG