អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានឲ្យដឹងថា អំពើពុករលួយជាមូលហេតុចម្បងមួយនៃភាពជ្រុលនិយមបែបហិង្សា។
អង្គការប្រឆាំងអំពើពុករលួយនេះ បានបញ្ជាក់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាអាទិភាពចម្បងមួយនៅក្នុងការប្រយុទ្ធប្រឆាំងដែលកំពុងតែធ្វើជាមួយនឹងក្រុមជ្រុលនិយមផ្សេងៗ ដូចជាក្រុមជ្រុលនិយមរដ្ឋឥស្លាម និងក្រុមជ្រុលនិយម Boko Haram ជាដើម។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានបញ្ជាក់ថា អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលបានអនុញ្ញាតឲ្យពួកសកម្មប្រយុទ្ធកេងផលប្រយោជន៍ពីកំហឹងសាធារណៈ ដើម្បីបង្កើនការជ្រើសរើស ការសម្រួលការដឹកជញ្ជូនអាវុធ និងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នសាធារណៈដូចជាស្ថាប័នយោធាជាដើម ដែលធ្វើឲ្យស្ថាប័នទាំងនេះគ្មានលទ្ធភាពក្នុងការគ្រប់គ្រងការគំរាមកំហែងបែបជ្រុលនិយមហួសហេតុផ្សេងៗ។
អ្នកស្រី Katherine Dixon ប្រធានផ្នែកការពារ និងសន្តិសុខ នៃអង្គការតម្លាភាពអន្តរជាតិ (Transparency International) បាននិយាយថា៖ «សហគមន៍អន្តរជាតិបានប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងមនោគមវិជ្ជានៃក្រុមមួយចំនួនដូចជា ក្រុម ISIS ជាដើម ដោយផ្ដោតលើវោហាសាស្ត្រសាសនាដែលក្រុមទាំងនោះបង្កើតឡើង ប៉ុន្តែធ្វើព្រងើយកន្តើយចំពោះស្ថានភាពសំខាន់ៗនានាដែលពួកគេអាចទទួលជោគជ័យបាននៅក្នុងស្ថានភាពទាំងនោះ»៕