ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មាន​ឱកាស​តិចតួច​ណាស់​ក្នុង​ការ​ទទួល​បាន​ការ​លុប​ចោល​បំណុល​អាមេរិក


រូបឯកសារ៖ អ្នក​ប្តូរ​ប្រាក់​កំពុង​រាប់​ប្រាក់​រៀល​ខ្មែរ​ដើម្បី​ប្តូរ​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិក​នៅកន្លែង​ប្តូរ​ប្រាក់​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ កម្ពុជា​ទទួល​បាន​កម្ចី​ពី​អាមេរិក​ចំនួន​ ២៧៨​លាន​ដុល្លារ​ក្នុង​រដ្ឋាភិបាល​លោក លន់ នល់ ក្នុង​ទសវត្សរ៍​ ១៩៧០។
រូបឯកសារ៖ អ្នក​ប្តូរ​ប្រាក់​កំពុង​រាប់​ប្រាក់​រៀល​ខ្មែរ​ដើម្បី​ប្តូរ​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិក​នៅកន្លែង​ប្តូរ​ប្រាក់​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ កម្ពុជា​ទទួល​បាន​កម្ចី​ពី​អាមេរិក​ចំនួន​ ២៧៨​លាន​ដុល្លារ​ក្នុង​រដ្ឋាភិបាល​លោក លន់ នល់ ក្នុង​ទសវត្សរ៍​ ១៩៧០។

ការ​អង្វរករ​របស់​លោក ហ៊ុន សែន សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ ហាក់​ដូចជា​មាន​ឱកាស​ជោគជ័យ​តិចតួច​ណាស់ ទោះបីជា​មាន​ការ​រក​ឃើញ​សារធាតុ​គីមី​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ហៅ​ថា​គ្រាប់បែក​ជីវសាស្ត្រ​ក្នុង​សម័យ​សង្គ្រាម​ក៏​ដោយ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា យក​ល្អ​ពលរដ្ឋ​កម្ពុជា​គួរ​តែ​រក​មធ្យោបាយ​សង​បំណុល​នេះ​ជា​ដំណាក់​កាលៗ​ទៅវិញ ដែល​អាច​ធ្វើ​ឲ្យ​ការ​សង​នេះ មាន​លក្ខណៈ​ងាយស្រួល​ជាង។ ប៉ុន្តែ លោក ហ៊ុន សែន នៅ​តែ​សូត្រ​ហើយ​រំឭក​ម្ដង​ហើយ​ម្ដង​ទៀត​ជា​សាធារណៈ​អំពី​បញ្ហា​បំណុល​នេះ ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

លុយ​ដែល​កម្ពុជា​ខ្ចី ភាគច្រើន គឺ​សម្រាប់​ទិញ​អាវុធ

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «យើង​ពិបាក​ក្នុង​ការ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​យក​បំណុល ដែល​យក​ទៅ​ទិញ​គ្រាប់បែក​និង​គ្រាប់​កាំភ្លើង ដើម្បី​សម្លាប់​ប្រជាជន​ខ្មែរ»។ លោក​ ហ៊ុន សែន រំឭក​បែប​នេះ​ម្ដង​ទៀត​ ពេល​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ Davos កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

ប្រទេស​កម្ពុជា បាន​ខ្ចី​ប្រាក់​ពី​អាមេរិក​ចំនួន​២៧៨​លាន​ដុល្លារ ក្នុង​សម័យ​លោក​ លន់ នល់ ដែល​ការប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ផ្ដួល​ក្រុម​ខ្មែរ​ក្រហម ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្សោយ​ដោយ​សារ​អំពើ​ពុករលួយ​ដ៏​សុះសាយ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់។

ប៉ុន្តែ ចំនួន​ទឹក​ប្រាក់​កម្ចី​នេះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ដោយសារ​អត្រា​ការប្រាក់។

បំណុល​ដ៏​ថ្លៃ

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ឆ្នាំ ២០១៦​នេះ ប្រទេស​កម្ពុជា បាន​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិកចំនួន​៥០៥​លាន​ដុល្លារ ដោយ​គិត​បញ្ចូល​ទាំង​ការប្រាក់​សម្បទាន៣ភាគរយ ដែល​ជា​អត្រា​ទាប​ជាង​អត្រា​ការប្រាក់​ក្នុង​ទីផ្សារ។

លោក​ Jay Raman មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា៖ «យើង​ជឿជាក់​ថា ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ។ សហរដ្ឋ​អាមេរិក បាន​លើកទឹកចិត្ត​កម្ពុជា​ឲ្យ​ធ្វើ​ការ​ជាមួយ​យើង​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​មួយ​ចំពោះ​បញ្ហា​បំណុល​នេះ ចាប់តាំង​ពី​ក្រោយ​ការ​ចរចា​នៅ​ទីក្រុង​ប៉ារីស ឬ​ Paris Club កាល​ពី​ឆ្នាំ​១៩៩៥​មក​ម្ល៉េះ» ។

លោក Raman មាន​ប្រសាសន៍​ថា ធ្លាប់​មាន​ការ​ជជែក​គ្នា​បន្តិច​ដែរ​អំពី​បំណុល​ផ្លូវការ​របស់​កម្ពុជា ដែល​ជំពាក់​សហរដ្ឋអាមេរិក​ នៅ​ក្នុង​ការ​សន្ទនា​អំពី​កំណើន​និង​លក្ខណៈ​ប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ក្រោយ​ពី​មាន​ការ​ពិភាក្សា​លម្អិត​អំពី​បញ្ហា​នេះ បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១១ ដែល​នៅ​ពេល​នោះ ប្រតិភូ​អាមេរិក​មួយ​ក្រុម​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

សភា​អាមេរិក ត្រូវ​តែ​យល់​ព្រម​ចំពោះ​ការ​លុប​ចោល​បំណុល

អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ថា រដ្ឋាភិបាល​អាមេរិក មិនមាន​អំណាច​ផ្លូវ​ច្បាប់​ក្នុង​ការ​លុបចោល​បំណុល​ចំពោះ​ប្រទេស​ទាំងឡាយ​ណា​ដែល​មាន​លទ្ធភាព​សង​ដូច​ជា​កម្ពុជា​ជាដើម ដោយ​មិន​ឆ្លងកាត់​សភា​បានទេ។

ប្រទេស​កម្ពុជា លែង​រងគ្រោះ​ដោយសារ​កម្រិត​នៃ​ភាព​ក្រីក្រ ដូច​ដែល​ប្រទេស​នេះ​ធ្លាប់​ឆ្លងកាត់​ត​ទៅ​ទៀត​ហើយ។ ថ្មីៗ​នេះ ប្រទេស​នេះ​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​មធ្យម ហើយ​សូម្បី​តែ​មាន​ឋានៈ​បែប​នេះ​ហើយ​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក នៅ​តែ​បរិច្ចាគ​ថវិកា​ឲ្យ​ជាមធ្យម​ប្រមាណ​៧០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ជា​ជំនួយ​បរទេស​ដោយ​ផ្ទាល់។ សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា ខ្លួន​នឹង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​៧៨​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧។

លោក Billy Chia-Lung Tai ទីប្រឹក្សា​ឯករាជ្យ​ខាង​សិទ្ធិមនុស្ស​នៅ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា CL Consulting បាន​ទទូច​ឲ្យ​ពលរដ្ឋ​កម្ពុជា​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ចំពោះ​បញ្ហា​បំណុល​នេះ។

លោក​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​ពិត​ជា​មាន​សីលធម៌​ខ្ពស់​នៅ​ពេល​ដែល​ពួក​គេ​និយាយ​ដល់​របៀប​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ចំណាយ​ថវិកា​ក្នុង​សម័យ​លោក លន់ នល់។

លោក​មាន​ប្រសាសន៍​ថា៖ «និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​រាង​ស្រងាក​ចិត្ត​បន្តិច​ដែរ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​ទង្វើ​របស់​អ្នក​ មិន​មាន​ផលវិបាក​អ្វី​សោះ​នោះ​ អញ្ចឹង​វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ប្រព័ន្ធ​បំណុល​ទាំងមូល​ រាង​គ្មាន​បាន​ផល​អ្វី​ទេ»។

ការ​ជំរុញ​ឲ្យ​មាន​វិធីសាស្ត្រ «ស្ងប់ស្ងាត់»

លោក Billy Chia-Lung Tai ថ្លែង​ថា «ខ្ញុំ​គិត​ថា ការ​ស្រែក​ដាក់​អាមេរិកាំង មិន​បាន​ផល​ទេ។ ខ្ញុំ​យល់​ស្រប​ម្យ៉ាង​ថា អាមេរិកាំង​ពិត​ជា​មិន​មាន​សីលធម៌​ខ្ពស់​ទេ បើ​គិត​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៧០​នៅ​ក្នុង​តំបន់​នោះ ហើយ​ពិត​ណាស់​ គឺ​លុយ​ដែល​ពួកគេ​ប្រើ ដើម្បី​លើក​បន្តុប​របប​មួយ ដែល​ពួកគេ​ចង់​ឲ្យ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​ស្របច្បាប់នៅ​ក្នុង​ពេល​សង្គ្រាម​វៀតណាម»។

លោក​បន្ត​ថា៖ «ដូច្នេះ ខ្ញុំ​ថា​ការ​ប្រើ​វិធីសាស្ត្រ​ទន់ភ្លន់​តាម​បែប​ការទូត​ជាង​នេះ ប្រហែល​ជា​ល្អ»។

លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល​នេះ​កាល​ពី​ឆ្នាំ​២០០២ នៅ​ពេល​ប្រទេស​ចិន បាន​លុបចោល​បំណុល​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​ជំពាក់ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​នេះ គ្រប់គ្រង​ប្រទេស​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩​នោះ។

ប៉ុន្តែ ប្រទេស​រុស្សី ក៏​បាន​បដិសេធ​មិន​លុបចោល​បំណុល​ចំនួន​១៣០០​លាន​ដុល្លារ ដែល​កម្ពុជា​ខ្ចី ក្នុង​ពេលវៀតណាម​កាន់កាប់​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​នោះ​ដែរ។

ការ​ប្រឹងប្រែង​ពី​មុនៗ​មក​ដើម្បី​សុំ​ឲ្យ​អាមេរិក​លុបចោល​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ក្នុង​សម័យ​លន់ នល់​នោះ សុទ្ធ​តែ​មិន​បាន​ផល​ទាំង​អស់ ​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​លោក ចច ដាប៊ិលយូ ប៊ូស (George W. Bush ) និង​លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

តើ​ជំនួយ​បែប​ណា​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា?

លោក សម្បូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថាតើ​លុយ​អាមេរិក​នោះ គឺ​ជា​បំណុល​ឬ​ជា​ជំនួយ​មនុស្សធម៌ ដោយសារ​តែ​លុយ​នោះ បាន​មក​ដល់​ក្នុង​គ្រា​ដ៏​លំបាក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេសកម្ពុជា​នេះ។ នៅ​ពេល​នោះ​សង្គ្រាម​ស៊ីវិល​មាន​លក្ខណៈ​ស្រួច​ស្រាវ ហើយ​ក្រុម​ខ្មែរ​ក្រហម​មាន​លក្ខណៈ​គួរ​ឲ្យ​ព្រឺព្រួច។

លោក​សួរ​ជា​សំណួរ​ថា៖ «កត្តា​សំខាន់​ដែល​ត្រូវ​ពិចារណា​នោះ​គឺ​ថា តើ​លុយ​នេះ​គឺ​សម្រាប់​ជំនួយ​មនុស្ស​ធម៌​ឬ​សម្រាប់​ទំនាក់ទំនង​ការទូត។ តើ​វា​ជា​បំណុល​ឬ​ជំនួយ​មនុស្ស​ធម៌?»

លោក សម្បូរ ម៉ាណារ៉ា បន្ត​ថា៖ «ច្បាស់​ណាស់​ដែល​ថា​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​សម្រាប់​ពួកគេ ក្នុង​ការ​ប្រើ​ធនធាន​គ្រប់​បែបយ៉ាង ដើម្បី​ប្រកួត​ក្នុង​សង្គ្រាម។ ហេតុដូច្នេះ លុយ​នេះ​ មិន​អាច​ជា​បំណុល​ទេ ដោយសារ​ការ​ផ្ដល់​លុយ​នេះ គឺ​ជា​ទង្វើ​មួយ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ក្នុង​សង្គ្រាម​ត្រជាក់​រវាង​គោល​គំនិត​នៃ​មហាអំណាច​ពីរ​គឺ លទ្ធិប្រជាធិបតេយ្យ​និង​លទ្ធិកុម្មុយនិស្ត»។

ក្រុម​អ្នក​វិភាគ និយាយ​ថា មាន​មូលហេតុ​ជាច្រើន​ទៀត ដែល​លោក​ប្រធានាធិបតី ត្រាំ ទំនង​ជា​នឹង​មិន​ស្ដាប់ យ៉ាង​ហោច​ណាស់​ ដោយសារ​លោក ហ៊ុន សែន​ ច្រឡំនៅ​ពេល​និយាយ​ថា ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គឺ​ជា​អាវុធ​ជីវសាស្ត្រ​នោះ។

អ្នក​វិភាគ​ម្នាក់​ដែល​បដិសេធ​មិន​បង្ហាញ​ឈ្មោះ ដោយសារ​ខ្លាច​ធ្វើឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​មិន​សប្បាយ​ចិត្ត​នោះ ​និយាយ​ថា «ទឹក​ប្រាក់​នេះ មាន​ចំនួន​ច្រើន​ណាស់ ប៉ុន្តែ ខ្ញុំ​គិត​ថា ចំណុច​សំខាន់​នោះ គឺ​ថា អាមេរិកាំង តែងតែ​មាន​ទំនោរ​ប្រកាន់​យក​ភាព​មិន​អាច​រំលោភ​បាន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ»។

អ្នក​វិភាគ​រូប​នេះ​ បន្ថែម​ថា «ខ្ញុំ​ប្រាកដ​ណាស់​ថា នៅ​មាន​ផ្លូវ​ក្នុង​ការ​រៀបចំ​សង​បំណុល​នេះ​ ដោយ​ការ​បង់​ជា​ដំណាក់​កាលៗ ក្នុង​រយៈពេល​វែង​ ប៉ុន្តែ​គេ​ត្រូវ​តែ​ធ្វើ​សកម្មភាព​ហើយ​ចរចា​គ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​នេះ»៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី

XS
SM
MD
LG