នៅថ្ងៃពុធនេះ អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលតំណាងឲ្យប្រទេសចំនួន៣៦ បានអំពាវនាវឲ្យកម្ពុជាបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការលើបក្សប្រឆាំង ស្របពេលគណបក្សសង្គ្រោះជាតិប្រកាសគម្រោងធ្វើមហាបាតុកម្ម ហើយរដ្ឋាភិបាលចល័តកងកម្លាំងប្រដាប់អាវុធគំរាមបក្សប្រឆាំង។
តំណាងអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បារម្ភពីការលែងដំណើរការនៃវប្បធម៌សន្ទនានៅកម្ពុជា និងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ចំណាត់ការផ្លូវច្បាប់លើមេដឹកនាំបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិល។
បើតាមសេចក្តីប្រកាសរួមស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Keith Harper តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថាប្រទេសចំនួន៣៦បានគាំទ្រលើសេចក្តីថ្លែងការណ៍មួយដែលបានបង្ហាញសេចក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ប្រទេសដែលគាំទ្រទាំងនោះរួមមាន ប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស ប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោក Keith Harper បន្តក្នុងលិខិតនោះថា ប្រទេសទាំងនោះបានអំពាវនាវសុំឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសអនុគ្រោះ និងល្អសម្រាប់សុវត្ថិភាពសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីប្រកាសរួមដែលលោក Keith Harper ដាក់ជូនប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែលបន្ថែមដោយលើកឡើងពីការបារម្ភទៅលើការកើនឡើងភាពតានតឹងនយោបាយនៅកម្ពុជាដូចជា ការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ លោកបន្ថែមថា លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តឡើងវិញនូវការសន្ទនានយោបាយ និងធានាឲ្យមានការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចងក្រងជាក្រុម ជាសមាគម និងសេរីភាពក្នុងការប្រមូលផ្តុំ។
លោកបញ្ជាក់ថា៖“យើងមានកង្វល់ជាពិសេសដោយមើលឃើញថាមានការប្តឹងទៅតុលាការដោយមិនទំនង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល ហើយយើងមានកង្វល់ដូចគ្នានេះផងដែរពីស្ថានភាពនៃវប្បធម៌សន្ទនារវាងគណបក្សនយោបាយធំជាងគេពីរ ដែលឈប់មានដំណើរការទៅមុខ”។
លោកបានបន្ថែមថា៖ “យើងសូមអំពាវនាវអោយរដ្ឋាភិបាលខិតខំជាអតិបរមា ដើម្បីបង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដែលក្នុងនោះ គណបក្សប្រឆាំង និងសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរី។ យើងសូមអំពាវនាវផងដែរ អោយប្រទេសកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិក្នុងការធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ”។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន លើកឡើងថា ការលើកឡើងរបស់តំណាងអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺខុសពីការពិត និងមានលក្ខណៈនយោបាយ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងគោរពច្បាប់ក្នុងប្រទេសនីតិរដ្ឋដើម្បីការពារផលប្រយោជន៍ជូនពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «យើងអនុវត្តច្បាប់ដែលជានីតិរដ្ឋ ហើយបើសិទ្ធិសេរីភាពណាដែលនាំឲ្យមានការបះបោរប្រឆាំងនឹងអំណាចរដ្ឋ យើងមិនអនុញ្ញាតឲ្យជាដាច់ខាត ដូច្នេះផលប្រយោជន៍របស់កម្ពុជា រដ្ឋាភិបាលដែលមានបន្ទុកក្នុងកិច្ចការពារផលប្រយោជន៍របស់កម្ពុជា មិនមែនបរទេសណាមួយទេ ព្រោះកម្ពុជាបានទទួលការញាំញីពីបរទេស ដែលតែងតែធ្វើរបាយការណ៍ខុស ដែលបានពន្យល់ទៅក្នុងនិន្នាការនយោបាយ»។
នៅថ្ងៃទី១២ ខែកញ្ញានេះ សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលសមាជិកសភាទាំងពីរគណបក្ស បានប្រឹងប្រែងជាយូរឆ្នាំក្នុងការទាមទាររដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមប្រឆាំង គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គោរពច្បាប់ ហើយនឹងធ្វើឲ្យមានការបោះឆ្នោត ដោយសេរីយុត្តិធម៌ត្រឹមត្រូវ។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Ravina Shamda sani បានបង្ហាញក្តីបារម្ភអំពីបរិយាកាសនៃការបំភិតបំភ័យកាន់តែខ្លាំងឡើងដល់អ្នកនយោបាយ អ្នកគាំទ្ររបស់បក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីក្នុងប្រទេសកម្ពុជា។
តំណាងរាស្រ្តអាមេរិកបានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបង្ហាញក្តីបារម្ភថា ការបោះឆ្នោតនៅពេលខាងមុខអាចនឹងគ្មានវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំង ហើយថា មេដឹកនាំកម្ពុជាកំពុងអនុវត្តថយក្រោយនូវលទ្ធិប្រជាធិបតេយ្យ។
ថ្មីៗនេះគណបក្សប្រឆាំងបានប្រកាសថាខ្លួននឹងធ្វើបាតុកម្មការពារយុត្តិធម៌ជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង មន្រ្តី និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថានឹងចាត់វិធានការប្រឆាំងការបាតុកម្មនេះ ដោយមានការធានាពីមេដឹកនាំកងកម្លាំងប្រដាប់អាវុធ និងកងអង្គរក្សផ្ទាល់របស់លោកផងដែរ៕