ប្រទេសថៃគ្រប់គ្រងដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៧០ វស្សា មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
ក្រុមអ្នករិះគន់និយាយថា អំណាចទាំងនោះមិនអាចយកមកជជែកវែកញែកបានទេ ដោយសារតែច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ នៅមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំចំពោះជនណាម្នាក់ដែលត្រូវបានចាត់ទុកថាមានទោសពីបទបរិហារកេរ្តិ៍ ប្រមាថ ឬការគំរាមកំហែងសមាជិករាជវង្សានុវង្សសំខាន់ៗ។
មនុស្សរាប់សិបនាក់ រួមទាំងយុវជនជំទង់ៗ ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ ចាប់តាំងពីការតវ៉ាដ៏ធំដែលដឹកនាំដោយយុវជនបានផ្ទុះឡើងក្នុងឆ្នាំ២០២០។ បាតុកម្មទាំងនោះមានការអំពាវនាវជាសាធារណៈដែលមិនធ្លាប់មានពីមុនមកឲ្យធ្វើកំណែទម្រង់របបរាជានិយម និងការលុបចោលមាត្រា ១១២។
បុរសអាយុ ២៦ ឆ្នាំម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ២ ឆ្នាំ កាលពីពេលថ្មីៗនេះពីបទលក់ប្រតិទិនដែលពណ៌នាអំពីទាកៅស៊ូដែលតុលាការព្រហ្មទណ្ឌចាត់ទុកថាបានប្រមាថព្រះមហាក្សត្រថៃ។
សកម្មជនពីរនាក់ដែលត្រូវបានចោទប្រកាន់តាមមាត្រា១១២ ឈ្មោះនាង Tantawan Tuatulanont អាយុ ២១ ឆ្នាំនិងនាង Orawan Phupong អាយុ ២៣ ឆ្នាំបានធ្វើកូដកម្មអត់អាហារចាប់តាំងពីថ្ងៃទី ១៨ ខែមករាដោយទាមទារឱ្យតុលាការដោះលែងអ្នកទោសនយោបាយទាំងអស់។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពួកគេបានចាកចេញពីមន្ទីរពេទ្យដោយខ្លួនឯង ដើម្បីបន្តធ្វើកូដកម្មនៅមុខតុលាការកំពូលក្នុងទីក្រុងបាងកក។
អ្នកទាំងពីរមានឈ្មោះហៅក្រៅថា នាងTawan និង Bam។ ពួកគេត្រូវបានចោទប្រកាន់ពីបទរៀបចំការស្ទង់មតិមួយក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើផលប៉ះពាល់នៃក្បួនព្រះរាជទីនាំង ដែលជារឿយៗរំខានដល់ចរាចរណ៍ទីក្រុងបាងកក។
បច្ចុប្បន្ននេះ ពួកគេបដិសេធមិនហូបអាហារ និងផឹកទឹកតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ ខណៈដែលសុខភាពរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី ៥០ នៃកូដកម្ម នេះ។
របបរាជានិយមរបស់ប្រទេសថៃត្រូវបានគាំទ្រដោយកងទ័ពរាជានិយម ដែលបានបំបែកកិច្ចប្រឹងប្រែងដើម្បីកសាងលទ្ធិប្រជាធិបតេយ្យពេញលេញដោយធ្វើរដ្ឋប្រហារជោគជ័យចំនួន ១៣ដង ចាប់តាំងពីឆ្នាំ១៩៣២មក។
នាយករដ្ឋមន្ត្រី លោក Prayuth Chan-ocha ដែលបានដឹកនាំរដ្ឋប្រហារចុងក្រោយក្នុងឆ្នាំ២០១៤ ជាមេទ័ព និងបន្ទាប់មកបានប្តូរឈ្មោះជាមេដឹកនាំស៊ីវិលនោះ បានបង្ហាញថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា។
លោកកំពុងស្វែងរកការវិលត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីជាថ្មី ដោយផ្លូវច្បាស់លាស់បំផុតថា ទំនងជាដឹកនាំរដ្ឋាភិបាលចម្រុះដោយមានគណបក្សដែលគាំទ្រកងទ័ពចូលរួម។
ប៉ុន្តែនៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រកំពុងស្ថិតក្រោមការត្រួតពិនិត្យជាថ្មី។
ករណីរបស់នាង Bam និង Tawan បានទាក់ទាញចំណាប់អារម្មណ៍ពីតារាល្បីៗ អ្នកនយោបាយ និងក្រុមសិទ្ធិមនុស្ស ក៏ដូចជាពី លោក Clement Voule អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាពនៃសមាគម និងការជួបជុំដោយសន្តិវិធី ដែលបានបង្ហោះសារតាមធ្វីតថឺកាលពីថ្ងៃទី១០ ខែកុម្ភៈ ថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសុខភាពដ៏សំខាន់នៃ«អ្នកទាំងពីរ»។
សកម្មភាពរបស់ពួកគេក៏បានបង្ហាញយោបល់ខុសគ្នានៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យលើ កម្រិតនៃកំណែទម្រង់ដែលពួកគេមានឆន្ទៈទាមទារផងដែរ។
គណបក្សដ៏ធំបំផុតរបស់ប្រទេសថៃ គឺគណបក្ស Pheu Thai សង្ឃឹមថានឹងឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយផ្តោតលើភាពស្មោះត្រង់របស់ប្រជាជនក្រីក្រនៅភាគខាងជើង និងភាគឦសានចំពោះគ្រួសារមហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra ដែលរដ្ឋាភិបាលរបស់លោកត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារឆ្នាំ២០០៦។
ប៉ុន្តែគណបក្សនេះបានដកឃ្លាពីការជំរុញឲ្យមានការកែទម្រង់មាត្រា១១២។
លោកថាក់ស៊ីន បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីចុងខែមុនពីក្រៅប្រទេសជាកន្លែងដែលលោករស់នៅដើម្បីគេចពីគុកនៅក្នុងប្រទេសថៃដោយការចោទប្រកាន់ពីបទពុករលួយថា៖ «ប្រសិនបើគណបក្ស Pheu Thai នៅក្នុងរដ្ឋាភិបាលខ្ញុំជឿជាក់ថាយើងនឹងមិនឃើញច្បាប់នេះត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ។
លោកបានបន្តថា៖ «វាងាយស្រួលក្នុងការប្រើស្តង់ដារអន្តរជាតិនៃនីតិរដ្ឋដើម្បីដោះស្រាយបញ្ហានេះជាជាងការធ្វើវិសោធនកម្មច្បាប់ដោយខ្លួនឯង»។
គណបក្សភឿថៃកំពុងដាក់កូនស្រីរបស់លោកថាក់ស៊ីន គឺអ្នកស្រី Paetongtarn Shinawatra អាយុ ៣៦ឆ្នាំ ជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលអាចប្រើឈ្មោះគ្រួសារដើម្បីទទួលបានសន្លឹកឆ្នោត។
អ្នកជំនាញនិយាយថា គណបក្សភឿថៃរក្សាជំហរស្ងាត់ស្ងៀមចំពោះច្បាប់នេះ ដើម្បីជៀសវាងការប្រឆាំងនឹងតុលាការដែលមានអន្តរាគមន៍ខ្ពស់របស់ប្រទេសថៃ និងបក្សពួករាជានិយមដែលស្អប់លោកថាក់ស៊ីន។
ដីការបស់តុលាការបានរំលាយគណបក្ស និងរដ្ឋាភិបាលដែលមានទំនាក់ទំនងនឹងត្រកូល Shinawatra ជាច្រើនកាលពីអតីតកាល នៅមុន និងក្រោយការបោះឆ្នោត។
ផ្ទុយទៅវិញ ការទទួលខុសត្រូវលើការកែទម្រង់ច្បាប់បានធ្លាក់ទៅលើគណបក្ស Move Forward (ចលនាឆ្ពោះទៅមុខ) ដែលជាគណបក្សចម្រើននិយម និងផ្តោតលើយុវជន។
ជាដំបូងគណបក្សចង់ឱ្យការផ្តន្ទាទោសតាមច្បាប់ត្រូវបានកាត់បន្ថយមកត្រឹមរយៈពេលអតិបរមាមួយឆ្នាំ ប៉ុន្តែមេដឹកនាំគណបក្សនិយាយថា រហូតមកដល់ពេលនេះ ប្រធានសភាបានរារាំងសំណើនេះមិនឱ្យយកមកជជែកគ្នានៅក្នុងសភា។
អ្នកស្រី Amornrat Chokepamitkul សមាជិកសភាគណបក្ស Move Forward ថ្លែងថា៖ «ដរាបណាយើងនៅតែមានច្បាប់នេះ ប្រទេសថៃគ្មានផ្លូវអាចក្លាយជាប្រទេសប្រជាធិបតេយ្យបានទេ»។
អ្នកស្រីបន្ថែមថា៖«តើយើងអាចហៅខ្លួនយើងថាជាប្រជាធិបតេយ្យដោយរបៀបណា នៅពេលដែលយើងមានច្បាប់ដែលហាមប្រាមមនុស្សមិនឲ្យនិយាយ ឬបញ្ចេញមតិដោយសេរីនោះ?»
ប៉ុន្តែការផ្លាស់ប្តូរណាមួយចំពោះច្បាប់ការពារស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ ជាការប្រថុយប្រថានដ៏ធំមួយនៅក្នុងប្រទេសដែលងាយប្រែប្រួល។
លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof-Ishak Institute ក្នុងប្រទេសសិង្ហបុរីបានថ្លែងថា៖
«ខ្ញុំរំពឹងថាគណបក្សភាគច្រើននឹងមានការស្ទាក់ស្ទើរក្នុងការធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាលើបញ្ហានៃមាត្រា១១២ ដោយសារមានហានិភ័យ ច្រើនជាងមានផលចំណេញដែលអាចទទួលបាន» ៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង