នៅពេលវិលត្រឡប់ទៅសាកលវិទ្យាល័យ Thammasat វិញ រយៈពេល ៤៤ ឆ្នាំ បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់ក្រុមនិស្សិតតវ៉ា លោក Pojanee Theil បានពណ៌នាប្រទេសថៃថាជាប្រទេសមួយដែលនៅតែជាប់វិលវល់ក្នុងអតីតកាល។
ស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រពីព្រះបរមរាជវាំង សាកលវិទ្យាល័យ Thammasat បានក្លាយជាចំណុចផ្តោតនៃចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលចលនានេះទាមទារឲ្យមានការកែទម្រង់ជាបន្ទាន់នូវសង្គមនិងនយោបាយថៃ។
ប៉ុន្តែដូចជាកាលពីអតីតកាលដដែល ក្រុមយោធាបដិសេធមិនចុះចេញពីអំណាច ហើយការគំរាមកំហែងពីក្រុមអ្នកគាំទ្ររបបរាជានិយមនៅតែបន្តមាន។
លោក Pojanee បាននិយាយថា៖ «តើពួកគេអាចធ្វើដូចនេះទៅលើមនុស្សដូចគ្នាបានយ៉ាងដូចម្តេចទៅ? ខ្ញុំបានវិលត្រឡប់មកកន្លែងដែលខ្ញុំធ្លាប់ស្ថិតនៅកាលពីវ័យក្មេង ហើយប្រទេសនេះមិនបានវិវត្តទៅមុខនោះទេចាប់តាំងពីពេលនោះមក»។ លោក Pojanee ជាអ្នកបានឃើញហេតុការណ៍បាញ់សម្លាប់កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៧៦។ ក្នុងហេតុការណ៍នោះ ក្រុមអ្នកគាំទ្ររបបរាជានិយម និងកងកម្លាំងសន្តិសុខបានសម្លាប់និស្សិតជាច្រើននាក់ ដែលធ្វើការតវ៉ាប្រឆាំងនឹងការវិលចូលកាន់តំណែងវិញរបស់មេទាហានមួយរូបដែលពលរដ្ឋទូទៅមិនពេញចិត្ត។
កាលពីឆ្នាំ ១៩៧៦ បាតុករឆ្វេងនិយមបានកោះហៅឲ្យមានការតាក់តែងរដ្ឋធម្មនុញ្ញថ្មី និងការបណ្តេញចេញលោកសេនាប្រមុខ Thanom Kittikachorn ដែលជាជនប្រឆាំងនឹងលទ្ធិកុម្មុយនីស្តដាច់អហង្ការ និងដែលបានវិលត្រឡប់មកវិញពីការនិរទេសខ្លួន។
នាពេលឥឡូវនេះ និស្សិតនៅសាកលវិទ្យាល័យ Thammasat បានដាក់ទម្ងន់លើការទាមទាររបស់ខ្លួនកាន់តែខ្លាំងជាងមុនទៅទៀត។
ពួកគេចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ផ្លាស់ប្ដូររដ្ឋធម្មនុញ្ញថ្មីមួយ និងការកែទម្រង់ទៅលើរបបរាជានិយមដែលមិនធ្លាប់មានពីមុនមក។ របបរាជានិយមថៃគឺជាស្ថាប័នមួយដែលនៅតែស្ថិតនៅក្រៅរង្វង់ការរិះគន់ជាសាធារណៈ ទោះបីជាមានភាពវឹកវរផ្នែកនយោបាយនៅប្រទេសថៃអស់រយៈពេលរាប់ទសវត្សរ៍មកហើយក៏ដោយ។
មនុស្សគ្រប់ជំនាន់មានការខឹងសម្បារ និងភាពសោកសៅក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យរំឭកខួបការបាញ់សម្លាប់ក្រុមនិស្សិតតវ៉ា កាលពីថ្ងៃអង្គារ ទី០៦ ខែតុលាកន្លងទៅនេះ។ ពិធីបុណ្យនេះត្រូវបានចាត់ទុកជាថ្ងៃដ៏សោកសៅបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តទាមទារលទ្ធិប្រជាធិបតេយ្យដែលឃើញមានការបង្ហូរឈាមនៅប្រទេសថៃ។
នៅក្នុងចំណោមអ្នកមកចូលរួមនៅក្នុងថ្ងៃរំឭកខួប ដែលមានការថ្លែងសុន្ទរកថា និងដុតភ្លើងទៀនគឺមានជនវ័យក្មេងដែលបានដឹងឮពីការបង្រ្កាបដ៏បង្ហូរឈាមនោះ ទោះបីជាការហេតុការណ៍បង្រ្កាបនោះត្រូវបានលុបចេញពីសៀវភៅពុម្ពសិក្សាតាមសាលាហើយក៏ដោយ។
យុវតី Punnapa សិស្សវិទ្យាល័យ វ័យ ១៥ ឆ្នាំម្នាក់ ដែលឈ្មោះពេញមិនត្រូវបានបង្ហាញដោយសារតែអាយុរបស់នាងក្រោម ១៨ ឆ្នាំ បាននិយាយថា៖ «ការកាប់សម្លាប់នោះមិនគួរកើតមាននោះទេ។ វាជារឿងខុសមួយ»។
នាងបានបន្តថា៖ «មានតែច្បាប់ទេ ដែលអាចនាំមកនូវការផ្លាស់ប្តូរ និងយុត្តិធម៌បាន»។
មនុស្សជំនាន់ក្រោយប្រយុទ្ធក្នុងសមរភូមិចាស់
បាតុកម្មនានានៅពេលចុងក្រោយបង្អស់នេះបានស្តារមកវិញនូវចលនាលទ្ធិប្រជាធិបតេយ្យមួយដែលកំពុងសាបរលាប។
លោក Chaturon Chaisan ជាអតីតមេដឹកនាំនិស្សិត និងជាអ្នកនយោបាយជើងចាស់ម្នាក់ បានថ្លែងប្រាប់ទៅក្រុមអ្នកចូលរួមថា៖ «អ្វីដែលពិសេសអំពីការរំឭកវិញ្ញាណក្ខន្ធនាឆ្នាំនេះគឺថា យើងឃើញថា «មនុស្សជំនាន់ក្រោយ» គឺពិតជាចាប់អារម្មណ៍ទៅលើប្រវត្តិនយោបាយរបស់ប្រទេស។ ហើយអនុស្សាវរីយ៍ដ៏ខ្មៅងងឹតទាំងនោះបានជំរុញចលនាតស៊ូរបស់ពួកគេ»។
មិនមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងការបាញ់សម្លាប់កាលពីថ្ងៃទី០៦ ខែតុលានោះទេ ដែលហេតុការណ៍នោះត្រូវបានថតជាប់នៅក្នុងខ្សែវីដអូបង្ហាញពីគំនរសាកសពដែលត្រូវបានដុត ខណៈនិស្សិតដែលមិនមានអាវុធ ត្រូវបានបញ្ជាឲ្យដោះអាវចេញ និងលូនក្រាបនៅលើទីលានបាល់ទាត់ក្រោមស្បែកជើងប៊ូរបស់ពួកទាហាន។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអាស៊ី បានលើកឡើងថា ការបង្ហូរឈាមនេះបានធ្វើឲ្យផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៅប្រទេសថៃនាសម័យទំនើប។
លោកបាននិយាយថា៖ «ចាប់តាំងពីពេលនោះមក ប្រជាជនថៃជួបការលំបាកនៅក្នុងការលុបបំបាត់ចោលនូវអំពើហិង្សា និងនិទណ្ឌភាព»។
មកទល់ពេលនេះ រដ្ឋាភិបាល និងយោធាថៃមានភាពអត់ធន់នឹងបាតុកម្មនាពេលចុងក្រោយបង្អស់នេះ។ ប៉ុន្តែការកោះហៅឲ្យមានការកែទម្រង់ទៅលើរបបរាជានិយមបានធ្វើឲ្យក្រុមបាតុករឈរនៅលើមូលដ្ឋានប្រកបដោយហានិភ័យមួយនៅក្នុងប្រទេសមួយ ដែលមេបញ្ជាការយោធាបានស្បថស្មោះស្ម័គ្រនឹងរាជវង្ស។
ប្រទេសថៃបានក្លាយជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៩៣២ ជាមួយនឹងច្បាប់កំពូលដាក់កំហិតទៅលើអំណាចរបស់រាជវង្ស ហើយច្បាប់កំពូលនេះត្រូវបានព្រាងដោយមេដឹកនាំរដ្ឋប្រហារលោក Pridi Banomyong។ លោក Pridi Banomyong បានបង្កើតសាកលវិទ្យាល័យ Thammasat ពីរឆ្នាំបន្ទាប់មក ហើយសាកលវិទ្យាល័យនេះបានក្លាយជាកន្លែងជជែកតស៊ូមតិស៊ីជម្រៅបានស៊ីជម្រៅសម្រាប់មនុស្សជំនាន់ក្រោយចាប់តាំងពីពេលនោះមក។
ប៉ុន្តែលទ្ធិប្រជាធិបតេយ្យមិនដែលនៅស្ថិតស្ថេរដោយរលូននោះទេនៅប្រទេសថៃ។ ជាញឹកញយ រដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំដោយការធ្វើរដ្ឋប្រហាររបស់កងយោធា ដែលស្មោះស្ម័គ្រនឹងរាជវង្ស។ ហើយមានតែមេដឹកនាំជ្រើសតាំងពីបោះឆ្នោតគឺ លោក Thaksin Shinawatra តែម្នាក់ប៉ុណ្ណោះ ដែលអាចបំពេញកាតព្វកិច្ចបានមួយអាណត្តិពេញលេញ។ លោក Thaksin Shinawatra បានធ្វើជានាយករដ្ឋមន្រ្តីពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦។
លោក Thaksin ដែលជាវីរជននៅក្នុងក្រសែភ្នែកជនក្រីក្រតាមទីជនបទ ប៉ុន្តែមិនត្រូវបានក្រុមរាជានិយមចូលចិត្ត ត្រូវបានបណ្តេញចេញពីអំណាចដោយយោធា ហើយបន្តមកដោយរដ្ឋាភិបាលដែលមានអាណត្តិខ្លីអស់រយៈពេល ១៤ ឆ្នាំមកនេះ គួបផ្សំនឹងអំពើហិង្សាផ្នែកនយោបាយ ការចូលក្តាប់អំណាចដោយយោធា និងបញ្ហាសេដ្ឋកិច្ចជាដើម។
បាតុករវ័យក្មេងចង់បណ្តេញរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា ចេញ។ លោកគឺជាអតីតមេបញ្ជាការយោធាចូលកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលឆ្នាំ ២០១៤។
អតីតកាលកើតឡើងសាជាថ្មី?
សាកលវិទ្យាល័យ Thammasat ជាថ្មីម្ដងទៀត បានក្លាយជាចំណុចផ្តោតនៅក្នុងប្រទេសមួយដែលមិនអាចគេចផុតពីអតីតកាលរបស់ខ្លួន។
លោក Anon Nampa ជាមេធាវី និងជាសកម្មជនល្បីល្បាញមួយរូប ដែលអំពាវនាវឲ្យមានការកែទម្រង់របបរាជានិយម បានថ្លែងនៅអំឡុងថ្ងៃរំឭកវិញ្ញាណក្ខន្ធនោះថា៖ «សូមធ្វើឲ្យគេឯងដឹងថា វីរបុរសថ្ងៃទី០៦ តុលា របស់យើងមិនបានស្លាប់ដោយអសារបង់នោះទេ។ យើងសន្យាថា នឹងត្រូវបន្តតស៊ូ និងទាមទារនូវអ្វីដែលគេហាមឃាត់»។
ដោយមានទ្រព្យសម្បត្តិដ៏មហិមា និងត្រូវបានការពារដោយច្បាប់ប្រមាថព្រះចេស្តា និងយោធា រាជវង្សថៃមិនបានរងការប៉ះពាល់នោះទេពីបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោក Anon និងមេដឹកនាំចលនាយុវជនដទៃទៀត បានទាមទារឲ្យព្រះមហាក្សត្រព្រះអង្គ Maha Vajiralongkorn គោរពតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៣២។
ព្រះអង្គ Maha Vajiralongkorn បានឡើងគ្រងរាជកាលពីឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមកបានពង្រឹងការក្តោបក្តាប់ទៅលើទ្រព្យដ៏មហិមារបស់រាជវង្សថៃ ហើយមានកងយោធាពិសេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
ក្រុមបាតុករនិយាយថា ពួកគេនឹងប្រមូលផ្តុំគ្នានៅថ្ងៃទី១៤ ខែតុលានៅកណ្តាលទីក្រុងបាងកកដើម្បីធ្វើមហាបាតុកម្មដោយសន្តិវិធីមួយ ដើម្បីវាយតម្លៃទៅលើទំហំនៃការគាំទ្រជាសាធារណៈមកលើចលនារបស់ពួកគេ។
ក្រុមអ្នកសង្កេតការណ៍នៅប្រទេសថៃនិយាយថា ដើម្បីជំរុញឲ្យរដ្ឋាភិបាលចាប់ផ្តើមប្រយ័ត្នប្រយែង ក្រុមបាតុករត្រូវការមនុស្សឲ្យបានច្រើនជាង ៣ម៉ឺននាក់ ដែលបានជួបជុំគ្នាម្តងរួចទៅហើយកាលពីចុងខែកញ្ញា។
នៅមុខកន្លែងគោរពវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតក្នុងការកាប់សម្លាប់យ៉ាងរង្គាលកាលពីថ្ងៃទី០៦ ខែតុលា និស្សិត និងសកម្មជននយោបាយឈ្មោះ Panusaya Sithijirawattanakul បាននិយាយថា៖ «ខ្ញុំដឹងថា រាល់ពេលដែលយើងបង្កើតជាក្រុមតវ៉ាមួយឡើង វាធ្វើឲ្យយើងរំឭកពីអនុស្សាវរីយ៍គួរឲ្យរន្ធត់មួយនេះ»។
នាងបានបន្តថា៖ «តើប្រវត្តិសាស្រ្តកំពុងកើតមានឡើងវិញឬ? យ៉ាងណាក៏ដោយ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារមនុស្សគ្រប់គ្នា»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា