ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​រាប់​ពាន់​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​ប្រឆំាង​ព្រះមហាក្សត្រ


រូបឯកសារ៖ ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យថៃ​​ត្រូវ​បាន​អាជ្ញាធរ​បាញ់​ទឹក​ដាក់ ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​បំបែក​ពួកគេ​ចេញ​ពី​កន្លែង​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យថៃ​​ត្រូវ​បាន​អាជ្ញាធរ​បាញ់​ទឹក​ដាក់ ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​បំបែក​ពួកគេ​ចេញ​ពី​កន្លែង​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​ប៉ូលិស​ថៃ​ជិត ៦ ពាន់​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ថ្ងៃ​ពុធ​ស្អែក​ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ ដោយ​អ្នក​តវ៉ា​បាន​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ Maha Vajiralongkorn បោះបង់​ចោល​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។

ប៉ូលិស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បាតុករ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជិត​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​នោះ​ទេ ក្នុង​ចម្ងាយ ១៥០ ម៉ែត្រ។ ចំណែក​ឯ​ក្រុម​អ្នក​គាំទ្រ​របប​រាជា​និយម​ក៏​បាន​និយាយ​ផងដែរ​ថា ពួកគេ​នឹង​ជួបជុំ​គ្នា​ដើម្បី​ការពារ​របប​រាជា​និយម។

លោក Piya Tavichai អនុ​ប្រធាន​ប៉ូលិស​ក្រុង​បាងកក បាន​និយាយ​ថា ក្រុម​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។

លោក Tavichai បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​នឹង​ចាត់​វិធានការ​សមរម្យ អាស្រ័យ​លើ​សកម្មភាព​របស់​ក្រុម​បាតុករ»។

មនុស្ស​ជាង ៥០ នាក់​បាន​រង​របួស​កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​ប៉ូលិស​ប្រើ​កាណុង​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាញ់​ទៅ​លើ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​នៅ​រដ្ឋសភា ក្នុង​ថ្ងៃ​ដែល​មាន​អំពើ​ហិង្សា​ខ្លាំង​បំផុត ចាប់តំាង​ពី​មាន​ការ​តវ៉ា​ប្រមាណ​ជាង ៤ ខែ​កន្លង​មក។

បាតុកម្ម​កន្លង​មក​បាន​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី Prayuth Chan Ocha ចុះចេញ​ពី​តំណែង ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ឡើង​វិញ និង​ឲ្យ​មាន​ការ​កែ​ទម្រង់​របប​រាជា​និយម៕

XS
SM
MD
LG