ភ្នំពេញ៖ មន្ត្រីប៉ូលិសមួយរូបបានបដិសេធភ្លាមៗថាលោកមិនជាប់ពាក់ព័ន្ធនឹងករណីបាញ់កម្មការិនីចំនួនបីនាក់ឱ្យរងរបួសទេហើយលោកបានប្រកាសទាមទាររកយុត្តិធម៌ចំពោះការចោទប្រកាន់នេះ។
ការបដិសេធនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយកដ្ឋានបុគ្គលិករបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះបានកោះហៅលោក ស ចាន់ថាប្រធានការិយាល័យព្រហ្មទណ្ឌនៃអធិការប៉ូលិសក្រុងបាវិតមកសាកសួរពីបទសង្ស័យថាបានបង្ករបួសស្នាមដល់ជនរងគ្រោះកម្មការិនីចំនួនបីនាក់។
លោក ស ចាន់ថាបានប្រាប់វីអូអេតាមទូរស័ព្ទនៅថ្ងៃអង្គារនេះថាលោកមិនបានបាញ់កម្មការិនីទាំងបីនាក់នោះទេ។ លោកបានចោទសួរថាលោកឈូក បណ្ឌិតត្រូវបានដឹងជាទូទៅថាបានបាញ់កម្មការិនីចំនួនបីនាក់ឱ្យរងរបួសហេតុអ្វីបានជាតុលាការចោទប្រកាន់លោកពីបទបង្ករបួសស្នាមទៅវិញ។
លោកបាននិយាយថានៅថ្ងៃកើតហេតុលោកនៅក្នុងរោងចក្រមួយផ្សេងដែលនៅចម្ងាយប្រមាណជាង៥០០ម៉ែត្រពីកន្លែងកើតហេតុហើយលោកគ្មានអាវុធនៅជាប់នឹងដៃទេគឺលោកកាន់តែដំបងឈើមួយតែប៉ុណ្ណោះ។លោកបាននិយាយថាអធិការប៉ូលិសបានបញ្ជាឱ្យលោកយាមការពាររថយន្តពន្លត់អគ្គិភ័យហើយលោកមិនបានបង្ក្រាបទៅលើក្រុមកម្មករទេ។
«រឿងកើតឡើងនៅរោងចក្រកៅវ៉េបែរជាខ្ញុំនៅរោងចក្រស៊ីកូមានបញ្ហាទៅវិញ។ហើយកម្មកររបួសស្នាមនៅរោងចក្រកៅវ៉េនេះទេ។ពីព្រោះអីបំភ្លើសពីការពិតពេក»។
លោក បែន វិបុលអនុប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួងមហាផ្ទៃបានបដិសេធថាលោកមិនបានដឹងពីករណីកោះហៅនេះទេហើយលោកបានបង្វែរសំណួរឱ្យទៅសួរលោកប្រធាននាយកដ្ឋាន។
«ខ្ញុំអត់ច្បាស់ដែរពីព្រោះប៉ុន្មានថ្ងៃនេះខ្ញុំចេញទៅខេត្ត។បងប្រធានគាត់ចេញទៅវៀតណាម»។
លោក ចាន់ អ៊ានប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។
កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២មានក្រុមកម្មកររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងបានធ្វើបាតុកម្មដ៏រំជើបរំជួលមួយដើម្បីទាមទារលក្ខខណ្ឌការងារ។ នៅក្នុងព្រឹត្តិការណ៍ពេលនោះយ៉ាងតិចមានកម្មការិនីចំនួនបីនាក់គឺកែវ នា នុត សាខន និងប៊ុន ចិន្តាបានរងរបួសដោយសារការបាញ់ដោយគ្រាប់កាំភ្លើង។
ក្រោយមកខ្មាន់កាំភ្លើងត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថាគឺលោកឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតជាអ្នកជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារមកលើក្រុមកម្មករ។
តុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី១៤ខែធ្នូបានទម្លាក់ចោលការចោទប្រកាន់ពាក់ព័ន្ធករណីលោកឈូក បណ្ឌិតដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីជនរងគ្រោះនិងអង្គការសង្គមស៊ីវិលថាជាការជ្រៀតជ្រែករបស់អំណាចសាធារណៈលើប្រព័ន្ធយុត្តិធម៌និងបានបង្កឲ្យមានការភ័យខ្លាចដល់ក្រុមកម្មករ។
លោកអ៊ុក សាវុធអគ្គព្រះរាជអាជ្ញារបស់សាលាឧទ្ទរណ៍ត្រូវបានកាសែតក្នុងស្រុកបានរាយការណ៍ថាបានប្តឹងទាស់ចំពោះករណីទម្កាក់ចោលការចោទប្រកាន់របស់សាលាដំបូងខេត្តស្វាយរៀង។
លោកហ៊ីង ប៊ុនជាព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះបាននិយាយថានៅថ្ងៃពុធស្អែកនេះសំណុំរឿងនេះនិងបញ្ជូនទៅសាលាឧទ្ទរណ៍ដើម្បីពិនិត្យសើរើឡើងវិញ។
«សាលាឧទ្ធរណ៍គេអ្នកមើលអំពីអង្គហេតុនោះឡើងវិញ។តើដីការដំណោះស្រាយហ្នឹងវាត្រឹមត្រូវដែរឬអត់»។
លោកសុរិយា ប្រសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីចុងខែធ្នូបានលើកឡើងពីការព្រួយបារម្ភជាខ្លាំងចំពោះ និទណ្ឌភាពក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះមុនពេលដែលតុលាការខេត្តស្វាយរៀង លើកលែងការចោទប្រកាន់ប្រឆាំងទៅនឹងលោកឈូក បណ្ឌិត៕