មានតែប្រជាជនស៊ីរីមួយចំនួនតូចតែប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាជនភៀសខ្លួន។ ពួកគេភាគច្រើនទទួលបានទិដ្ឋាការមនុស្សធម៌ដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសដោយគ្មានការគាំទ្រខាងហិរញ្ញវត្ថុ លំនៅឋាន ឬសេវាសុខភាពឡើយ។
ក្នុងតួលេខរបស់រដ្ឋាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៤ មានប្រជាជនស៊ីរីចំនួន១.១៤៤នាក់បានស្នើសុំសិទ្ធិជ្រកកោននៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែសិទ្ធជាជនភៀសខ្លួនត្រូវបានប្រគល់ឲ្យតែ៣នាក់ប៉ុណ្ណោះ។
លោក Ahmed Lababidi អាយុ២៣ ឆ្នាំ ជាពលរដ្ឋស៊ីរីម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលពាក្យស្នើសុំរបស់លោកត្រូវបានបដិសេធ។ សព្វថ្ងៃ លោករស់នៅលើកោះ Jeju ដែលប្រើរយៈ១ ម៉ោងពីខាងត្បូងទីក្រុងសេអ៊ូល ប្រសិនបើធ្វើដំណើរតាមអាកាស។ លោក និងប្អូនប្រុសរបស់លោកបានភៀសខ្លួនពីស្រុកកំណើតទីក្រុង Aleppo នៅឆ្នាំ២០១២ បន្ទាប់មកក៏ធ្វើដំណើរមកកូរ៉េខាងត្បួងដោយទិដ្ឋាការពាណិជ្ជកម្មបណ្តោះអាសន្ន។
ប៉ុន្តែពេលលោក Lababidi ដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅការិយាល័យអន្តោប្រវេសន៍ក្នុងស្រុកមួយ លោកនិយាយថា គេប្រាប់លោកថាការភៀសខ្លួនពីសង្គ្រាមមិនដែលជាលក្ខខណ្ឌដើម្បីទទួលបានសិទ្ធជាជនភៀសខ្លួននៅប្រទេសកូរ៉េខាងត្បូងទេ។
លោករៀបរាប់ពីសម្តីដែលមន្រ្តីនោះបានប្រាប់លោកថា៖ «ពួកគេគ្រាន់តែនិយាយថា អ្នកមិនមែនជាជនភៀសខ្លួនទេ ព្រោះវាគ្រាន់តែជាសង្គ្រាមតែប៉ុណ្ណោះ អ្នកអាចស្នាក់នៅទីនេះបាន ប៉ុន្តែមិនមែនក្នុងនាមជាជនភៀសខ្លួនទេ»។
លោក Lababidi បន្ថែមថា ភ្នាក់ងារនោះបានប្រាប់លោកថា លក្ខខណ្ឌស្នើសុំសិទ្ធិស្នាក់នៅគឺអាស្រ័យលើការបង្ហាញភស្តុតាងបញ្ជាក់ថា ជីវិតរបស់លោកនឹងទទួលរងការគំរាមកំហែង ប្រសិនបើលោកត្រឡប់ទៅប្រទេសស៊ីរីវិញ។
«ខ្ញុំមានសកម្មភាពខ្លះៗលើគេហទំព័រហ្វេសប៊ុក ដែលប្រឆាំងនឹងរដ្ឋាភិបាល។ ពួកគេស្គាល់ឈ្មោះរបស់ខ្ញុំ» លោកនិយាយថា ទោះបីជាលោកប្រាក់មន្រ្តីនោះបែបនេះ ក៏មិនបានការដែរ។
សន្ធិសញ្ញាអង្គការសហប្រជាជាតិ
អ្នកតាមដានស្ថានការណ៍មួយចំនួន បានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងពីបទមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាភាគីដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាអង្គការសហប្រជាជាតិទាក់ទងនឹងសិទ្ធិរបស់ជនភៀសខ្លួន។ សន្ធិសញ្ញានេះកំណត់ថាតើអ្នកណាខ្លះជាជនភៀសខ្លួន និងទំនួលខុសត្រូវរបស់ប្រទេសម្ចាស់ផ្ទះចំពោះបុគ្គលនោះ។
«ជាក់ស្តែងណាស់ រដ្ឋាភិបាលក្រុងសេអ៊ូលស្ទាក់ស្ទើរក្នុងការអនុវត្តកាតព្វកិច្ចទាំងនេះ លើកលែងតែករណីដែលមានភស្តុតាងច្បាស់លាស់តែម្តង»។ នេះជាសម្តីរបស់លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី។
លោក Robertson និយាយថាទិដ្ឋាការមនុស្សធម៌របស់កូរ៉េខាងត្បូង គឺស្ថិតក្នុង «ជំពូកសិប្បនិម្មិត» ដែល «ផ្តល់សិទ្ធិតិច» ទៅកាន់អ្នកស្វែងរកសិទ្ធជ្រកកោន។ ហើយលោកបានលើកឡើងថា ប្រទេសជប៉ុនក៏កំពុងរងការរិះគន់ស្រដៀងគ្នានេះដែរចំពោះគោលនយោបាយជនភៀសខ្លួន។
លោកបាននិយាយថា៖ «ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធតែជាសង្គមដែលមានស្ថានភាពសេដ្ឋកិច្ចប្រសើរ និងមានលទ្ធភាពផ្តល់ជំនួយជាទីលំនៅដល់ជនភៀសខ្លួន។ ពួកគេនៅមានភាពស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនក្នុងសង្គមរបស់ខ្លួន»។
លោក Robertson លើកឡើងថា គោលនយោបាយរបស់កូរ៉េខាងត្បូងចំពោះជនជាតិស៊ីរី ឬជនភៀសខ្លួនដទៃទៀត មានភាពខុសស្រឡះពីកម្មវិធីផ្លាស់ទីលំនៅយ៉ាងទូលំទូលាយចំពោះជនចំណាកស្រុកកូរ៉េខាងជើង។ លោកនិយាយថា វាជាការធ្វើពុតសម្រាប់រដ្ឋាភិបាលក្រុងសេអ៊ូលក្នុងការជំរុញឲ្យប្រទេសដទៃការពារជនភៀសខ្លួនមកពីកូរ៉េខាងជើង ស្របពេលដែលខ្លួនឯងផ្ទាល់មិនបានផ្តល់ជំនួយទៅជនភៀសខ្លួនដែលចូលក្នុងកូរ៉េខាងត្បូងដោយស្មើភាពគ្នា។
ជនជាតិកូរ៉េ និងអ្នកខាងក្រៅ
រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងផ្តល់សិទ្ធិជាពលរដ្ឋពេញលេញដល់ប្រជាជនកូរ៉េខាងជើង តាំងពីពេលដែលពួកគេឈានជើងចូលក្នុងប្រទេសម្ល៉េះ ព្រោះរដ្ឋាភិបាលក្រុងសេអ៊ូលមិនទទួលស្គាល់សិទ្ធិអំណាចរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងទេ។
ក្រៅពីនេះ ប្រជាជនកូរ៉េខាងត្បូងជាច្រើនមិនចាត់ទុកប្រជានជនកូរ៉េខាងជើងជាជនបរទេសឡើយ ពីព្រោះពួកគេគឺ «ស្ថិតក្នុងអម្បូរតែមួយ» នេះជាសម្តីរបស់លោកស្រី Chung Shin-yong មេធាវីអន្តោប្រវេសន៍ម្នាក់នៅសេអ៊ូល។
លោកស្រីនិយាយថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលប្រជាជនមានទម្លាប់រស់នៅស្រដៀងគ្នា។ ហេតុដូច្នេះហើយទើបមានការលំបាកក្នុងការទទួលយកជនភៀសខ្លួនដែលមិនមែនជាជនជាតិកូរ៉េ ដោយសារ «ភាពខុសគ្នានៃពណ៌សម្បុរ ឬវប្បធម៌»។
លោកស្រីបានបន្តថា ការរើសអើងនេះជាបញ្ហាប្រឈមមួយសម្រាប់ជនភៀសខ្លួនមូស្លីមជាពិសេស ព្រោះអ្នកនយោបាយកូរ៉េមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយ និងការអនុវត្តច្បាប់បានព្យាយាមបង្ហាញពីទំនាក់ទំនងរបស់ពួកគេ និងភេវរកម្ម។
មន្រ្តីម្នាក់នៅក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង ដែលសុំមិនចេញឈ្មោះដោយសារបទបញ្ជាការិយាល័យនិយាយថា ពាក្យស្នើសុំសិទ្ធិជ្រកកោនទាំងអស់សុទ្ធតែ «ត្រូវបានវាយតម្លៃស្មើៗគ្នា» ថែមទាំងឆ្លងកាត់ការពិចារណាទៅលើស្ថានភាពមាតុភូមិរបស់ពួកគេ និងភស្តុតាងនៃការធ្វើទុក្ខបុកម្នេញក្នុងស្រុកផងដែរ។
ជនជាតិស៊ីរីដែលមានឈ្មោះថា Ahmed Lababidi និយាយថា ការិយាល័យអន្តោប្រវេសន៍មិនបានប្រាប់លោកពីចំនួន ឬរយៈពេលដែលលោកអាចពន្យារទិដ្ឋាការមនុស្សធម៌របស់លោកទេ។ លោកនិយាយថា លោកបានរស់នៅយ៉ាងសុខស្រួលក្នុងលំនៅឋានថ្មីរបស់លោកនៅលើកោះ ប៉ុន្តែលោកក៏បានពិចារណាពីជម្រើសផ្សេងដែរ។
ប្រសិនបើឪពុកម្តាយរបស់លោក ដែលកំពុងរស់នៅប្រទេសតួកគី ទទួលបានសិទ្ធិជាជនភៀសខ្លួននៅទ្វីបអឺរ៉ុបនោះលោក Lababidi និយាយថា៖ «ប្រហែលជាខ្ញុំអាចទៅជាមួយពួកគាត់ ប៉ុន្តែខ្ញុំចង់រស់នៅលើកោះ Jeju»៕
ប្រែសម្រួលដោយ៖ វិញ សុជាតា