អង្គការ IHS ដែលជាអង្គការស្រាវជ្រាវអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ពួករដ្ឋឥស្លាមកំពុងបន្តបាត់បង់ការត្រួតត្រាដែនដីដែលពួកគេបានវាយយកបាននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
អង្គការ IHS បាននិយាយថា ពួករដ្ឋឥស្លាម បានបាត់បង់១២ភាគរយនៃដែនដីដែលពួកគេបានកាន់កាប់នៅឆមាសទីមួយនៃឆ្នាំ២០១៦ បន្ថែមលើដែនដីដែលពួកគេបានបាត់បង់កាលពីឆ្នាំទៅមិញ។ អង្គការ IHS បានថ្លែងថាជាសរុបនៅសប្តាហ៍មុនពួករដ្ឋឥស្លាម ត្រួតត្រាផ្ទៃដីប្រមាណ៦៨៣០០គ.ម.ក្រឡានៅក្នុងប្រទេសទាំងពីរនេះ។
ពួកអ្នកធ្វើវិភាគរបស់អង្គការ IHS បាននិយាយថាពួករដ្ឋឥស្លាមបានបាត់បង់ដែនដីនៅក្នុងប្រទេសស៊ីរីពីព្រោះពួកគេបានឋិតនៅក្រោមការគាបសង្កត់ខ្លាំងឡើងៗពីកងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងរុស្ស៊ីនិងសម្ព័ន្ធភាពរវាងពួកអារ៉ាប់និងពួក Kurde ទ្រទ្រង់ដោយក្រុមចម្រុះមួយដឹកនាំដោយស.រ.អា.។
នៅក្នុងប្រទេសអ៊ីរ៉ាក់ កងកម្លាំងរដ្ឋាភិបាលគាំទ្រដោយការទម្លាក់គ្រាប់បែកពីកងយន្តហោះចម្បាំងអាមេរិកាំងបានបញ្ចប់ការកាន់កាប់របស់ពួករដ្ឋឥស្លាម នៅក្រុងសំខាន់ៗមួយចំនួនដោយមានរួមបញ្ចូលក្រុង Ramadi និងក្រុង Fallujah ទោះណាជាពួករដ្ឋឥស្លាម នៅតែត្រួតត្រាក្រុង Mosul ដែលជាក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ាក់ក៏ដោយ។
ការប៉ាន់ប្រមាណរបស់អង្គការ IHS មិនបានបែងចែកការបាត់បង់ដែនដីដោយពួករដ្ឋឥស្លាមនៅក្នុងប្រទេសទាំងពីរនេះកាលពីឆ្នាំ២០១៥ និងក្នុងពេល៦ខែមុននេះទេ។ ក៏ប៉ុន្តែវាហាក់ដូចគ្នានឹងការសន្មតដោយកងយោធាស.រ.អា.កាលពីខែឧសភាដែលថា ពួករដ្ឋឥស្លាម បានបាត់បង់៤៥ភាគរយនៃដែនដីដែលពួកគេធ្លាប់កាន់កាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងពី១៦ទៅ២០ភាគរយនៅក្នុងប្រទេសស៊ីរី។
ទោះណាជាពួករដ្ឋឥស្លាម បានបាត់បង់ដែនដីក៏ដោយ ក៏ពួកគេអាចបើកការវាយប្រហារបំផ្ទុះគ្រាប់និងបានបាញ់កាំភ្លើងដែលបាននាំឱ្យមានមនុស្សស្លាប់ច្រើននៅក្នុងរដ្ឋធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់ ក្រុងប៉ារីស និងក្រុងប្រ៊ុចសែល ព្រមទាំងបានបំផុសគំនិតឱ្យមានការវាយប្រហារនៅកន្លែងឯទៀតៗក្នុងទ្វីបអឺរ៉ុបនិងស.រ.អា.ផងដែរ។
លោក Columb Strack អ្នកវិភាគជាន់ខ្ពស់នៃអង្គការ IHS បាននិយាយថា ការបាត់បង់ដែនដីរបស់ពួករដ្ឋឥស្លាម ទំនងជានឹងនាំឱ្យពួកគេធ្វើការវាយប្រហារបែបនេះថែមទៀត៕