លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីមូស្គូនៅក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីការពារកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងប្រទេសស៊ីរី ថ្វីបើមានការប្រេះឆានៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីលើបញ្ហាប្រទេសអ៊ុយក្រែន អង្គការអូតង់ហើយនិងបញ្ហាផ្សេងៗទៀតដែលបានធ្វើឲ្យប្រទេសទាំង២មានការមិនទុកចិត្តគ្នាក៏ដោយ។
ការចរចាដែលមានរយៈពេល២ថ្ងៃរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកជាមួយមន្រ្តីរុស្ស៊ីត្រូវគេរំពឹងថានឹងគ្របដណ្តប់លើបញ្ហាសំខាន់ៗ ក៏ប៉ុន្តែ សេចក្តីរាយការណ៍ដែលធ្លាយចេញដែលត្រូវបានចេញផ្សាយដោយកាសែត Washington Post បានប្រាប់ឲ្យដឹងថា អ្នកការទូតសហរដ្ឋអាមេរិក កំពុងស្នើផ្តល់ឲ្យប្រធានាធិបតី Putinនៃប្រទេសរុស្ស៊ីពីការងារសំខាន់ៗដូចជា សម្ព័ន្ធភាពយោធារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្រុមអាល់កៃដាហើយនិងក្រុមជ្រុលនិយមផ្សេងៗទៀតនៅក្នុងប្រទេសស៊ីរី។
មុនពេលចាកចេញទៅកាន់ទីក្រុងមូស្គូ លោករដ្ឋមន្រ្តីការបរទេសអាមេរិកJohn Kerry បានបដិសេធពុំព្រមនិយាយលម្អិត ក៏ប៉ុន្តែ បានកត់សម្គាល់ថា លោក នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry មានប្រសាសន៍ថា «យើង នឹងមានពេលវេលាយ៉ាងច្រើនពិភាក្សាអំពីបញ្ហានេះ»។
ក្រុមមន្រ្តីរុស្ស៊ី ក៏បានផ្តល់សេចក្តីលម្អិតបន្តិចបន្តួចដែរ។
ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា «យើង រំពឹងថាដំណើរបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់រដ្ឋធានីមូស្គូ នឹងសម្របសម្រួលឲ្យមានភាពប្រសើរឡើងនូវបរិយាកាសនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកដូចជាការថែរក្សាស្ថិរភាពសាកលលោកហើយនិងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗដែលពឹងផ្អែកលើយើង»៕