មនុស្សជាង៤០នាក់បានត្រូវសម្លាប់ហើយរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងទីក្រុង Qamishi ភាគឦសាន្តប្រទេសស៊ីរីបន្ទាប់ពីការផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តធុនធ្ងន់មួយដែលអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋឥស្លាម។
លោក Zana Omar អ្នកយកព័ត៌មានឲ្យ VOAផ្សាយជាភាសា Kurds បានស្ថិតក្នុងចំណោមអ្នកត្រូវរបួសនៅក្នុងការផ្ទុះនៅជិតព្រំដែនប្រទេសតួកគី។ លោកបានប្រាប់ VOA ថា «ការផ្ទុះនោះ បានកើតមានឡើងនៅចម្ងាយប្រហែល៥ម៉ែត្រពីអាគារ Apartment របស់ខ្ញុំ។ ប្រពន្ធខ្ញុំ កូន២នាក់និងរូបខ្ញុំ បានត្រូវរបួសនៅក្នុងការវាយប្រហារនេះ។ ផ្ទះរបស់ខ្ញុំ ត្រូវបានបំផ្លាញទាំងស្រុង»។
លោក ក៏បាននិយាយបន្តទៀតថា សាច់ញាតិខ្លះរបស់គាត់នៅក្នុងសង្កាត់នោះ ក៏បានបាត់ខ្លួនបន្ទាប់ពីការផ្ទុះនោះហើយពួកគេ ប្រហែលកប់នៅក្នុងកម្ទេចបាក់បែកនោះ។
លោក Rami Abdel Rahman នៃអង្គការសិទ្ធិមនុស្ស Syrian Observatory បានប្រាប់បណ្តាញព័ត៌មានផ្សាយជាភាសាអារ៉ាប់ថា គ្រាប់បែកផ្ទុកក្នុងរថយន្តធុនធ្ងន់បានកម្ទេចផ្នែកខាងមុខរបស់ទីស្នាក់ការធំរបស់ពួកកងជីវពល Kurds ដែលត្រួតត្រាផ្នែកខាងលិចទីក្រុង Qamishli ។ រដ្ឋាភិបាលស៊ីរី បានត្រួតត្រាទីក្រុងនោះមួយផ្នែកទៀត រួមមានចំណតអាកាសយានផង។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះតាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅគេហទំព័រ Aamaq ដែលបាននិយាយថា ខ្លួន បានវាយប្រហារទៅលើកងកម្លាំងសន្តិសុខ Kurds។
ក្រុមរដ្ឋឥស្លាម បានប្រយុទ្ធជាមួយពួកកងជីវពល Kurds ដែលគាំទ្រដោយសហរដ្ឋអាមេរិក កងកម្លាំងប្រជាធិបតេយ្យស៊ីរីដើម្បីត្រួតត្រាទឹកដីដ៏ធំល្វឹងល្វើយនៅភាគខាងជើងប្រទេសស៊ីរី រួមមានទីក្រុង Manbij និងទីក្រុង Aleppo ភាគខាងជើងផង៕