ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់​ផ្លោង​របស់​រុស្ស៊ី​ផ្ទុះ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន


រូបឯកសារ៖ រ៉េអាក់ទ័រ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ធំ​ជាងគេ​នៅទ្វីប​អឺរ៉ុប មើលពី​ទីប្រជុំជន Nikopol ក្នុង​តំបន់ Dnipropetrovsk នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ រ៉េអាក់ទ័រ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​ធំ​ជាងគេ​នៅទ្វីប​អឺរ៉ុប មើលពី​ទីប្រជុំជន Nikopol ក្នុង​តំបន់ Dnipropetrovsk នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ដោយសារ​គ្រាប់​ផ្លោង​បាន​ធ្វើ​ឱ្យ​រង្គើ​តំបន់ Zaporizhzhia នៃ​ប្រទេស​អ៊ុយក្រែន ដែល​តំបន់​នេះ​គឺ​ជា​ទីតាំង​របស់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​យោង​លើ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA)។

ទីភ្នាក់ងារ IAEA នេះ​បាន​អំពាវនាវ​ឱ្យ​មាន​«វិធានការ​បន្ទាន់​ដើម្បី​ជួយ​បង្ការ​កុំ​ឱ្យ​មាន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​កើតឡើង» នៅ​ក្នុង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែល​កំពុង​កាន់កាប់​ដោយ​រុស្ស៊ី​នេះ។

ការ​បាញ់​ស្រោច​ខ្លាំងក្លា​របស់​យោធា​រុស្ស៊ី ដែល​គ្រាន់តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​គឺ​មាន​ជិត ៤០០ គ្រាប់ ក៏​បាន​ប៉ះ​ចំ​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ផង​ដែរ ហើយ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​លើ​សមរភូមិ​បាន​ធ្វើ​ឱ្យ​រង្គើ​តំបន់ Donetsk នៅ​ភាគ​ខាង​កើត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក Rafael Mariano Grossi អគ្គនាយក​ទីភ្នាក់ងារ IAEA បាន​និយាយ​ថា ការ​ផ្ទុះ​ជា​ច្រើន​នៅ​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​និង​ព្រឹក​ថ្ងៃ​អាទិត្យ បាន​បញ្ចប់​នូវ​បរិយាកាស​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក​នៅ​ជុំវិញ​រោងចក្រ​នេះ ដែល​នេះ​គឺ​ជា​ទីតាំង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី​និង​កងទ័ព​អ៊ុយក្រែន តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។

ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​អាច​កើតឡើង​ជាង​ពេល​ណាៗ​ទាំង​អស់ តាំង​ពី​ពេល​ដែល​កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​រោងចក្រ​នេះ​ក្នុង​អំឡុង​ពេល​ដំបូងៗ​នៃ​សង្គ្រាម​នេះ​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG