ព្រឹទ្ធសភាប្រទេសរុស្ស៊ីបានអនុម័តនៅថ្ងៃអង្គារនេះដាក់បញ្ចូលតំបន់ ៤ នៃប្រទេសអ៊ុយក្រែនជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ តំបន់ទាំង ៤ នោះគឺតំបន់ Donetsk តំបន់ Luhansk តំបន់ Kherson និងតំបន់ Zaporizhzhia ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានផ្សាយកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមនៅក្នុងការធ្វើប្រជាមតិនៅក្នុងតំបន់ទាំងនេះគាំទ្រឱ្យមានការដាក់បញ្ចូលតំបន់ទាំងនេះជាផ្នែកមួយរបស់រុស្ស៊ី។
ការធ្វើប្រជាមតិនិងដំណើរការដាក់បញ្ចូលនេះត្រូវបានប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួនថ្កោលទោស និងត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ហៅថាជា «ការធ្វើឱ្យកាន់តែធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់» ដែល «គ្មានតម្លៃផ្លូវច្បាប់» អ្វីទាំងអស់។
រដ្ឋសភារុស្ស៊ីបានផ្ដល់ការយល់ព្រមរួចហើយចំពោះការដាក់បញ្ចូលនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានរៀបចំឱ្យមានការធ្វើប្រជាមតិនៅក្នុងតំបន់ទាំង ៤ ដែលគ្រប់គ្រងដោយទាហានរុស្ស៊ីនេះឡើង។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ការធ្វើប្រជាមតិនេះត្រូវបានធ្វើឡើងនៅក្រោមស្ថានការណ៍បង្ខិតបង្ខំ និងមិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋនៃតំបន់ទាំង ៤ នេះទេ។
កាលពីសប្ដាហ៍មុន លោក Guterres បាននិយាយថា៖ «ការភ្ជាប់យកទឹកដីរបស់ប្រទេសណាមួយដោយប្រទេសមួយផ្សេងទៀតតាមរយៈការគំរាមកំហែងឬក៏ការប្រើកម្លាំងគឺជាការរំលោភលើគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ»។
ស្របពេលដែលប្រទេសរុស្ស៊ីបានជំរុញទៅមុខនូវការភ្ជាប់យកតំបន់ទាំងនេះ កងទ័ពអ៊ុយក្រែនបានវិវឌ្ឍទៅមុខនៅក្នុងការវាយបកតបតទៅវិញនៅក្នុងតំបន់នានាដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់មកវិញនូវក្រុងនានានៅតាមតំបន់មួយចំនួន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។