ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ចុះ​ហត្ថលេខា​លើ​ច្បាប់​ភ្ជាប់​យក​តំបន់ ៤ របស់​អ៊ុយក្រែន


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កំពុងស្ដាប់​លោក Stanislav Voskresensky អភិបាលតំបន់ Ivanovo និយាយ នៅ​វិមាន​ក្រឹមឡាំង ក្នុង​រដ្ឋធានី​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។ (Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កំពុងស្ដាប់​លោក Stanislav Voskresensky អភិបាលតំបន់ Ivanovo និយាយ នៅ​វិមាន​ក្រឹមឡាំង ក្នុង​រដ្ឋធានី​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។ (Kremlin Pool Photo via AP)

នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ការ​ដាក់​បញ្ចូល​តំបន់ ៤ របស់​ប្រទេស​អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​ប្រទេស​រុស្ស៊ី​ក្លាយជា​ផ្លូវការ ដែល​នេះ​ជា​វិធានការ​មួយ​ដែល​ត្រូវបាន​គេ​ថ្កោលទោស​ជា​ទូទៅ​ថា​ខុស​ច្បាប់។

វិធានការ​របស់​ប្រទេស​រុស្ស៊ី​នេះ​ត្រូវ​បាន​រដ្ឋសភា​និង​ព្រឹទ្ធសភា​រុស្ស៊ី​អនុម័ត​កាលពី​ដើម​សប្ដាហ៍​នេះ ដោយ​អះអាង​ថា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និង​តំបន់ Kherson របស់​ប្រទេស​អ៊ុយក្រែន​គឺ​ជា​ដែនដី​របស់​ប្រទេស​រុស្ស៊ី។

អាជ្ញាធរ​នៅ​តំបន់​ទាំង ៤ ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​រៀបចំ​ការ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​តំបន់​ទាំង​នោះ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​បាន​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ទាំង​នោះ​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​តំបន់​ទាំង​នោះ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី។

ប្រទេស​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​ខ្លួន ក៏​ដូចជា​អង្គការ​សហប្រជាជាតិ​ផងដែរ បាន​ច្រានចោល​ការ​ធ្វើ​ប្រជាមតិ​និង​ដំណើរការ​ភ្ជាប់​យក​តំបន់​ទាំង​នេះ ដោយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ប្រជាមតិ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ស្ថានការណ៍​បង្ខិតបង្ខំ​និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះឆ្នោត​នៅ​សប្ដាហ៍​ក្រោយ​អំពី​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​មួយ​ដើម្បី​ថ្កោលទោស​ការ​ភ្ជាប់​យក​របស់​រុស្ស៊ី​នេះ។ កាលពី​សប្ដាហ៍​មុន រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ដើម្បី​រារាំង​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG