ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ក្នុង​តំបន់ ៤ របស់​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​ភ្ជាប់​យក


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ធ្វើ​ជា​ប្រធាន​នៃ​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​មួយ​របស់​រុស្ស៊ី តាម​ប្រព័ន្ធ​អនឡាញ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ជាយក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០២២។ (Sergei Ilyin, Sputnik, Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ធ្វើ​ជា​ប្រធាន​នៃ​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​មួយ​របស់​រុស្ស៊ី តាម​ប្រព័ន្ធ​អនឡាញ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ជាយក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០២២។ (Sergei Ilyin, Sputnik, Kremlin Pool Photo via AP)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​តំបន់ ៤ របស់​ប្រទេស​អ៊ុយក្រែន ដែល​ផ្នែក​ខ្លះ​នៃ​តំបន់​ទាំង​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​រុស្ស៊ី ស្រប​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​កំពុង​បន្ត​ការ​ប្រយុទ្ធ​របស់​ខ្លួន​ដើម្បី​រំដោះ​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ផ្នែក​ខាង​កើត​អ៊ុយក្រែន។

លោក Putin បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដោយ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​តំបន់ Donetsk តំបន់ Luhansk តំបន់ Kherson និង​តំបន់ Zaporizhzhia របស់​ប្រទេស​អ៊ុយក្រែន ដែល​តំបន់​ទាំង​នេះ​ត្រូវ​បាន​រុស្ស៊ី​ភ្ជាប់​យក​ដោយ​ខុស​ច្បាប់​កាលពី​ខែ​កញ្ញា។

លោក Putin មិន​បាន​បញ្ជាក់​លម្អិត​អំពី​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក​នេះ​ទេ ប៉ុន្តែ​បាន​លើកឡើង​ថា បទបញ្ជា​របស់​លោក​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តទៅ។ ក្រឹត្យ​ដែល​ចេញ​ដោយ​លោក Putin នេះ​នឹង​ផ្តល់​ពេល ៣ ថ្ងៃ​ដល់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​នានា​ដើម្បី​ដាក់​សំណើ​ជាក់លាក់។

វិធានការ​របស់​លោក Putin នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Vladimir Saldo ដែល​ជា​មេដឹកនាំ​តំបន់ Kherson ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី បាន​និយាយ​ថា ខ្លួន​បាន​ចាប់ផ្តើម​ជម្លៀស​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​និង​មន្ត្រី​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​តែងតាំង នៅ​ចំ​ពេល​ដែល​កំពុង​ប្រឈម​នឹង​ការ​វាយ​ប្រហារ​រុល​ចូល​មក​កាន់តែ​ខ្លាំង​របស់​កងទ័ព​អ៊ុយក្រែន។

លោក Saldo បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥.០០០ នាក់​បាន​ចាកចេញ​ពី​តំបន់ Kherson នៅ​ក្នុង​រយៈពេល ២ ថ្ងៃ​កន្លង​មក​នេះ។

លោក Andriy Yermak ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​រុស្ស៊ី «កំពុង​ព្យាយាម​បំភ័យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ Khersonដោយ​ផ្សព្វផ្សាយ​សារ​ក្លែងក្លាយ​ថា​ កងទ័ព​អ៊ុយក្រែន​បាញ់​ផ្លោង​ដាក់​ទីក្រុង​នេះ និង​បាន​ធ្វើ​ការ​ឃោសនា​បោកប្រាស់​ដោយ​បង្ហាញ​អំពី​ការ​ជម្លៀស​ប្រជាពលរដ្ឋ»៕

អ្នកស្រី Margaret Besheer អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG