ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សារ​ព័ត៌មាន​ CPJ​ ថា ​កម្ពុជា​«ប្រតិកម្ម​ជ្រុល​​»ក្នុង​ការ​បណ្តេញ​អ្នក​កាសែត​ចិន​ពាក់ព័ន្ធ​អត្ថបទ​«លក់​វ៉ាក់​សាំង»


រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាមរបស់ចិន​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)
រូបឯកសារ៖ ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាមរបស់ចិន​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

គណៈ​កម្មាធិការ​ដើម្បី​ការពារ​អ្នក​កាសែត (Committee to Protect Journalists) ដែល​ហៅ​កាត់​ថា CPJ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បានជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឲ្យ​ម្ចាស់​សារ​ព័ត៌មាន​ចិន ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ អាចត្រឡប់​មក​កម្ពុជាវិញ ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា «​ប្រតិកម្ម​ជ្រុល​ធ្ងន់​ធ្ងរ»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ ​CPJ​ ចុះ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២១​

កាលពី​សប្តាហ៍​មុន​ កម្ពុជា​បាន​សម្រេច​បណ្តេញ​ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ Shen Kaidong អាយុ​ ៥២ ​ឆ្នាំ ដែល​ត្រូវ​បាន​រាយការណ៍​ថា​ជា​នាយក​សារព័ត៌មាន​ Angkor Today ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់​ទង​នឹង​ការ​ចុះ​ផ្សាយ​ថា​ «កម្ពុជា​លក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ​១៩​ របស់​ចិន​ក្នុង​តម្លៃ​ខ្ពស់» ។

ការ​បន្លំ​និង​បង្កើត​ព័ត៌មាន​ផ្សេងៗ ទាក់ទង​នឹង​លក់​វ៉ាក់សាំង ត្រូវ​បានចែក​រំលែក​តាម​ប្រព័ន្ធសង្គម ក្នុង​នោះ​មាន​ប្រព័ន្ធ​ WeChat ដែល​ប្រជាជន​ចិន​ចូល​ចិត្ត​ប្រើ​ប្រាស់។ ការ​ចែក​រំលែក​ព័ត៌មាន​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​កម្ពុជា​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ចំនួន​ ៦០ ​ម៉ឺន​ដូស ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ។

សេចក្តី​ថ្លែង​ការណ៍​របស់ ​CPJ ​បញ្ជាក់​ថា​៖ «អាជ្ញា​ធរ​កម្ពុជា​គួរ​តែ​អនុញ្ញាត​ឲ្យ​អ្ន​កកាសែត Shen Kaidong អាច​ចូល​ប្រទេស​កម្ពុជា​វិញ និង​ធ្វើ​ការ​ដោយ​សេរី និង​គួរ​តែ​កុំ​បណ្តេញ​អ្នក​ធ្វើ​ការ​លើ​វិស័យ​សារព័ត៌មាន​ចេញ​ពី​ប្រទេស​ ដោយ​សារ​តែ​ការ​ងារ​របស់​ពួកគេ​»។

លោក Shawn Crispin តំណាង​ជាន់​ខ្ពស់ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ស្ថាប័ន​ CPJ បាន​ចាត់​ទុក​ការ​បណ្តេញ​ចេញនិង​ការ​គាប​សង្កត់​លើ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ ជា​ «ប្រតិកម្ម​ជ្រុល​ធ្ងន់​ធ្ងរ»​ មួយ​ លើ​អ្នក​សារព័ត៌មាន។

លោក​បន្ថែម​ថា៖ «អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់ «ព័ត៌​មាន​ក្លែង​ក្លាយ» ដែល​មិន​គួរ​ឲ្យ​ជឿ មក​គាប​សង្កត់​ការ​រាយ​ការណ៍​ដ៏​សំខាន់​លើ​ជំងឺ​កូវីដ​១៩ និង​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក​ Shen ត្រឡប់​មក​កម្ពុជា​វិញ និង​ធ្វើ​ការ​ដោយ​សេរី»។

ការ​ចុះ​ផ្សាយអត្ថបទ​របស់​លោក​ Shen ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ We​Chat ដោយ​លើក​ឡើង​ព័ត៌មាន​មួយ​ចំនួន ក្នុង​នោះមាន​ការ​យក​ថវិកា ប៉ុន្តែ​ថវិកា​នោះ​គឺ​សម្រាប់​ការ​ដឹក​អ្នក​ដំណើរ​ទៅ​ចាក់​វ៉ាក់​សាំង​ពី​ព្រលាន​យន្ត​ហោះ​តែ​ប៉ុណ្ណោះ។ អត្ថបទ​នេះ​ក៏លើក​ឡើង​ថា​ មាន​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម ដោយ​ដាក់​លេខ​ទំនាក់​ទំនង​សម្រាប់​ការ​ណាត់​ជួប ដើម្បី​ចាក់​វ៉ាក់​សាំង​ផង​ដែរ។​

ចំណែក​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ចេញ​មក​បំភ្លឺ​ថា​ ស្ថានទូត​ក៏​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ចិន ដែល​កំពុង​រស់​នៅ​កម្ពុជា​អំ​ពី​ការ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​លក់​វ៉ាក់​សាំង តាម​រយៈ​សារ​បោក​ប្រាស់​នានា​លើ​បណ្តាញ​សង្គម និង​ទូរស័ព្ទ​ដៃ ដែល​ថា ​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩ គ្រាន់​តែ​ចំណាយ​ត្រឹម ​១២០ ​ដុល្លារ​ឬ​ ៤៥០ ​ដុល្លារ​ប៉ុណ្ណោះ។

ស្ថានទូត​ចិន​បញ្ជាក់​ថា៖ «មិន​មាន​វ៉ាក់សាំង​ជំនួយ​ចិន​ហូរ​ចូល​ទី​ផ្សារ​ឡើយ ហើយ​វ៉ាក់​សាំង​ត្រូវ​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ ការ​គ្រប់គ្រង និង​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង «ត្រូវ​បាន​ធ្វើ​ឡើង​តាម​នីតិវិធី​តឹង​តែង និង​ហ្មត់ចត់​បំផុត​»។

ស្ថាន​ទូត​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្សាយ​បោក​ប្រាស់​អំពី​ការ​លក់​វ៉ាក់សាំង​កូវីដ​ នា​ពេលថ្មីៗ​នេះ។

សារព័ត៌មាន ​Angkor Today ​បាន​បង្ហាញ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ដោយ​លើក​ឡើង​ថា ​អត្ថបទ​របស់​ខ្លួន​មិន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា ​លក់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន​នោះ​ទេ។

ពួកគេ​បាន​លើក​ឡើង​ចំណង​ជើង​អត្ថបទ​របស់​ខ្លួន​ ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​៖ «វ៉ាក់សាំង​កូវីដ​១៩ ដែល​ជា​ជំនួយ​របស់​ចិន​ ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ខ្ពស់» ដែល​ចេញ​ផ្សាយ​នៅ​ម៉ោង ​១១​យប់ ថ្ងៃ​ទី ​២៣ ខែ​កុម្ភៈ នៅ​លើ​បណ្តាញ​សង្គម​ WeChat ។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​ឆ្លើយ​តប​ដោយ​ថា​ ការ​ស៊ើប​អង្កេត​ជា​ការងារ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ។

លោក​មាន​ប្រសាស៍​ថា៖ «ខ្ញុំ​ប្រាប់​ថា​សួរ​ទៅ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ព្រោះ​ប្រតិបត្តិការ​ហ្នឹង ខាង​អគ្គ​ស្នងការ​នគរបាល​ជាតិ អ្នក​ស្រាវជ្រាវ​ស៊ើប​អង្កេត​»។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ មាន​ប្រសាសន៍​ថា​ ជនជាតិ​ចិន​នោះ​អាច​ដាក់ពាក្យ​បណ្តឹង​តាម​មេធាវី​ ឬ​តាម​ស្ថាន​ទូត​ចិន​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ ​ប្រសិន​បើ​ចង់​តវ៉ា​អ្វីមួយ។ ប៉ុន្តែ​លោក​ថា ​ក្រុមការងារ​បាន​ស៊ើប​អង្កេត​ច្បាស់​លាស់​ហើយ មុននឹងបណ្តេញ​ជន​ជាតិ​ចិន​នោះ​ចេញ​ពី​កម្ពុជា។

នៅ​ពេល​សួរ​ថា​ តើ​ការ​ស៊ើប​អង្កេត​ក្នុង​កម្រិត​ណា​មុន​បណ្តេញ​ចេញ លោក​មាន​ប្រសាសន៍​ថា៖ ​«អ្ហេ លោក​មាន​ប្រសាសន៍​អញ្ចឹង ​លោក​មិន​មែន​ព្រះ​រាជអាជ្ញាទេណា។ ព្រះរាជ​អាជ្ញា​ប្រើ​ភាសា​បែប​ហ្នឹង​ជាមួយ​ខ្ញុំ​បាន​ ព្រោះ​មន្រ្តី​ស៊ើប​អង្កេត គេ​ធ្វើ​បែប​បទ​រួច​ហើយ បាន​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​បណ្តេញចេញ»។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិ​បាល លោកស្រី ឱ វណ្ណឌីន​ មាន​ប្រសាសន៍​ថា​ ការ​អាច​ចូល​មក​កម្ពុជាវិញ​បាន ​ឬ​មិន​បាន​របស់​ជន​ជាតិ​ចិន​នោះ អាស្រ័យ​លើ​អន្តោ​ប្រវេសន៍​កម្ពុជា។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​រក​ការពិត​ដោយ​សារ​ជនជាតិ​ចិន​ លោក Shen បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បណ្តេញ​នេះ ហើយ​បាន​ពន្យល់​ថា អត្ថបទ​របស់​ខ្លួន​មិន​មាន​ចេតនា​អាក្រក់​នោះ​ទេ។

លោក​ប្រាប់​ VOA​ ថា៖ «អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​គាត់​មាន​ធនធាន​គ្រប់គ្រាន់ នឹង​ចាត់​ជា​ការ​ស៊ើប​អង្កេត​មួយ​ឲ្យ​ច្បាស់​លាស់​ថា​ តើ​សារ​ដែល​គាត់​បាន​បង្ហោះ​ហ្នឹង មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋាភិបាល»។

លោក​បន្ត​ថា​ ការ​សម្រេច​ក្នុង​ការ​បណ្តេញ​ចេញ​និង​ការ​ដក​អាជ្ញា​បណ្ណ​របស់​សារព័ត៌មាន​ Angkor Today​នេះ «​លឿន​ពេក» ដែល​ធ្វើ​ឲ្យ​ជនជាតិ​ចិន​មិន​អាច​មាន​ឱកាសក្នុង​ការ​បកស្រាយ។

លោក​បន្ថែម​ថា៖ «យើង​មិន​ដឹង​ថា​គាត់​បាន​ស៊ើប​អង្កេត​កម្រិត​ណា ក៏​ប៉ុន្តែ​បើ​យើង​មើល​តាម​រយៈ​ពេល​ហ្នឹង គឺ​ហាក់​ដូច​ជា​លឿន​ពេក ​ដែល​យើង​គិត​ថា ​អាជ្ញាធរ​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់»។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក មាស សុភ័ណ្ឌ និង​លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

សារ​នៅ​លើ​ហ្វេសប៊ុក​របស់​សារព័ត៌មាន ​Angkor Today ​ឲ្យ​ដឹង​ថា៖ «សារព័ត៌​មាន​យើង​ខ្ញុំ​នឹង​អញ្ជើញ​មេធាវី​ជា​តំណាង ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ព្រម​ទាំង​ធ្វើ​ការ​ទាក់​ទង​បំភ្លឺ​ជាមួយ​សមត្ថកិច្ច​រដ្ឋាភិ​បាល​កម្ពុជា ដើម្បី​បក​ស្រាយ​លើ​បញ្ហា​កំហុស​ឆ្គង​នេះ។ ប្រសិន​បើ​សារព័ត៌មាន​ យើងខ្ញុំ​ពិត​ជា​បាន​ល្មើ​សនឹង​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​កម្ពុជា យើងខ្ញុំ​សុខ​ចិត្ត​ទទួល​ទោស​តាម​ច្បាប់»៕

XS
SM
MD
LG