មន្រ្តីអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យប្រជាជនកម្ពុជាប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ការអំពាវនាវរបស់លោកស្រី Li Ailan តំណាងអង្គការ WHO ធ្វើឡើង ខណៈកម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤.០០០ ដូស នៅយប់ថ្ងៃអង្គារនេះ តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។
វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌានេះ ត្រូវបានដឹកតាមយន្តហោះពីប្រទេសឥណ្ឌា ហើយមកដល់កម្ពុជា នៅម៉ោងជិត ៨ យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
មុនពេលវ៉ាក់សាំងមកដល់កម្ពុជា លោកស្រី Li Ailan តំណាងអង្គការ WHO បានថ្លែងនៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យពលរដ្ឋកម្ពុជាប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រសិនបើដល់វេនដោយសារវ៉ាក់សាំងមានកម្រិត ហើយត្រូវផ្តល់អាទិភាពដល់ក្រុមងាយរងគ្រោះ។
លោកស្រីបានថ្លែងថា៖ «ដោយសារវ៉ាក់សាំងមានកំណត់ យោបល់របស់ខ្ញុំទៅកាន់សាធារណជនកម្ពុជា គឺប្រសិនបើវាដល់វេនរបស់អ្នកដើម្បីទទួលបានវ៉ាក់សាំង សូមទៅចាក់ឲ្យបានច្រើន។ ប្រសិនបើមិនទាន់ដល់វេនរបស់អ្នក សូមរង់ចាំដោយអត់ធ្មត់»។
ទោះមានវ៉ាក់សាំងក៏ដោយ លោកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាបន្តការពារខ្លួនដោយអនុវត្តតាមវិធានការសុខភាព ដោយសារវ៉ាក់សាំងមួយមុខ មិនអាចជួយបាននោះទេ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងនៅថ្ងៃអង្គារថា ក្រុមអាទិភាពសម្រាប់ចាក់វ៉ាក់សាំងនេះ នឹងត្រូវប្រកាសដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី៤ ខែមីនា នៅពេលលោកគ្រោងទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា តាមយន្តការកូវ៉ាក់ កម្ពុជានឹងទទួលបានវ៉ាក់សាំង ២០% នៃចំនួនប្រជាជន ១៦ លាននាក់ ដែលស្មើនឹង ៣,២ លាននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦,៤ លានដូស។
កម្ពុជាកំពុងបន្តចាក់វ៉ាក់សាំង Sinopharm របស់ចិន ចាប់តាំងពីខែកុម្ភៈ។ រហូតមកដល់ពេលនេះ មានប្រជាជនជាង ៨ ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងចិននេះ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃអង្គារនេះថា៖ «នេះជាតួលេខដែលបង្ហាញឲ្យឃើញពីទំនុកចិត្តខ្ពស់របស់ប្រជាជនកម្ពុជាទៅលើវ៉ាក់សាំងចិន»។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនក៏បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ។
កាលពីថ្ងៃច័ន្ទ ប្រទេសចិនបានប្រកាសថា វ៉ាក់សាំង ៤០ ម៉ឺនដូសទៀត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលអាចចាក់មនុស្សប្រមាណ ២០ ម៉ឺននាក់ នឹងមកដល់កម្ពុជា នៅមុនចូលឆ្នាំខ្មែរ៕