ការបន្លំនិងបង្កើតព័ត៌មានផ្សេងៗ ត្រូវបានចែករំលែកតាមប្រព័ន្ធសង្គម ក្នុងនោះមានប្រព័ន្ធWeChat ដែលប្រជាជនចិនចូលចិត្តប្រើប្រាស់។ ការចែករំលែកព័ត៌មានទាំងនេះ ត្រូវបានធ្វើឡើង ស្របពេលកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ដែលត្រូវបានបញ្ជូនមកកម្ពុជាកាលពីដើមខែកុម្ភៈ។
ស្របពេលដែលកម្ពុជាកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះក្នុងចំណោមក្រុមជួរមុខ ព័ត៌មានផ្សេងៗត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះ ជាការរកប្រាក់ក្នុងចំណោមជនជាតិចិនក្នុងប្រទេសកម្ពុជា ក្នុងនោះមានការលើកឡើងថា«លក់វ៉ាក់សាំង»។
កម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺនេះក្នុងសហគមន៍ ដែលភាគច្រើនឆ្លងក្នុងចំណោមប្រជាជនចិនដែលរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
កាលពីសប្តាហ៍មុន កម្ពុជាបានសម្រេចបណ្តេញជនជាតិចិនម្នាក់ ដែលត្រូវបានរាយការណ៍ថាជានាយកសារព័ត៌មាន Angkor Today ក្រោយមានការចោទប្រកាន់ថានាយកអង្គភាពសារព័ត៌មានមួយនេះ គឺលោក Shen Kaidong អាយុ៥២ឆ្នាំ បានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការចុះផ្សាយថា«កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ» ។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាជនជាតិចិននោះត្រូវបានបញ្ជូនតាមយន្តហោះទៅប្រទេសចិនកាលពីសប្តាហ៍មុន។ លោកបានចោទជនជាតិចិននោះថាបានបង្កើតព័ត៌មានក្លែងក្លាយទាក់ទងនឹង«ការលក់វ៉ាក់សាំង» ដែលលោកថាធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីការស៊ើបអង្កេត មុននឹងមានចំណាត់ការនេះនោះទេ។
ការចុះផ្សាយនោះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធWeChat ដោយលើកឡើងព័ត៌មានមួយចំនួន ក្នុងនោះមានការយកថវិកា ប៉ុន្តែថវិកានោះគឺសម្រាប់ការដឹកអ្នកដំណើរទៅចាក់វ៉ាក់សាំងពីព្រលានយន្តហោះតែប៉ុណ្ណោះ។ អត្ថបទនេះក៏មានការលើកឡើងថាមានការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយដាក់លេខទំនាក់ទំនងសម្រាប់ការណាត់ជួប ដើម្បីចាក់វ៉ាក់សាំងផងដែរ។
គេមិនទាន់មានដឹងថាមានការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជាកម្រិតណាទៅលើអត្ថបទជាភាសាចិននេះរហូតដល់មានការបណ្តេញជនជាតិចិនចេញពីកម្ពុជា។ ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់ជនជាតិចិននេះ។ ចំណែកក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលការចុះផ្សាយនេះ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុង និងថ្កោលទោសចំពោះការបង្កើតព័ត៌មានមិនពិត ហើយស្នើឲ្យមានការកែតម្រូវ។ ប៉ុន្តែអាជ្ញាធរបានសម្រេចបណ្តេញជនជាតិចិននោះចេញពីកម្ពុជា។
លោកស្រីថ្លែងកាលពីសប្តាហ៍មុនថា៖ «ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងតែម្តង ហើយសូមប្រកាសមិនមានហេតុការណ៍នេះកើតឡើងបែបនេះទេ។ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រគឺមិនមានការចាក់លក់ដូរវ៉ាក់សាំងនេះទេ»។
ចំណែកស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានចេញមកបំភ្លឺថាស្ថានទូតក៏បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិន ដែលកំពុងរស់នៅកម្ពុជា អំពីការផ្សព្វផ្សាយជាភាសាចិនលក់វ៉ាក់សាំង តាមរយៈសារបោកប្រាស់នានាលើបណ្តាញសង្គម និងទូរស័ព្ទដៃ ដែលថាមានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រាន់តែចំណាយត្រឹម១២០ដុល្លារឬ៤៥០ដុល្លារប៉ុណ្ណោះ។
ស្ថានទូតចិនបញ្ជាក់ថា៖ «មិនមានវ៉ាក់សាំងជំនួយចិនហូរចូលទីផ្សារឡើយ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ការគ្រប់គ្រង និងការដឹកជញ្ជូនវ៉ាក់សាំង «ត្រូវបានធ្វើឡើងតាមនីតិវិធីតឹងតែង និងហ្មត់ចត់បំផុត»។
ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការផ្សាយបោកប្រាស់អំពីការលក់វ៉ាក់សាំងកូវីដនាពេលថ្មីៗនេះ។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដោយបារម្ភខ្លាចក្រុមឱកាសនិយមប្រើប្រាស់វ៉ាក់សាំងនេះ ដើម្បីប្រយោជន៍របស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ឃើញថាព័ត៌មានហ្នឹង វាពាក់ព័ន្ធនឹងការចោទប្រកាន់ជាមួយការលក់ដូរ អញ្ចឹងទីមួយ វាអាចជាការយល់ច្រឡំ។ ទីពីរ អាចជាឱកាសរបស់មន្រ្តីខិលខូចមួយចំនួនក្នុងការរកថវិកាសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ជំរុញឲ្យមានប្រព័ន្ធគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ឲ្យមានភាពហ្មត់ចត់ ហើយអាជ្ញាធរត្រូវកំណត់មុខសញ្ញា ដើម្បីទប់ស្កាត់ និងឆ្លើយបំភ្លឺនៅពេលមានព័ត៌មានទាក់ទងនឹងការលក់វ៉ាក់សាំងនេះ។
លោកមានប្រសាសន៍ថា៖ «ព័ត៌មានចាំបាច់របស់ពួកគេ គឺព័ត៌មាននៃគុណភាពរបស់វ៉ាក់សាំង។ ហើយនិងការផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋកម្ពុជា ដែលស្ថិតនៅក្នុងអាទិភាពណាមួយនោះ នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ»។
លោកបន្ថែមថា៖ «ពេលវេលានេះ ខ្ញុំចង់ឃើញការអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាធ្វើម៉េចកុំឲ្យពលរដ្ឋចាញ់បោកជនខិលខូចនៅពេលដែលពួកគាត់កំពុងបារម្ភពីសុវត្ថិភាព»។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងទៅគ្រប់អង្គទូតក្នុងប្រទេសកម្ពុជាថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមិនគិតថ្លៃនោះទេ។ ប៉ុន្តែមកដល់ពេលនេះ ក្រសួងសុខាភិបាលមិនទាន់កំណត់ការចាក់វ៉ាក់សាំងសម្រាប់ជនបរទេសនោះទេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចវិធានការមួយចំនួនដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះមានការអនុញ្ញាតឲ្យបណ្តេញជនបរទេសណាដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ«មិនសហការ» ចេញពីប្រទេសកម្ពុជា ហើយមិនអនុញ្ញាតឲ្យចូលមកវិញឡើយ។
រដ្ឋាភិបាលក៏សម្រេចដាក់ពិន័យជាប្រាក់លើអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ដោយត្រូវពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថាកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនAstraZeneca ចំនួន ៣២៤.០០០ ដូសនៅថ្ងៃអង្គារ ទី២ ខែមីនាតាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក (WHO) ដែលហៅថាកូវ៉ាក់ (COVAX)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថាតាមយន្តការកូវ៉ាក់ កម្ពុជានឹងទទួលបានវ៉ាក់សាំង២០%នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣,២លាននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន៦,៤លានដូស។
នៅថ្ងៃច័ន្ទនេះ ប្រទេសចិនបានប្រកាសថាវ៉ាក់សាំង៤០ម៉ឺនដូសទៀត ដែលអាចចាក់មនុស្សប្រមាណ២០ម៉ឺននាក់ នឹងមកដល់កម្ពុជាក្នុងពេលខាងមុខ ដែលជាជំនួយឥតសំណង។
នាយិកាប្រចាំប្រទេសនៃអង្គការOxfamក្នុងប្រទេសកម្ពុជា លោកស្រី លឹម សូលីន ជំរុញឲ្យមានការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយស្មើភាពគ្នា ដោយមិនគិតថ្លៃសម្រាប់បុគ្គលម្នាក់ៗ ដោយមិនប្រកាន់មានក្រក៏ដោយ។ លោកស្រីបន្ថែមថាវ៉ាក់សាំងនេះអាចជួយពន្លឿនដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ចកម្ពុជា។
លោកស្រីបន្ថែមថា៖ «យើងមិនអាចដំណើរការសេដ្ឋកិច្ចឡើងវិញនោះទេ បើមិនទាន់មានវ៉ាក់សាំងដែលមានប្រសិទ្ធភាព ហើយមនុស្សគ្រប់គ្រាន់ទទួលចាក់វាបាន»៕