ក្រសួងសុខាភិបាលឲ្យដឹងថា ជនជាតិម្នាក់អាយុ៣៤ឆ្នាំ ដែលមានជំងឺកូវីដ១៩ បានស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបញ្ជាក់ថា ជនជាតិចិននោះគឺជាអ្នកញៀនថ្នាំម្នាក់ ហើយសារធាតុញៀនបានរើឡើងបណ្តាលឲ្យគាំងបេះដូងស្លាប់។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដាក់ជូនទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ជាការជូនដំណឹង។
លិខិតនោះបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ឈ្មោះឡាយ ប៊ីនស៊ាង (Lay Binxiang) អាយុ៣៤ឆ្នាំ មកពីក្រុងហ៊្វូជាន ប្រទេសចិន បានស្លាប់កាលពីម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមីនា នៅមណ្ឌលព្យាបាលព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមលិខិតនោះ ជនជាតិចិនដែលបានស្លាប់នោះ បានចូលមកខេត្តព្រះសីហនុកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ ប៉ុន្តែលោកបានឆ្លងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ នៅពេលកម្ពុជាកំពុងប្រឈមនឹងការឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដែលការឆ្លងភាគច្រើនកើតឡើងក្នុងចំណោមជនជាតិចិន។ លោកត្រូវបានយកសំណាកទៅធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយលទ្ធផលតេស្តបង្ហាញថាវិជ្ជមាន។
ប៉ុន្តែក្រសួងសុខាភិបាលរកឃើញថា ក្នុងខ្លួនរបស់លោក ឡាយ ប៊ីនស៊ាង មានសារធាតុញៀន ហើយលោកស្លាប់ដោយសារ«សភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង»។
លោកស្រី យក់ សម្បត្តិ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មានថា បុរសជនជាតិចិននេះស្លាប់ដោយសារប្រើប្រាស់សារធាតុញៀនហួសកម្រិត មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។
លោកស្រីបញ្ជាក់ថា៖ «គាត់មានកូវីដវិជ្ជមាន ប៉ុន្តែគាត់ស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនហួសកម្រិត»។
ក្រសួងសុខាភិបាលក៏បានលើកឡើងថា បុរសជនជាតិចិនដែលស្លាប់នេះ គឺជាអ្នកជក់បារីច្រើន។
សពរបស់លោក ត្រូវបានដាក់តម្ដល់នៅមន្ទីរពេទ្យខ្មែរសូវៀត។
នេះជាករណីដំបូង ដែលអ្នកមានជំងឺកូវីដ១៩ ស្លាប់ ពេលកំពុងសម្រាកព្យាបាលជំងឺក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានការផ្ទុះជំងឺនេះនៅកម្ពុជាកាលពីឆ្នាំមុនមក។
អ្នកឆ្លងកូវីដ១៩សរុបក្នុងប្រទេសកម្ពុជាមានចំនួន៩០៩នាក់ គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ៕