នៅទូទាំងជំរំដែលលាតសន្ធឹងរប៉ាត់រប៉ាយក្នុងស្រុក Cox's Bazar ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជិតមួយលាននាក់នៅតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ដោយគ្មានអនាគតច្បាស់លាស់។
ផែនការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីខែវិច្ឆិកាឆ្នាំមុន ត្រូវបានផ្អាកនៅខណៈពេលដែលមានការបារម្ភអំពីសន្តិសុខអំពីការរំលោភបំពានដែលនៅតែបន្តកើតមាន និងការខ្វះខាតការឃ្លាំមើលពីអន្តរជាតិ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាចធ្វើដំណើរដោយមានការគ្រប់គ្រងតឹងរ៉ឹងកាលពីប៉ុន្មានខែកន្លងទៅ។ ប៉ុន្តែការចូលទៅកាន់តំបន់ដែលមានការចោទប្រកាន់ថាមានអំពើយង់ឃ្នងកើតឡើងនោះមិនត្រូវបានអនុញ្ញាតឲ្យនោះទេ។
នៅក្នុងប្រទេសបង់ក្លាដេស រូបភាពវីដេអូឯកសារមួយស្ដីពីបរិវេណនៃការតាំងទីលំនៅថ្មីនៅកោះដាច់ស្រយាល Bhasan Char កំពុងត្រូវបានពិនិត្យដោយក្ដីបារម្ភ។
លោក John Quinley III ដែលជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្សសម្រាប់អង្គការ Fortify Rights បាននិយាយថា៖ «ឧត្ដមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ដែលហៅកាត់ថា UNHCR មិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់កោះនោះ ដើម្បីធ្វើការវិភាគលើហានិភ័យនៃស្ថានភាពទឹកជំនន់ទេ ប៉ុន្តែមនុស្សជាច្រើននិយាយថា កោះនេះងាយនឹងទទួលរងគ្រោះដោយទឹកជំនន់ ហើយវាមានគ្រោះថ្នាក់ ដែលនេះមានន័យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់អាចនឹងស្ថិតនៅលើកោះដែលងាយរងគ្រោះដោយទឹកជំនន់ ហើយនោះជាស្ថានភាពដ៏គ្រោះថ្នាក់មួយ»។
បរិវេណបេតុងដែលមានបង្អួចហ៊ុមព័ទ្ធនេះ កំពុងរង់ចាំជនភៀសខ្លួនប្រមាណ ១ សែននាក់ ដែលនឹងត្រូវប្ដូរពីស្រុក Cox's Bazar ទៅកាន់កោះដែលមានល្បាប់ភក់នៅដាច់ស្រយាលមួយនេះ ដែលសាងសង់ឡើងដោយកម្មករសំណង់ជនជាតិចិន រួមជាមួយនឹងកងទ័ពជើងទឹកបង់ក្លាដេស។
ទិដ្ឋភាពនៃការអប់រំ
ផលប៉ះពាល់រយៈពេលវែងលើជាតិសាសន៍រ៉ូហ៊ីងយ៉ា គឺនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកវិភាគនានានិយាយថា ការមិនទទួលបានការសិក្សាក្នុងរយៈពេលវែងសម្រាប់សិស្សដែលមានអាយុចូលរៀន នឹងធ្វើឲ្យមានផលខូចខាត។
លោក Quinley បានបន្ថែមថា៖ «យើងឃើញថាមិនមានលទ្ធភាពទទួលបានការអប់រំជាផ្លូវការណាមួយនៅក្នុងជំរំនោះទេ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលអង្គការសិទ្ធិមនុស្ស Fortify Rightsបានសួរនាំ ជឿថា នេះគឺជាបញ្ហាចម្បងសម្រាប់កុមារ និងយុវជនរ៉ូហ៊ីងយ៉ា ដែលជាអ្នកជំនាន់ក្រោយ»។
អង្គការមូលនិធិសម្រាប់កុមាររបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNICEF បានបង្ហាញពីការវាយតម្លៃដែលមានលទ្ធផលមិនល្អមួយអំពីអនាគតរបស់ក្មេងៗនៅតាមព្រំដែននៃប្រទេសទាំងពីរ ដោយលើកឡើងអំពីជំនាន់កុមារ និងយុវជនដែលរស់នៅចំសម័យកាលយ៉ាប់យ៉ឺន។
អង្គការយូនីសេហ្វបានបញ្ជាក់ថា ខ្លួនកំពុងពង្រីកកម្មវិធីអប់រំនៅជំរំក្នុងប្រទេសបង់ក្លាដេស ដែលបច្ចុប្បន្ននេះសម្រាប់កុមារដែលមានអាយុរហូតដល់ ១៤ ឆ្នាំតែប៉ុណ្ណោះ ដើម្បិព្យាយាមឆ្លើយតបទៅនឹងតម្រូវការរបស់កុមារមានអាយុច្រើន។
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វបានថ្លែងប្រាប់វីអូអេថា៖ «កម្មវិធីអប់រំសម្រាប់យុវវ័យ ដែលរួមទាំងការអប់រំនៅកម្រិតក្រោយបឋមសិក្សាផងដែរ នៅតែមានគម្លាតពីគ្នា ដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ដោយការបង្កើនសេវាផ្សេងៗនិងការទទួលបានឱកាសរបស់យុវជន។ ការខ្វះឱកាសអប់រំ និងសេដ្ឋកិច្ចបានធ្វើឲ្យយុវជនទាំងនេះស្ថិតនៅក្នុងហានិភ័យជាច្រើនរួមមានការប្រើប្រាស់គ្រឿងញៀន អំពើហិង្សាយេនឌ័រ និងការប្រកាន់គំនិតជ្រុលនិយមជាដើម»។
អង្គការយូនីសេហ្វបានចង្អុលបង្ហាញថា អ្វីដែលត្រូវការជាចាំបាច់ជាងការអប់រំទៀតនោះ គឺបញ្ហាប្រឈមផ្នែកសុខភាព ដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជួបប្រទះ។
អង្គការយូនីសេហ្វបញ្ជាក់ដូច្នេះថា៖ «បើទោះបីជាមានយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារយ៉ាងទូលំទូលាយចាប់តាំងពីខែតុលាឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨ (ដោយបានផ្ដល់វ៉ាក់ស៊ាំងជាង ៤ លាន ២ សែនដង) ក៏ដោយ ក៏ការចាក់វ៉ាក់សាំងការពារជាប្រចាំចាប់ពីខែមិថុនា ឆ្នាំ ២០១៨ មក នៅតែជាបញ្ហាប្រឈមដដែល។ កុមារនៅតែងាយរងគ្រោះ និងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវជំងឺមួយចំនួន។ ការបន្តគាំទ្រផ្នែកសុខភាពនៅតែចាំបាច់ក្នុងការជួយដល់ជនភៀសខ្លួន និងជាពិសេសដល់កុមារ ដើម្បីឲ្យពួកគេអាចរស់បាននៅក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀតណែននេះ»។
បញ្ហាដីធ្លី
ទោះបីជាជីវិតរស់នៅក្នុងជំរំមានភាពលំបាកក៏ដោយ ក៏គេមិនច្បាស់ទេថាតើជនភៀសខ្លួនរ៉ូហ៊ីងយ៉ានឹងមានកន្លែងសម្រាប់ទៅរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញឬក៏យ៉ាងណានោះទេ។
អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ានិយាយថា ដីធ្លីដែលត្រូវបានដុតចោលនោះបានក្លាយទៅជាទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយរដ្ឋអស់ហើយ ដែលនេះបង្កើតបានជាចម្ងល់អំពីភាពជាម្ចាស់កម្មសិទ្ធិនៃភូមិជាង ២០០ របស់ជាតិសាសន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបានគេដុតឆាបឆេះរាបដល់ដីកាលពីមួយឆ្នាំកន្លះមុន។
លោក Kyaw Hla Aung ដែលជាមេធាវីជនជាតិរ៉ូហ៊ីងយ៉ា បាននិយាយថា កំណត់ត្រាផ្លូវការអាចបញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិដ៏ស្របច្បាប់ ប្រសិនបើមានការស្នើសុំ។។
សកម្មជនដែលមានអាយុ ៧៨ ឆ្នាំរូបនេះ ទើបតែទទួលបានពានរង្វាន់ Aurora Prize for Awakening Humanity ដែលជាពានរង្វាន់សម្រាប់សកម្មភាពមនុស្សធម៌សាកលលោកមួយ ដោយសារតែការប្ដេជ្ញាប្រយុទ្ធទាមទារឲ្យមានសមភាព ការអប់រំ និងសិទ្ធិមនុស្សសម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រឈមមុខនឹងការធ្វើទុកបុកម្នេញ ការបៀតបៀន និងការគាបសង្កត់។
ដោយមានប្រវត្តិជាអ្នកជំនួយការចៅក្រមអស់រយៈពេលជាង ២ ទសវត្ស៍មកហើយ នៅក្នុងរដ្ឋ Rakhine លោក Kyaw Hla Aung មានភាពជឿជាក់ថា កម្មសិទ្ធិដីធ្លីគួរតែអាចបញ្ជាក់បានដោយងាយស្រួលសម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ាដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសបង់ក្លាដេសវិញ។
លោកបាននិយាយថា៖ «ពួកគមានឯកសារ និងទិន្នន័យទាំងអស់នៅក្នុងការិយាល័យរក្សាទិន្នន័យដីធ្លីនៅក្រសួងមហាផ្ទៃ។ សហគមន៍អន្តរជាតិគួរតែស្នើរដ្ឋាភិបាលឲ្យបង្ហាញកំណត់ត្រាទាំងអស់នោះ»។
លោកបានបន្ថែមថា៖ «ពួកគេមិនត្រឹមតែរឹបអូសយកដីធ្លីនៅក្នុងរដ្ឋ Rakhine ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរឹបអូសនៅក្នុងរដ្ឋ Shan និងរដ្ឋ Kachin ក៏ដូចជានៅក្នុងរដ្ឋ Karenni ដែលស្ថិតនៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាទៀតផង»។
ក្តីបារម្ភអំពីបញ្ហាយុត្តិធម៌
ការទទួលខុសត្រូវ និងយុត្តិធម៌គឺជាកត្តាសំខាន់ក្នុងការពន្យារការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងទម្រង់ណាមួយ។
លោក Quinley បាននិយាយថា៖ «ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលយើងបានសួរនាំ បាននិយាយថា ពួកគេនឹងមិនត្រឡប់ទៅកាន់រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាវិញទេ ប្រសិនបើមិនមានការផ្ដល់សិទ្ធិទទួលបានសញ្ជាតិឲ្យពួកគេ និងប្រសិនបើមិនមានការទទួលខុសត្រូវចំពោះអំពើឃោរឃៅដែលបានកើតឡើង»។
អ្នកវិភាគនានាយល់ឃើញថា ការបន្តរឹតត្បិត និងការវាយប្រហារជាប្រព័ន្ធបង្ហាញពីសកម្មភាពដោយចេតនានៅក្នុងការលុបបំបាត់ក្រុមជាតិសាសន៍រ៉ូហ៊ីងយ៉ានេះចោល។
ក្រុមមន្ត្រីក្នុងប្រទេសមីយ៉ាន់ម៉ាបានបដិសេធម្ដងជាពីរដងលើការចោទប្រកាន់ដែលថាមានការរំលោភបំពាន និងការគាបសង្កត់លើជាតិសាសន៍រ៉ូហ៊ីងយ៉ា ដោយពួកគេនិយាយថា យោធារបស់ពួកគេបានធ្វើប្រតិបត្តិការដោយស្របច្បាប់ប្រឆាំងនឹងក្រុមភេរវជន។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំមុន រដ្ឋសភាអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន បានអនុម័តសេចក្តីសម្រេច H. R. 1091 ដោយប្រកាសថា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងប្រតិបត្តិការបោសសម្អាតរបស់ពួកយោធាមីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍។
លោក Ed Royce សមាជិកសភា និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃរដ្ឋសភាអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកតាក់តែងច្បាប់ក្នុងរដ្ឋសភាថា៖ «រលកនៃការធ្វើទុក្ខបុកម្នេញថ្មីចុងក្រោយបំផុតគឺបានចាប់ផ្ដើមកាលពីខែសីហា ឆ្នាំ ២០១៧ នៅពេលដែលកងសន្តិសុខភូមា និងក្រុមមនុស្សរញ៉េរញ៉ៃបានចាប់ផ្ដើមធ្វើការវាយប្រហារគ្នាទៅវិញទៅមកគួរឲ្យរន្ធត់»។
លោក Royce បានបន្តថា៖ «ការសម្លាប់រង្គាល ការចាប់រំលោភ និងការបំផ្លាញភូមិឋាននានានៅទូទាំងរដ្ឋ Rakhine ត្រូវបានចងក្រងទុកជាឯកសាររួចហើយ»។
សកម្មជននានានិយាយថា ការបន្តធ្វើទុក្ខបុកម្នេញទៅលើជាតិសាសន៍រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម គឺចាត់ចូលថាជាអំពើប្រល័យពូជសាសន៍ ដែលក្នុងនោះរួមមានទាំងការខ្វះសិទ្ធិទទួលបានការអប់រំផងដែរ ដែលនេះជាសកម្មភាពមួយរបស់រដ្ឋាភិបាល ដែលបានកើនឡើងចាប់តាំងពីមានអំពើហិង្សារួមនៅឆ្នាំ ២០១២ ក្នុងរដ្ឋ Rakhine មក។
លោក Kyaw Hla Aung បានពន្យល់ថា៖ «រដ្ឋាភិបាលកំពុងតែធ្វើឲ្យពួកយើងល្ងង់ខ្លៅ ដើម្បីឲ្យគេអាចចោទប្រកាន់ថា មនុស្សទាំងនេះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ដែលមកពីប្រទេសបង់ក្លាដេស ដោយសារតែពួកនេះមិនដឹងអ្វីសោះក្នុងពិភពលោកយើងនេះ»។
របាយការណ៍របស់គណៈកម្មការ
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែធ្នូ ឆ្នាំមុន លោក Rosario Manalo ប្រធានគណៈកម្មការសួរដេញដោលឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា គណៈកម្មការនេះរកមិនឃើញភស្តុតាងអ្វីនោះទេ ទាក់ទិននឹងការចោទប្រកាន់ដែលថាមានការរំលោភសិទ្ធិមនុស្សនៅក្នុងអំឡុងពេល ៤ ខែ តាំងពីគណៈកម្មាធិការនេះបើកការស៊ើបអង្កេតរបស់ខ្លួនមក។
អតីតអនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហ្វីលីពីនបានថ្លែងបន្ថែមក្នុងពេលធ្វើសន្និសីទព័ត៌មានយ៉ាងដូច្នេះថា៖ «យើងនឹងបញ្ជាក់ឲ្យដឹងនៅពេលក្រោយអំពីវិធីដែលយើងប្រមូលភស្តុតាង។ សម្រាប់ពេលនេះ ការចោទប្រកាន់នៅតែជាការចោទប្រកាន់ដដែល។ យើងមិនទាន់មានភស្តុតាងដែលអាចសន្និដ្ឋានបានទេ»។
គណៈកម្មការនេះបានចាប់ផ្ដើមការស៊ើបអង្កេតរបស់ពួកគេកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំមុន ហើយពួកគេនឹងបញ្ជូនការរកឃើញរបស់ពួកគេទៅកាន់ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ានៅត្រឹមខែសីហា ឆ្នាំ ២០១៩។
ក្រុមការពារសិទ្ធិមនុស្សបានថ្កោលទោសគណៈកម្មការស៊ើបអង្កេតនេះ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា។
លោក Brad Adams ប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំទ្វីបអាស៊ី បាននិយាយថា៖ «ការច្រានចោលរបស់គណៈកម្មការរដ្ឋាភិបាលមីយ៉ាន់ម៉ានូវភស្តុតាងជាឯកសារយ៉ាងច្រើនអំពីការរំលោភសិទ្ធិមនុស្សដ៏ធំធេងទៅលើជាតិសាសន៍រ៉ូហ៊ីងយ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា គណៈកម្មការនេះមិនយកចិត្តទុកដាក់ហ្មត់ចត់លើរឿងរកយុត្តិធម៌នោះទេ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែឈប់ជឿទុកចិត្តលើគណៈកម្មការនេះ ហើយបញ្ជូនស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ ទៅឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ជាអ្នកដោះស្រាយវិញ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពីខែកញ្ញា ឆ្នាំមុន បានសម្រេចថា ខ្លួនមានយុត្តាធិការទៅលើការចោទប្រកាន់អំពីការបណ្ដេញជាតិសាសន៍រ៉ូហ៊ីងយ៉ាចេញពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដេស និងចាត់ទុកករណីនេះថាអាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕
ប្រែសម្រួលដោយ នៀម ឆេង