សារមន្ទីរប្រល័យពូជសាសន៍សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានរកឃើញភស្តុតាងពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម និងបានអំពាវនាវដល់រដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលនានានៅជុំវិញពិភពលោកធ្វើយ៉ាងណាឲ្យយោធាភូមាទទួលខុសត្រូវលើទង្វើទាំងនេះ។
លោក Lee Feinstein ប្រធានគណៈកម្មាធិការឃ្លាំមើលអំពើប្រល័យពូជសាសន៍នៃសារមន្ទីរនេះបានថ្លែងតាមរយៈសេចក្តីថ្លែងការមួយថា «ដើម្បីការពារសហគមន៍រ៉ូហ៊ីងយ៉ាដែលនៅសេសសល់នៅប្រទេសភូមា និងជនរងគ្រោះដែលរងការគំរាមកំហែងនានា យើងសង្ឃឹមថាសេចក្តីប្រកាសនេះនឹងជួយធ្វើឲ្យមានចំណាត់ការពីរដ្ឋាភិបាលនានានៅជុំវិញពិភពលោក»។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃតែមួយដែលក្រុមស្រាវជ្រាវអន្តរជាតិសម្រាប់គោលនយោបាយ និងច្បាប់អន្តរជាតិហៅកាត់ថា PILPG ដែលបានចុះកិច្ចសន្យាជាមួយក្រសួងការបរទេសអាមេរិកដើម្បីចុះទៅសិក្សាស្រាវជ្រាវអំពីវិបត្តិនេះបានចេញរបាយការណ៍មួយដែលបានបង្ហាញថាយោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕