ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​កម្ចាត់​សត្វល្អិត​ដែល​បំផ្លិចបំផ្លាញ​ជម្រក​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​អនុវត្ត​នៅ​ក្រុង Cox's Bazar


ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ម្នាក់​កំពុង​អង្គុយ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ជាមួយ​នឹង​កូន​របស់​អ្នកស្រី នៅ​ខាង​ក្រៅ​ជម្រក​ក្នុង​ជំរំ Balukhali ក្បែរ​ក្រុង Cox's Bazar នៃ​ប្រទេស បង់ក្លាដែស ថ្ងៃ​សៅរ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (AP)
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ម្នាក់​កំពុង​អង្គុយ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ជាមួយ​នឹង​កូន​របស់​អ្នកស្រី នៅ​ខាង​ក្រៅ​ជម្រក​ក្នុង​ជំរំ Balukhali ក្បែរ​ក្រុង Cox's Bazar នៃ​ប្រទេស បង់ក្លាដែស ថ្ងៃ​សៅរ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ (AP)

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ (IOM)​ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​មួយ​ដើម្បី​កម្ចាត់​ចោល​នូវសត្វល្អិត​ដែល​កំពុង​វាយ​ប្រហារ​ និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​គ្រោង​ផ្ទះ​ធ្វើ​ពី​ដើម​ឫស្សី​ដែល​ជា​ជម្រក​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់ នៅ​ក្នុង​ក្រុង​ Cox's Bazar នៃ​ប្រទេស​បង់ក្លាដែស​។

ក្រុមការងារ​អ្នក​ជួយសង្គ្រោះ​កំពុងតែប្រឹងប្រែង​យ៉ាង​ញាប់ដៃ​ញាប់ជើង​ ដើម្បី​បង្ហើយ​ការងារនេះ​មុន​រដូវភ្លៀង​ចាប់ផ្តើមនៅ​ពេល​បួន​ខែ​ខាង​មុខ​នេះ។ អ្នកឯកទេស​ផ្នែក​អន្តោប្រវេសន៍​នៃ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា​ ស្ទើរតែ​គ្រប់​ជម្រកនៅក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្រុង Cox's Bazar ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ដួល​រលំ ​ដោយសារ​តែ​ការ​រុករាន​នៃ​សត្វល្អិត​តូចៗ។​

សត្វល្អិត​ទាំងនេះ​ត្រូវ​បាន​គេ​ហៅថា​«សត្វ​កញ្ចែ​ដែល​គួរ​ឲ្យ​រំខាន​»​។ ពួកវា​ស៊ីឫស្សីដែល​ប្រើ​ដើម្បី​សង់​ជម្រក​ទាំងឡាយរបស់​ជនភៀសខ្លួន​។​ អ្នក​នាំពាក្យអង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ លោក​ Joel Millman បាន​និយាយ​ថា​ ផ្ទះ​របស់​គ្រួសារ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ប្រហែល​២សែន​៤​ម៉ឺន​គ្រួសារ​កំពុង​ប្រឈម​នឹង​ការខូចខាត ហើយ​ត្រូវ​ការ​សង់​ឡើងវិញ​ដោយ​ប្រើ​ដើម​ឫស្សី​ដែល​ធន់ជាង​នេះ​។

Pressure Increases on US to Change Myanmar Policy
សូម​រង់ចាំ

No media source currently available

0:00 0:02:38 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Joel Millman បាន​ថ្លែង​ថា៖

«ដើម្បីឆ្លើយ​តបទៅ​នឹងបញ្ហាប្រឈម​នេះ​ អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​បាន​បើក​កន្លែង​ជួសជុល​ថ្មី​មួយ​នៅ​ភាគ​ខាងត្បូង​នៃ​ក្រុង Cox's Bazar​ ដែល​នឹងត្រូវ​បាន​គេ​ពង្រីក​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ រហូត​ទាល់​តែ​កន្លែង​នោះ​មាន​សមត្ថភាព​អាច​ជួស​ឫស្សី​ចំនួន​ប្រមាណ៤ម៉ឺន​ដើម​ក្នុងមួយខែ​។​ ចំនួននេះ​ត្រូវបាន​គេ​រំពឹងថា​អាច​គ្រប់គ្រាន់ក្នុងការ​ជួសជុល​ជម្រក​ប្រមាណ ៦០០០ទៅ ៧០០០ខ្នង​ឲ្យកាន់តែប្រសើរ»។

លោក Millman និយាយ​ថា គម្រោង​នេះ​នឹង​ជួយ​ធានា​ថា ជនភៀស​ខ្លួននឹង​មិន​ត្រូវ​រស់នៅ​រង​ការ​គំរាមកំហែង​ជាប្រចាំ​ ថា​ជម្រក​របស់​ពួកគេ​ត្រូវ​ដួលរលំ​ ដោយសារ​គ្រោង​ឫស្សី​ខូច​ខ្ទេចខ្ទីនោះ​ឡើយ។

ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ជិត១​លាននាក់​កំពុង​រស់នៅក្នុង​ក្រុង ​Cox's Bazar​។ ពួកគេ​ភាគច្រើន​បាន​ភៀស​ខ្លួន​កាលពី​ចុងខែ​សីហា​ ឆ្នាំ២០១៧​ ដើម្បី​គេច​ពី​អំពើហិង្សា​ និង​ការបៀតបៀន​ដែលកើតឡើង​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា។​ ដើម្បីឆ្លើយតប​នឹង​ ​លំហូរនៃ​ការចាក​ចេញ​ដ៏សន្ធឹកសន្ធាប់​នៃ​ក្រុម​ជនភៀសខ្លួន​ទាំង​នេះ ក្រុង​មួយ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ឆាប់​រហ័ស​ដោយ​ធ្វើ​ពី​គ្រោង​ឫស្សី​ និង​តង់​ស្នាក់នៅ​បណ្តោះ​អាសន្ន​នៅ​លើ​ជម្រាល​ភ្នំ​នៃ​តំបន់​អភិរក្ស​ព្រៃឈើ​មួយ។

ដើម​ឫស្សី​ដែល​មិន​ត្រូវ​បាន​គេ​លាបថ្នាំ​ការពារ​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សាងសង់​ជម្រក​ទាំង​នោះ បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ពពួក​សត្វល្អិត ​ដែល​បង្ក​ឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។​ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើការនៅ​ក្នុង​គម្រោង​ដើម្បី​ប្រាក់​កម្រៃ​មួយ​បាន​ជួយ​ដល់​ពួកគេ​យ៉ាង​ខ្លាំង។ ​

អង្គការ​នេះ​បាន​ឲ្យ​ដឹងទៀត​ថា ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​មាន​ជំនាញ​ខាង​សិប្បកម្ម​ធ្វើ​ឫស្សី​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​ពួកគេ​កំពុង​តែ​ប្រើ​បច្ចេកទេស​ទាំងនេះ​ដើម្បី​ជួយ​ដល់​ដំណើរការ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​៕

ប្រែ​សម្រួល​ដោយ​កញ្ញា​ ខាន់​ សុគុំ​មនោ

XS
SM
MD
LG