ប្រមុខគណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម ជួបជាមួយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ានៅឯសេតវិមានកាលពីថ្ងៃអង្គារ ហើយលោកជាអគ្គលេខាធិការទីមួយនៃគណបក្សកុម្មុយនិស្តរបស់ប្រទេសនេះ ដែលបានធ្វើដូច្នេះជាផ្នែកមួយនៃទស្សនកិច្ចមួយអាទិត្យរបស់លោកនៅក្នុងស.រ.អា.។
ដំណើរទស្សនកិច្ចដែលធ្វើឡើងនៅខួបឆ្នាំទី៤០នៃការដកថយរបស់ស.រ.អា.និងការកាន់កាប់ប្រទេសវៀតណាមដោយពួកកុម្មុយនិស្ត ត្រូវរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍចំណងទាក់ទងខាងសេដ្ឋកិច្ចនិងខាងសន្តិសុខឱ្យបានជិតស្និទ្ធជាងមុននិងឧបត្ថម្ភផ្ចុងផ្តើមសិទ្ធិមនុស្សផងដែរ។
លោក Nguyen Phu Trong ប្រមុខគណបក្សកុម្មុយនិស្តវៀតណាមមានអាយុ៧១ឆ្នាំដែលគ្មានតំណែងជាផ្លូវការក្នុងរដ្ឋាភិបាលទេនោះ បានហៅទស្សនកិច្ចរបស់លោកក្នុងស.រ.អា.និងជំនួបនៅក្នុងសេតវិមានថាមានលក្ខណៈប្រវត្តិសាស្ត្រ ហើយលោកសង្ឃឹមថា នឹងកសាងការទុកចិត្តគ្នាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងពេល២០ឆ្នាំក្រោយទំនាក់ទំនងទ្វេភាគីបានត្រូវធ្វើឱ្យមានភាពធម្មតាប្រក្រតីវិញ។ គេរំពឹងថា លោក Trong ពិភាក្សាសន្ធិសញ្ញាពាណិជ្ជកម្មសេរីនៃភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា TPP កិច្ចសហប្រតិបត្តិការខាងកិច្ចការពារទ្វេភាគី ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងនិងសិទ្ធិមនុស្ស។ ការហាមប្រាមរបស់ស.រ.អា.មិនឱ្យលក់អាវុធឱ្យប្រទេសវៀតណាមប្រហែលជាត្រូវលើកយកទៅពិភាក្សាគ្នាដែរ។
នៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរដល់សំណួររបស់ Bloomberg News លោក Trong បាននិយាយថា លោកយល់ឃើញថាការទាក់ទងគ្នានេះ«ជាទំនាក់ទំនងសំខាន់បំផុតមួយ...នៅក្នុងគោលនយោបាយការបរទេសរបស់យើង»។ លោកបានសម្តែងសេចក្តីសង្ឃឹមថា«នេះជាឱកាសមួយសម្រាប់ឱ្យភាគីទាំងពីររបស់យើងមានការពិភាក្សាគ្នាដោយចំហនិងស្មោះត្រង់អំពីបញ្ហានានាដែលនៅមានការខ្វែងគំនិតគ្នា»។ លោកបាននិយាយថា ការណ៍នេះអាចពង្រឹងការយល់គ្នាទៅវិញទៅមក បង្រួមការខ្វែងគំនិតគ្នាឱ្យនៅតូចនិងកសាងជាលំដាប់ការទុកចិត្តគ្នានិង«បន្ថែមខ្លឹមសារនិងប្រសិទ្ធិភាពទៅក្នុងទំនាក់ទំនងក្នុងរយៈពេលយូរ»។
លោក Carl Thayer ដែលជាអ្នកជំនាញការខាងកិច្ចការទ្វីបអាស៊ីអាគ្នេយ៍និយាយថា ជាមួយការធ្វើឱ្យមានតុល្យភាពជាថ្មីរបស់ស.រ.អា.ឆ្ពោះទៅកាន់ភូមិភាគអាស៊ីប៉ាស៊ីហ្វិក ប្រទេសទាំងពីរ ដោយយឺតៗ បានទៅដល់ចំណុចរួមនៃផលប្រយោជន៍យុទ្ធសាស្ត្រហើយរដ្ឋាភិបាលក្រុងហាណូយបានជំរុញឱ្យមានជំនួបមួយបែបនេះដើម្បីផ្តល់ការទទួលស្គាល់ដល់ប្រមុខនៃគណបក្សកុម្មុយនិស្តវៀតណាម។
«ដូច្នេះ គឺស.រ.អា.ដែលបង្ហាញការគោរព ហើយខ្ញុំយល់ថា ការណ៍នេះបង្កើនការទុកចិត្តគ្នារវាងប្រទេសទាំងពីរ»។
លោក Thayer និយាយថា សារៈសំខាន់នៃជំនួបនេះគឺបំភ្លឺអំពីភាពដៃគូទូលំទូលាយកាលពីឆ្នាំ២០១៣ដែលបានត្រូវសម្រេចនៅពេលប្រធានាធិបតីវៀតណាម Truong Tan Sang ទៅទស្សនាសេតវិមាន។
លោក Thayer និយាយថា ប្រធានបទសំខាន់ៗនៃការពិភាក្សាគ្នាមានការទាក់ទិនគ្នាទៅវិញទៅមកហើយលោកបាននិយាយយោងដល់បញ្ហាសិទ្ធិមនុស្សនិង TPP ជាឧទាហរណ៍ផងដែរ។
«ប្រសិនបើប្រទេសវៀតណាមចុះហត្ថលេខាលើភាពដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសនេះត្រូវតែយល់ព្រមឱ្យមានសហជីពឯករាជ្យជាងមុនដែលវៀតណាមគ្មានទេ និងត្រូវមានតម្លាភាពច្រើនជាងមុនផងដែរ។ដូច្នេះ ប្រទេសវៀតណាមធ្វើអ្វីដែលប្រទេសនេះតែងតែធ្វើជានិច្ច—គឺដោះលែងអ្នកប្រឆាំងសំខាន់ៗពីរបីនាក់នៅមុនជំនួបនេះដើម្បីបង្ហាញសុឆន្ទៈខ្លះៗ។ យ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាមនឹងបន្តចាប់មនុស្សឃុំឃាំងតទៅទៀត ជាពិសេសនៅក្នុងរដូវនយោបាយនៅពេលជិតមានការប្រជុំសមាជរបស់គណបក្សពួកគេក្នុងឆ្នាំ២០១៦»។
លោក Thayer និយាយថាប្រទេសវៀតណាមមានចំនួនលើសខាងពាណិជ្ជកម្មយ៉ាងច្រើនជាមួយស.រ.អា. និងមានឱនភាពពាណិជ្ជកម្មយ៉ាងធំជាមួយប្រទេសចិនហើយវៀតណាមត្រូវការចូលក្នុងផ្សារស.រ.អា.និង៤០ភាគរយនៃផ្សារសាកលដែល TPP តំណាង។ ពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនពីតិចជាង៥០០លានដុល្លារក្នុងឆ្នាំ១៩៩៥ទៅដល់៣៥ពាន់លានដុលា្លរកាលពីឆ្នាំទៅមិញ។
លោក Thayer ថ្លែងថា ប្រទេសទាំងពីរបានយល់ស្របគ្នាថាអំពីអាកប្បកិរិយាគឃ្លើនរបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងដោយនិយាយទទូចថាប្រទេសចិនគួរគោរពច្បាប់អន្តរជាតិហើយមិនត្រូវប្រើកម្លាំងទេ។ កាលពីឆ្នាំទៅមិញប្រទេសចិនបានដាក់ការដ្ឋានខួងប្រេងនៅក្នុងផ្ទៃទឹកនៅជិតប្រជុំកោះ
Paracel មានជម្លោះនាំឱ្យមានការប៉ះទង្គិចគ្នារវាងនាវាចិននិងវៀតណាមហើយបានបណ្តាលឱ្យមានកុប្បកម្មប្រឆាំងនឹងចិននៅក្នុងប្រទេសវៀតណាមផងដែរ។ភាពតានតឹងក៏បានកើនខ្លាំងដែរដោយសារចិនបានកសាងកោះសិប្បនិមិត្តនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Thayer និយាយថា លោក Trong ប្រហែលជាជំរុញស.រ.អា.ដែរ ឱ្យបញ្ចប់ការហាមប្រាមមិនលក់អាវុធឱ្យប្រទេសលោក ដែលជាករណីមួយដែលពួកមន្ត្រីវៀតណាមបានខិតខំព្យាយាមលើកយកមកនិយាយនៅពេលលោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ashton Carter អញ្ជើញទៅទស្សនាប្រទេសវៀតណាមកាលពីខែមិថុនា។
«នេះតែងតែជាការអំពាវនាវខាងនយោបាយមួយចាប់តាំងពីដើមមក។វៀតណាមមានអារម្មណ៍ថា ខ្លួនបានត្រូវរើសអើង។ ក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមគ្នាដែលលោករដ្ឋមន្ត្រី Carter បានចុះហត្ថលេខាជាមួយសមភាគីវៀតណាមរបស់លោក ផ្នែកថ្មីតែមួយគត់គឺការបង្កើនពាណិជ្ជកម្មខាងការពារប្រទេស ហើយបន្ទាប់មកមានប្រធានបទខាងគុណវុឌ្ឍិទាក់ទិននឹងច្បាប់នៃប្រទេសនីមួយៗដែលមានន័យថាជាការរិតត្បិតរបស់អាមេរិកាំង»។
លោក Thayer និយាយថា ប្រទេសវៀតណាមមិនទំនងជាចង់បានអាវុធធុនធ្ងន់ឬអាវុធសម្រាប់វាយលុកទេ ក៏ប៉ុន្តែចង់បានលើសពីនាវាស្ថាបនាក្នុងស.រ.អា.សម្រាប់កងឆ្មាំការពារឆ្នេរសមុទ្ររបស់ផងខ្លួនដោយមានរួមបញ្ចូលគ្រឿងឧបករណ៍នានាដូចជារ៉ាដាដើម្បីកែលម្អគមនាមន៍និងបណ្តាញល្អប្រសើរជាងមុនសម្រាប់ប្រព័ន្ធអាវុធរបស់ពួកគេផងដែរ។
លោក Thayer ថ្លែងថាប្រទេសវៀតណាមចូលចិត្តរបៀបដោះស្រាយពហុភាគីនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចនានាដូចជាប្រទេសចិន,ស.រ.អ., ប្រទេសរុស្សីនិងប្រទេសឥណ្ឌាជាដើមដោយគ្មានការទាក់ទាញឱ្យឋិតនៅក្រោមឥទ្ធិពលរបស់ប្រទេសណាមួយទេ។ក៏ប៉ុន្តែ លោកបាននិយាយថាដំណើរទស្សនកិច្ចនេះហាក់ដូចជាបង្ហាញសញ្ញាថាវៀតណាមបានបាត់បង់ការទុកចិត្តខ្លះជាមួយប្រទេសចិននៅជិតខាងដោយសារមានភាពតានតឹងក្នុងសមុទ្រហើយប្រុងប្រៀបធ្វើឱ្យមានការជិតស្និទ្ធជាមួយស.រ.អា.៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ