បាតុករជិត៤០០នាក់ដែលមកពីសហគមន៍ខ្មែរ ម៉ុងតាញ៉ានិងឡាវបានសម្តែងការប្រឆាំងមិនឱ្យសហរដ្ឋអាមេរិកលក់អាវុធទៅឱ្យប្រទេសវៀតណាមនិងទទួលយកប្រទេសកុម្មុយនិស្តមួយនេះចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទេ។
លោក ព្រហ្ម សៅនរ៉ា អ្នករៀបចំ បាតុកម្មបានពន្យល់ថា៖ «ពីព្រោះយកទៅមិនមែនការពារជាមួយចិនទេគឺថាយកទៅធ្វើបាបប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋលាវ»។
បាតុកម្មនេះធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោក ង្វៀន ភូជុង អគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាមគ្រោងនឹងមកធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១០ខែកក្កដាខាងមុខ។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្សះផ្សារនិងធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយនឹងប្រទេសវៀតណាមបន្ទាប់ពីសង្គ្រាមរវាងប្រទេសទាំងពីរបានបញ្ចប់កាលពី ៤០មុន។
លោក ម៉ែន វណ្ណៈ អ្នកដឹកនាំបាតុករមកពីទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិតបានបញ្ជាក់ថាការបង្កើតទំនាក់ទំនងល្អមិនគួរធ្វើទេក្នុងខណៈពេលដែលការគោរពសិទ្ធិមនុស្សនៅវៀតណាមមិនទាន់ប្រសើរនៅឡើយហើយប្រទេសមួយនេះនៅបន្តពង្រីកឥទ្ធិពលរបស់ខ្លួនមកលើប្រទេសជិតខាង៖
«មកទល់នឹងពេលនេះប្រទេសវៀតណាមនៅតែ ចិញ្ចឹមចិត្តធ្វើរបបកុម្មុយនិស្តហើយបានសាបព្រោះអំពើអមនុស្សធម៌ទៅលើប្រទេសជិតខាង ទៅលើប្រទេសលាវ ជាពិសេសទៅលើប្រទេសកម្ពុជាសម័យបច្ចុប្បន្នយើងមានការរំលោភបំពានដូច្នេះយើងសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឱ្យបានមែនទែនថាតើគាត់ចុះហត្ថលេខានោះមានប៉ះពាល់អ្វីដល់ប្រទេសតូចៗដែលនៅ ជុំវិញប្រទេសវៀតណាម»។
លោកស្រីប៊ុនចាន់ សេនថាវង្ស តំណាងបាតុករជនជាតិឡាវយល់ស្របហើយមើលឃើញចរន្តផ្ទុយគ្នានៃចេតនារបស់រដ្ឋាភិបាលវៀតណាម៖
«នៅពេលឥឡូវនេះវៀតណាមកំពុងតែសុំជំនួយពីសហរដ្ឋអាមេរិកដើម្បីជួយដល់ជនរងគ្រោះដោយសារថ្នាំគីមី Orange Agent ប៉ុន្តែស្របពេលជាមួយគ្នានេះដែរប្រទេសនេះបានប្រើប្រាស់ថ្នាំគីមីមកបំផ្លាញដំណាំរបស់ពលរដ្ឋកម្ពុជា។ នេះមិនយុត្តិធម៌ទាល់តែសោះហើយមិនអាចទទួលយកបានទេសម្រាប់ពួកយើងទាំងអស់គ្នានៅទីនេះ»។
ការរំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាមជារឿយៗបាននាំឱ្យពលរដ្ឋតំបន់ភ្នំនៅរត់ចូលមកប្រទេសកម្ពុជាដើម្បីសុំសិទ្ធិជ្រកកោនប៉ុន្តែពួកគេមួយចំនួនត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅវិញ។
លោក កុក ស អ្នកដឹកនាំសហគមន៍ដេការ ឬម៉ុងតាញ៉ានៅសហរដ្ឋអាមេរិកយល់ថាអ្នកទាំងនោះគួរតែទទួលបានការយកចិត្តទុកដាក់ដោយសារពួកគេគឺជាជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សពិតប្រាកដដូច្នេះហើយបានជាលោកសម្រេចចូលរួមជាមួយនឹងសហគមន៍ខ្មែរដើម្បី ធ្វើបាតុកម្ម។
លោកកុក ស បានបន្ថែមថា៖
«ពលរដ្ឋរបស់យើងជាច្រើនបានឆ្លងកាត់ព្រំដែនចូលទៅប្រទេសកម្ពុជាពីព្រោះពួកគេមិនអាចទ្រាំនឹងការធ្វើទុក្ខពីសំណាក់ពួកវៀតណាមដែលធ្វើមកលើពួកគេដោយសារតែ គេជាអ្នកជឿលើសាសនាព្រះយេស៊ូគ្រឹស្តប៉ុន្តែនៅពេលដែលពួកគេទៅដល់ទីនោះគ្មានអ្នកណាជួយពួកគាត់ឡើយ។ កម្ពុជាទើបតែបញ្ជូនពួកគេចំនួន៣៦នាក់ត្រឡប់ទៅវិញហើយយើងមិនដឹងថានឹងមានរឿងអ្វី កើតឡើងចំពោះអ្នកទាំងនោះទេ»។
រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ខិតខំជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីពង្រីកសេដ្ឋកិច្ចនិងពង្រឹងតួនាទីរបស់ខ្លួននៅតំបន់អាស៊ី។ ប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដើម្បីចូលក្នុងកិច្ចព្រមព្រៀងនេះនៅឡើយ។
លោកទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិបានបញ្ជាក់ថា៖
«យើងចង់ឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញក្នុងគោលនយោបាយក្នុងការទំនាក់ទំនងជាមួយប្រទេសវៀតណាមដែលជាសត្រូវរបស់ខ្លួនពីអតីតកាលផងដែរ»។
បើមិនបានដូចការទាមទារទេបាតុករប្តេជ្ញាថាពួកគេនឹងធ្វើយុទ្ធនាការបន្តទៀតតាមរយៈសមាជិកសភារបស់ខ្លួនដើម្បីឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលជំហរឬដាក់លក្ខខណ្ឌតឹងរឹងចំពោះប្រទេសវៀតណាម៕