សហគមន៍ខ្មែរ ម៉ុងតាញ៉ា និងឡាវ នៅសហរដ្ឋអាមេរិកគ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ដើម្បីតវ៉ាសុំកុំឱ្យសហរដ្ឋអាមេរិកលក់អាវុធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកជាមួយនឹងប្រទេសវៀតណាម និងដាក់សម្ភាធប្រទេសកុម្មុយនិស្តមួយនេះឱ្យគោរពសិទ្ធិមនុស្ស។
បាតុកម្មដែលនឹងធ្វើនៅខាងមុខវិមានរដ្ឋសភាជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោនគឺមានរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលថ្នាក់ដឹកនាំកំពូលបក្សកុម្មុយនិស្តវៀតណាមគ្រោងនឹងមកទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
លោក ទូច វិបុល ប្រធានមូលនិធិសង្គ្រោះជាតិ ដែលជាអ្នករៀបចំម្នាក់បានបញ្ជាក់ថា បញ្ហាព្រំដែនស្ថិតនៅលើចំណុចអាទិភាព ដែលសហគមន៍ខ្មែរចង់លាតត្រដាងពីមហិច្ឆតារបស់វៀតណាមនៅក្នុងតំបន់ផងដែរ៖
«អ្វីដែលសំខាន់សម្រាប់កម្ពុជាយើង គឺថាយើងចង់លើកយកបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាបូរណភាពដែនដីខ្មែរយើង ជាពិសេសកោះត្រល់។ យើងចង់រំលឹករឿងហ្នឹងឡើងវិញ ដើម្បីបញ្ជាក់ឱ្យឃើញថា កោះត្រល់នៅតែជារបស់ខ្មែរយើង ហើយចំណុចដ៏ក្តៅគគុកពាក់ព័ន្ធនឹងប្រទេសវៀតណាមប្រើប្រាស់នូវសារជាតិគីមី ដែលធ្វើការបាញ់សម្លាប់ទៅលើកសិផលរបស់ប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាការប្រើប្រាស់សារជាតិគីមីទៅលើម្ហូបអាហារនានានៅទីក្រុងភ្នំពេញ ដែលបណ្តាលឱ្យពលរដ្ឋឈឺក៏ដូចជាស្លាប់ ហើយជាពិសេសបញ្ហាសម្លាប់ធ្វើឱ្យឆ្លងជំងឺអេដស៍ទូទាំងភូមិមួយនៅខេត្តបាត់ដំបង ដែលគ្រូពេទ្យនោះជាជនជាតិយួន»។
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូត្រឹង គ្រោងនឹងមកទស្សនកិច្ចនៅ សហរដ្ឋអាមេរិកនៅខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍នានា។
នេះគឺជាទស្សនកិច្ចលើកទីមួយរបស់មេដឹកនាំបក្សនៃប្រទេសវៀតណាមមកសហរដ្ឋអាមេរិក ក្រោយពីសង្គ្រាមបានបញ្ចប់ទៅកាលពី៤០ឆ្នាំមុន។ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងជំរុញសកម្មភាពពាណិជ្ជកម្មកាន់តែច្រើនជាមួយនឹងប្រទេសវៀតណាម៕