លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អា.ទទួលជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាមនៅសេតវិមាននៅថ្ងៃអង្គារនេះ ដែលជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលជាអតីតសត្រូវនឹងគ្នា។
ដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមធ្វើឡើងភ្លាមៗក្រោយពីខួប៤០ឆ្នាំនៃការបញ្ចប់សង្គ្រាមវៀតណាម។ ប្រទេសទាំងពីរបានធ្វើទំនាក់ទំនងជាធម្មតាឡើងវិញកាលពី២០ឆ្នាំមុន ហើយកាន់តែជិតស្និទ្ធនឹងគ្នា នៅពេលមានសភាពការណ៍តានតឹងនៅក្នុងតំបន់ទាក់ទងនឹងការបង្កើនសកម្មភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍របស់សេតវិមាននិយាយថា លោកប្រធានាធិបតីអូបាម៉ាទន្ទឹងរង់ចាំការពិភាក្សារកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីនេះ។ លោកប្រធានាធិបតីក៏ស្វាគមន៍ឱកាសពិភាក្សាបញ្ហាមួយចំនួនទៀត ដូចជាភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក Trans-Pacific Partnership បញ្ហាសិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការការពារទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក Trong គឺជាមេដឹកនាំកំពូលរបស់វៀតណាម ប៉ុន្តែលោកមិនបានកាន់តំណែងដោយការបោះឆ្នោតទេ ហើយលោកមិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលទេ ដែលធ្វើឲ្យជំនួបរវាងលោក និងលោកប្រធានាធិបតីជាជំនួបខុសប្រក្រតី។ ក្រុមសិទ្ធិមនុស្ស និងអ្នកតាក់តែងច្បាប់បានជំរុញឲ្យលោកប្រធានាធិបតីបន្តដាក់សម្ពាធឲ្យប្រទេសវៀតណាមលើកកម្ពស់សិទ្ធិមនុស្ស ហើយថា សេតវិមានមិនគួរទទួលជួបលោក Trong ទេ៕