ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អគ្គលេខាធិការ​អ.ស.ប.​តាម​ដាន​វិវាទ​ព្រំដែន​កម្ពុជា​វៀតណាម


លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​
លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​

លោក​អគ្គលេខាធិការ​អ.ស.ប. Ban Ki-moon​ បាន​តាម​ដាន​បញ្ហា​វិវាទ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​និង​បង្ក​របួស​ដល់​ភាគី​ទាំង​សងខាង​ជាង​១០​នាក់​កាលពី​សប្តាហ៍​កន្លង​ទៅ។​

កម្ពុជា​បាន​យល់ព្រម​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដើម្បី​ពិនិត្យ​និង​បំភ្លឺ​លើ​ករណី​ ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ ​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិជាមួយនឹង​ឆ្មាំ​ព្រំដែន​និង​កសិករ​វៀតណាម​ដែល​បណ្តាល​ឲ្យ​ភាគី​ទាំង​ពីរ​រង​ របួស​រហូត​ដល់​ជាង​១០​នាក់​ រួមទាំង​អ្នក​តំណាង​រាស្ត្រ​រៀល ខេមរិន្រ្ទ​ តំណាង​ រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។​

អ្នក​នាំ​ពាក្យ​របស់​អ.ស.ប.ម្នាក់​គឺ​លោកស្រី ​Eri Kaneko ​បាន​ប្រាប់​វីអូអេ​ខេមរ​ ភាសា​អំពី​ការ​យក​ចិត្ត​ទុកដាក់​របស់​លោក​អគ្គលេខាធិការ​អ.ស.ប.ទៅ​លើ​បញ្ហា​ វិវាទ​ព្រំដែន។ អ្នកស្រី​និយាយថា៖​

«លោក​អគ្គលេខាធិការអ.ស.ប.​បាន​តាមដាន​ការ​វិវត្ត​នានា​ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា ​និង​វៀតណាម​ ហើយ​សម្តែង​ការ​ស្វាគមន៍​ឲ្យ​មានកិច្ច​ព្រមព្រៀង​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ពិនិត្យ​មើល​និង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​បញ្ហា​ដែល​បាន​កើត​ឡើង។​

ភាគី​ទាំង​ពីរ​នៃ​គណៈ​កម្មការ​ព្រំដែន​ចម្រុះ​វៀតណាម​និង​កម្ពុជា​នឹង​ជួប​ប្រជុំ​គ្នា​ ក្នុង​ទីក្រុង​សៀមរាប​ពីថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែ​កក្កដា​ខាងមុខ​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​អូស​បន្លាយ​រាប់​ទស​វត្សរ៍​មក​ហើយ​នោះ។​

តំណាង​រាស្ត្រ​គណបក្ស​ង្គ្រោះជាតិ​គឺ​លោក​ អ៊ុំ សំអាន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ផ្លូវ​ ការ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ប្តឹង​វៀតណាម​ទៅ​តុលាការ​ យុត្តិធម៌​អន្តរជាតិ ​ICJ ​របស់​អ.ស.ប.ក្នុង​ក្រុង​ឡាអេ​ពី​ការ​រំលោភ​ចូល​ទឹកដី​កម្ពុជា។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ថ្លែង​ដូច​នេះ​ប្រាប់​លោក​ហ៊ុន សែន​ក្នុង​លិខិត​របស់​លោក​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ដោយ​លោក​សរសេរ​យោង​ថា​ មាន​ការ​រំលោភ​របស់​វៀតណាម​មក​លើ​ទឹកដី​កម្ពុជា​តាម​ព្រំដែន​ ដោយ​វៀតណាម​បានសាងសង់​ប៉ុស្តិ៍​យោធា​នៅ​ភូមិ​ព្រែក​ស្បូវ ​ឃុំ​សំពៅ​លូន​ ស្រុក​កោះធំ​ ខេត្ត​កណ្តាល ​ហើយនឹង​ការ​ជីក​ស្រះ​ទឹក​៨​កន្លែង​នៅ​ក្នុង​ភូមិ​ឡំ ​ឃុំ​ប៉ក់ញ៉ៃ ​ស្រុក​អូយ៉ាដាវ​ ខេត្ត​រតនគីរី​ ដោយ​មិន​ព្រម​ឆ្លើយ​តប​នឹង​ការ​ផ្ញើរ​កំណត់​ទូត​របស់​កម្ពុជា​ ឬ​មិន​បាន​លុបស្រះ​នោះ​ទេ។​

គ្មាន​ការ​ឆ្លើយតប​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​យ៉ាង​ណា​ទេ​ចំពោះ​ការ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​អំពី​បញ្ហា​ព្រំដែន​ដែល​អ្នក​នយោបាយ​អាច​កេង​យក​ចំណេញ​ប្រជាប្រិយភាព​បាន​រៀងៗ​ខ្លួន​នោះ។​ តែ​លោក​វ៉ា គីមហុង​បាន​អះអាង​ថា​ ភាគី​ទាំ​ងពីរ​កំពុង​បន្ត​ដោះ​ស្រាយ។​ លោក​ចោទ​សួរ​ថា ​តើ​កម្ពុជា​យក​អ្វី​ទៅ​តុលាការ​អន្តរជាតិ​របស់​អ.ស.ប.ដែល​តម្រូវ​មាន​លក្ខខណ្ឌ​ច្រើន​នោះ។​

លោក​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ Peter Maguire ​ដែល​ឃ្លាំ​មើល​ស្ថាន​ការណ៍​ កម្ពុជា​និង​ក្នុង​តំបន់​បាន​ថ្លែង​ថា​ លោក​មិន​សូវ​មាន​ជំនឿ​ថា​ អ.ស.ប.អាច​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ដំណោះ​ស្រាយ​បាន​ទេ។

​«រឿង​នេះ​មិនមែន​ជារឿង​ងាយ​ស្រួល​ទេ។​ ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​កម្ពុជា​និង វៀតណាម​បាន​ចាក់​ឫស​យ៉ាង​ម៉ាំ​ហើយ»។​

លោក​សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​និង​ជាអ្នក​វិភាគ​ម្នាក់​បាន​ថ្លែង​ថា ​បញ្ហា​កម្ពុជា​គាំទ្រ​ចិន​ក្នុង​ជម្លោះ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​អាច​ ជា​រឿង​សំខាន់​នៃ​វិវាទ​ព្រំប្រទល់​ដែន​នេះ។​

«ចុះ​ពីមុន​ម៉េច​ក៏​មិន​ធ្វើ​ត្រង់សេ​ ពី​មុន​ម៉េច​ក៏​មិនជីក​ស្រះ​ ​ហើយ​ទើប​តែ​មក​ជីក​ ឥឡូវ​ ហើយ​មក​ធ្វើ​ត្រង់សេ​ឥឡូវ​ ហើយមក​ធ្វើ​ផ្លូវ​បន្ត​ទៀត​អញ្ចឹង​ គឺ​ដោយសារ​ តែ​វៀតណាម​បាន​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ ហើយ​ដើម្បី​ឲ្យគណបក្ស​ប្រឆាំង​ចូល​មក​ដើម្បី​ដាក់​នយោបាយ​មួយ​ គាប​សង្កត់​រដ្ឋាភិបាល​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ កុំ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ចិន​ពេក​គឺ​ថា ​សេចក្តី​សុខ​មិន​មែន​ធ្វើតែ​ជាមួយ​ចិន​ទេ ត្រូវ​ធ្វើ​ទាំង​សងខាង»។​

លោក​សុខ ទូច​បាន​ទទូច​មិន​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​យក​រឿង​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ និង​ប្រយោជន៍​ជាតិ។​

ដោយ​ឡែក​លោក​អ៊ូ វីរៈ ​ប្រធាន​អង្គការ​វិភាគ​ និង​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ឈ្មោះ ​Future Forum ​បាន​និយាយ​ថា​ សម្ពាធក្នុង​តំបន់​ និង​បញ្ហា​ព្រំដែន​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ស្តាប់​តាម​ការ​ចង់​បាន​របស់​មនុស្ស​ជំនាន់​ក្រោយ ​ដែល​ងាយ​នឹង​ឆាប​ឆេះ​កំហឹង​អំពី​បញ្ហា​ព្រំដែន​នេះ។​

«យើង​មើល​ទៅ​មាន​កត្តាពីរ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គាត់​ចាប់​ផ្តើម​ប្រតិកម្ម​ ឬ​មួយ​ យក​ចិត្តទុក​ដាក់​ជាមួយ​នឹង​រឿង​ទាក់ទង​នឹង​ប្រទេស​វៀតណាម​ ​ទី​១​គឺដោយ​សារ ប្រទេស​កម្ពុជា​ចាប់​ផ្តើម​បាន​ផល​ប្រយោជន៍​ពី​ប្រទេស​ចិន​ច្រើន។​ ដោយ​បាន​ ផលប្រយោជន៍​ហ្នឹង ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​ហាក់​ដូច​ជា​ងាក​ចេញ​ពី​វៀតណាម​ បន្តិច​ទៅ​គាំទ្រ​ចិន​វិញ​ ហើយ​គោល​ជំហរ​របស់​កម្ពុជា​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ តែ​ធ្វើ​ឲ្យ​វៀតណាម​ខឹង​សម្បារ​ ខឹង​ខ្លាំង​មែន​ទែន​ក្នុង​ នយោបាយ​ជម្លោះ​តំបន់​ហ្នឹង។ ​ទី២ ​គណបក្ស​កាន់​អំណាច​ចាប់​ផ្តើម​ស្វែង​យល់​ ហើយ​ចាប់​ផ្តើម​យក​ចិត្ត​ទុកដាក់​ជាមួយ​នឹង​ប្រតិកម្ម​របស់​យុវជន​នៅ​ក្នុង​ស្រុក​ ទាក់ទង​នឹង​រឿង​ព្រំដែន»។​

លោក​អ៊ូ វីរៈ​ក៏​បាន​កត់​សម្គាល់ពី​ប្រតិកម្ម​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ កម្ពុជា​ដែរ​គឺ​ការ​ចាប់​ខ្លួន​ជនអន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់​និង​ចាប់​ផ្តើម​តវ៉ា​រឿង​ព្រំដែន​ជា​សាធារណៈ​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ដាក់​រឿង​ព្រំដែន។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​រៀល ខេមរិន្ទ្រ ​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀងបាន​ថ្លែង​ថា​ ពលរដ្ឋ​កម្ពុជា​ត្រូវ​ការពារ​ទឹកដី​របស់​ខ្លួន​ ពេល​មាន​ការ​រំលោភ​បំពាន។ លោក​គឺជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​មាន​ការប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ នៅ​ពេល​លោក​ដឹកនាំ​ពលរដ្ឋ​ទៅ​កាន់​តំបន់​ព្រំដែន​តាម​ពាក្យ​បណ្តឹង​ពល​រដ្ឋ​នោះ។​ លោក​បាន​ធ្វើ​ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម ​ដែល​ចាត់​ទុក​ថា ​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​បង្ក​បញ្ហា​នៅ​ព្រំដែន ​ពេល​ប្រទេស​ទាំង​ពីរកំពុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន។​

«ចំពោះ​ស្ថាន​ការណ៍​ព្រំដែន​ឥឡូវ​នេះ​គឺ​មាន​ភាព​តាន​តឹង​ ពុំមែន​មក​ពី​ប្រជា​ ពលរដ្ឋ​ខ្មែរ​ដែល​ជាតិ​និយមទៅ​បង្ក​បញ្ហា​នោះ​ទេ ​គឺ​ដោយសារ​តែ​ការ​ឈ្លានពាន​ ដ៏​ងងើល​របស់​ជនជាតិ​វៀតណាម​មក​លើ​ប្រទេស​ខ្មែរ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ លោក​មាន​ការ​បារម្ភ​ភ័យព្រួយ ​គិត​ខ្លាច​បាត់បង់​ទឹកដី​របស់​ខ្លួន​ ម្ល៉ោះ​ហើយ​វា​ជា​កាតព្វ​កិច្ច​របស់​ប្រជាជាតិ​និមួយៗ​ មិន​មែន​ថា​ តែ​ខ្មែរ​ទេ។ ​សូម្បី​តែ​ប្រជាជាតិ​វៀតណាម​ហ្នឹង​ ប្រសិន​បើ​មាន​អ្នកណា​គេ​ទៅ​បំពារ​បំពាន​នោះ​ ក៏​មាន​ការ​រើ​បម្រះ​ ឬ​ក៏​មានការ​តវ៉ា​ ឬ​ក៏​ត្រូវ​ការពារ​អញ្ចឹង​ដែរ»។​

លោក​ថ្លែង​ថា​ វៀតណាម​មិន​អាច​បន្ទោស​លើ​ចលនា​ជាតិ​និយម ​និង​ការ​ស្រឡាញ់​ទឹកដី​របស់​ពលរដ្ឋ​ខ្មែរ​បាន​ទេ​ នោះ​គឺ​ដោយសារ​វៀតណាម​មិន​បាន​ឆ្លើយ​តប​នឹង​កំណត់​ទូត​របស់​កម្ពុជា ​និង​មិន​បញ្ជាក់​ឲ្យច្បាស់​ចំពោះ​បញ្ហា​ព្រំដែន។​

ការ​កម្រើករឿង​ទឹកដី​ហើយនឹង​កំសួល​ជាតិ​និយម​ចុង​ក្រោយ​គឺ​ការ​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​លើ​ការ​រំលោភ​បំពាន​របស់​ថៃ​រឿង​ប្រាសាទ​ព្រះវិហារ។ ​វិវាទ​ព្រំដែន​រាប់​ទស​វត្សរ៍​នេះ​បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​តាំងពី​ខែ​តុលា​ឆ្នាំ​២០០៨ ​ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ មាន​ស្លាប់​ និង​របួស​ទាំងសង​ខាង​ផង​ដែរ។​ តែ​នៅ​ទី​បំផុត ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ បាន​បកសា្រយ​សាល​ក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ដែល​សម្តេចឪ​ប្តឹង​ឈ្នះ​ថៃ​ កាល​ពី​ឆ្នាំ​១៩៦២​នោះ​ ហើយ​បាន​ឲ្យថៃ​ដកថយ​ពី​ការ​ទាមទារដី​ក្បែរ​បរិវេណ​ប្រាសាទ​នោះ៕

XS
SM
MD
LG