ស្ថាប័នរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារនេះ បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតភ្លូកទឹកភ្លូកដី ប្រមាណ៦លាន៣៩ម៉ឺនសំឡេង ឬទទួលបាន១២០អាសនៈ។ បន្ទាប់មកគឺគណបក្សចាស់វស្សាមួយ គឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងជាង៧១ម៉ឺនសំឡេង ឬ៥អាសនៈក្នុងរដ្ឋសភាជាតិដែលមានចំនួន១២៥អាសន:សរុប។
អ្នកតាមដានសង្គមកត់សម្គាល់ថា ការបោះឆ្នោតក្នុងអាណត្តិទី៧ ដែលអវត្តមានគណបក្សភ្លើងទៀន និងវិសោធនកម្មច្បាប់«បោះឆ្នោត» ហាក់បង្ខំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ដោយមិនមានជម្រើស។ ការណ៍នេះ នាំឱ្យគណបក្សរាជានិយម អាចកម្រើកខ្លួនឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនអាណត្តិ។
គណបក្សរាជានិយមដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឈ្នះបានអាសនៈយ៉ាងហោចណាស់៥ រួមមានមណ្ឌលភ្នំពេញ១អាសនៈ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឈរជាតំណាងរាស្ត្រលេខរៀងទី១ មណ្ឌលខេត្តកំពង់ចាម១អាសនៈ ខេត្តកំពង់ធំ១អាសនៈ ខេត្តកណ្តាល១អាសនៈ និងមណ្ឌលខេត្តព្រៃវែង១អាសនៈ។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច។
ក្រៅពីនេះ គណបក្សខ្មែររួបរួមជាតិ ដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញឫទ្ធិ ទទួលបានសំឡេងជាង១៣ម៉ឺនសំឡេង ប៉ុន្តែគណបក្សមួយនេះ មិនឈានទៅទទួលបានអាសនៈ ឬកៅអីតំណាងក្នុងរដ្ឋសភានោះទេ។ ចំណែកគណបក្សជាង១០ផ្សេងទៀត គឺទទួលបានសំឡេងតិចតួចតែប៉ុណ្ណោះ។ នេះបើតាមលទ្ធផលបណ្តោះអាសន្នដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )។
អ្នកវិភាគនយោបាយលោក មាស នី លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងអាណត្តិទី៧នេះ ហាក់មានការរឹតត្បិតមួយចំនួន ជាពិសេសទាក់ទងនឹងវិសោធនកម្មច្បាប់បោះឆ្នោតដែលទើបតែអនុម័តមុនថ្ងៃបោះឆ្នោតថ្នាក់ជាតិ។
លោកថា វាជាវិធានការរាំងខ្ទប់ប្រជាពលរដ្ឋមួយចំនួន និងសកម្មជនរបស់គណបក្សជំទាស់ដែលគ្មានវត្តមានក្នុងការបោះឆ្នោត ដែលធ្វើឱ្យពួកគេមិនមានជម្រើស ហើយក៏ចេះតែបោះឱ្យគណបក្សនយោបាយផ្សេង។
លោកថ្លែងថា៖ «អ្នកដែលមានបំណងដែលនៅក្នុងនិន្នាការប្រឆាំងហ្នឹង គឺមិនបោះឱ្យគណបក្សប្រជាជន ប៉ុន្តែអាចបោះឱ្យគណបក្សដទៃណាដែលគេគិតថា [គឺ]ដូចថាគេបោះចោលទៅណា បោះឱ្យតែរួចខ្លួនទៅ រួចទៅបានសំឡេងទៅហ៊្វុនស៊ិនប៉ិចច្រើនអ៊ីចឹងទៅ។ ហើយវាក៏អាចមកពីមនុស្សគ្មានជម្រើស ក៏បោះឱ្យហ៊្វុនស៊ិនប៉ិច»។
ក្រៅពីនេះ អ្នកវិភាគរូបនេះថា មតិប្រជាពលរដ្ឋមួយមួយចំនួននៅតែចោទសួរ និងមានមន្ទិលសង្ស័យ ទាក់ទងលទ្ធផលបោះឆ្នោត ដែលគណបក្សរាជានិយមមួយនេះបានទទួលប្រមាណ៥អាសនៈនេះ ថាតើបានដោយសកម្មភាពគណបក្សរាជានិយមនេះដោយផ្ទាល់ ឬយ៉ាងណា។
លោក មាស នី មិនរំពឹងថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលទទួលបាន៥កៅអីក្នុងរដ្ឋសភា អាចធ្វើឱ្យមានការផ្លាស់ប្តូរអ្វីជាដុំកំភួនក្នុងរដ្ឋសភានោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា នៅតែមានសំឡេងច្រើនលើសលប់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ។
បើតាមលោក មាស នី សូម្បីតែកន្លងមក គណបក្សសង្គ្រោះជាតិ ដែលធ្លាប់ទទួលបានសំឡេងនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ប្រកៀកគ្នា នឹងគណបក្សកាន់អំណាច ក៏មិនអាចធ្វើអ្វីកើតដែរ ហើយទីបំផុតគណបក្សជំទាស់ដ៏ធំមួយនេះត្រូវបានរំលាយចោល។
លោកថ្លែងថា៖ «យើងឃើញពីមុនៗមក តួនាទីរបស់គណបក្សដែលមានសំឡេងភាគតិចហ្នឹង មិនអាចនឹងធ្វើអ្វីបានទៅលើការផ្លាស់ប្តូរនានា នៅក្នុងស្ថាប័នសភាទេ»។
ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិដណ្តើមបានកៅអីតំណាងរាស្ត្រចំនួន៥៥ ក្នុងចំណោម១២៣អាសនៈ ក្នុងរដ្ឋសភា ឬទទួលបានសំឡេងឆ្នោតប្រមាណ៣ លានសំឡេង ទល់នឹងសំឡេងឆ្នោតជាង៣លាន ២សែនរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគណប្រឆាំងមួយនេះ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាល បានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទាំងនៅរដ្ឋសភានិងនៅតាមក្រុមប្រឹក្សាឃុំសង្កាត់ ទៅបែងចែក ដែលធ្វើឱ្យរដ្ឋសភាជាតិកម្ពុជា ដឹកនាំដោយឯកបក្ស រហូតមកដល់មានការបោះឆ្នោតជាតិចុងក្រោយនេះ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លើកឡើងថា ការបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកយល់ថា វិសោធនកម្មច្បាប់បោះឆ្នោតដែលធ្វើឡើងយ៉ាងតក់ក្រហល់មុនការបោះឆ្នោតនោះ គឺជារូបភាពបង្ខំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «នៅក្នុងអំឡុងពេលកៀក ពេលបោះឆ្នោត ចលនានៃការរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត និងចលនានៃការទៅគូសសន្លឹកឆ្នោតឱ្យក្លាយទៅជាសន្លឹកឆ្នោតមិនបានការ វាធ្វើឱ្យប្រជាពលរដ្ឋ មានការធុញថប់នៅក្នុងអារម្មណ៍ ក្នុងដំណើរការបោះឆ្នោត»។
លោកបន្ថែមថា នៅពេលខាងមុខ គណបក្សហ្វុនស៊ិនប៉ិច អាចមិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជជែកដេញដោលក្នុងរដ្ឋសភាជាមួយគណបក្សកាន់អំណាចដែលឈ្នះបានសំឡេងលើសលប់នោះទេ។ ប៉ុន្ដែលោកថា បើសិនជាមានការផ្លាស់ប្ដូរលក្ខខណ្ឌណាមួយ គឺគណបក្សរាជានិយមដែលទទួលបានសំឡេងតិចតួចក្នុងសភានោះ អាចមានលទ្ធភាពជជែកជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានខ្លះផងដែរ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ទទួលយកតួលេខបណ្តោះអាសន្នរបស់ស្ថាប័នគ.ជ.ប ព្រោះលោកថា ស្ថាប័នរៀបចំការបោះឆ្នោត បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបូកសន្លឹកឆ្នោត និងស្របតាមនីតិវិធី ដោយគ្មានការភាន់ច្រឡំ។
បើតាមលោក សុខ ឥសាន ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនជាងអាណត្តិមុនៗ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងទៀតថា នៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ គណបក្សទាំង១៨ សុទ្ធតែខិតខំរៀងៗខ្លួន ដើម្បីកៀរគរការគាំទ្រពីម្ចាស់ឆ្នោត។
លោកថ្លែងថា៖ «គណបក្សទាំង១៨ ដែលបានប្រកួតប្រជែងជាមួយគ្នា សុទ្ធតែខិតខំរៀងខ្លួន។ ការបានទទួលសំឡេងឆ្នោត៥អាសនៈ របស់ហ៊្វុនស៊ិនប៉ិចនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងផ្ទាល់របស់គណបក្សហ៊្វុនស៊ិនប៉ិច»។
អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ក៏យល់ស្របតាមលទ្ធផលឆ្នោតបណ្តោះអាសន្នរបស់គ.ជ.បផងដែរ។
លោកថ្លែងថា៖ «នេះជាការផ្តល់ការគាំទ្រពីប្រជារាស្ត្រ ហើយសង្ឃឹមថា យើងនឹងប្រើសំឡេងនេះឱ្យមានប្រយោជន៍សម្រាប់ជួយដោះ[ស្រាយ] ទុក្ខលំបាកប្រជារាស្ត្រ តាមរយៈតំណាងរាស្ត្រដែលគណបក្សហ៊្វុនស៊ិនប៉ិចជាប់ឆ្នោតនេះ»។
បើតាមលោក ញឿន រ៉ាដែន ព្រះអង្គម្ចាស់ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងចូលរួមធ្វើជាតំណាងរាស្ត្រមួយរូប ដើម្បីអនុវត្តទៅតាមអ្វីព្រះអង្គធ្លាប់សន្យាជាមួយប្រជាពលរដ្ឋផងដែរ។ លោកបន្តថា គោលនយោបាយរបស់គណបក្ស គឺការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯករាជ្យជាតិ និងធ្វើឱ្យប្រជារាស្ត្រមានសុខសន្តិភាព។
លោកថ្លែងថា៖ «ព្រះអង្គចូលរួមក្នុងរដ្ឋសភា ដើម្បីទៅដោះស្រាយ ជាពិសេសនាំនូវសេចក្តីទុក្ខលំបាក ដូចអ្វីដែលព្រះអង្គធ្លាប់សន្យាអ៊ីចឹង។ គឺលោកធ្វើយ៉ាងណា ទៅចូលរួមកែលម្អ ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួន ដែលធ្វើការតាមរយៈតំណាងរាស្រ្ត»។
បើតាមគ.ជ.ប គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានីខេត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង យ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅម៉ោង៧នាទីព្រឹក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីសម្រេច ស្តីពីការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
បើតាមគ.ជ.ប ក្នុងការប្រកាសលទ្ធផលបណ្តោះអាសន្ននោះ សន្លឹកឆ្នោតបានការសរុបមានជាង៧លាន៧៧ម៉ឺនសន្លឹក ចំណែកសន្លឹកឆ្នោតមិនបានការសរុបមានចំនួនជាង៤៤ម៉ឺនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតក្នុងហិបសរុបជាង៨លាន២សែននាក់៕