មន្ត្រីអង្គការខុមហ្វ្រែលដែលជាអង្គការឃ្លាំមើលការបោះឆ្នោតមួយ បានលើកឡើងអំពីភាពមិនប្រក្រតីមួយចំនួននៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ ភាពមិនប្រក្រតីទាំងនោះ រួមមានវត្តមានរបស់អាជ្ញាធរនិងភ្នាក់ងារសង្កេតការណ៍នានា ដែលបានកត់ឈ្មោះអ្នកបោះឆ្នោត និងការមិនបិទកំណត់ហេតុលទ្ធផលបោះឆ្នោតតាមទម្រង់ ១១០២ ឱ្យបានត្រឹមត្រូវ តាមគោលការណ៍ដែលបានណែនាំ។
អង្គការខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍ចំនួន ៤ពាន់នាក់ ដើម្បីឃ្លាំមើលការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ប្រាប់វីអូអេថា ភាពមិនប្រក្រតីនៃវត្តមានរបស់អាជ្ញាធរមិនខុសគ្នានឹងកាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ឡើយ។
លោកថ្លែងថា៖ «នៅតែមានអាជ្ញាធរហ្នឹង អ្នកដែលមានតួនាទី នៅតែវត្តមាននៅការិយាល័យ ដើរចាំសួរនាំ ចាំទាញដៃទាញជើងស្អីហ្នឹង ចាំពិនិត្យមើល...ការកត់ឈ្មោះក៏នៅតែមានដែរ កត់ឈ្មោះប្រជាពលរដ្ឋ កត់ឈ្មោះអ្នកបោះឆ្នោត រហូតដល់ទៅយើងមើលឃើញអំពីរឿងភ្នាក់ងារហ្នឹងក៏នៅតែមានការកត់ដែរ»។
លោកបន្ថែមថា ការរាប់សន្លឹកឆ្នោតក៏មានភាពមិនប្រក្រតីមួយចំនួនផងដែរ។
លោកបញ្ជាក់ថា៖ «នៅពេលរាប់ហ្នឹង ក៏មានការបិទទ្វារ បិទទ្វារមណ្ឌលក៏មាន បិទទ្វារបន្ទប់ក៏មាន បិទបង្អួច ក៏នៅតែមាន»។
បើតាមលោក កន សាវាង្ស នៅតាមមណ្ឌលខ្លះ អ្នកបោះឆ្នោតខ្លះខ្វះឯកសារ ដូចជាអត្តសញ្ញាណបណ្ណដើម ដូច្នេះពួកគេមិនអាចបោះឆ្នោតបានឡើយ។ ក៏ប៉ុន្តែនៅតាមមណ្ឌលខ្លះទៀត ពួកគេក៏អាចបោះឆ្នោតបានដែរ។
កាលពីខែកញ្ញា ឆ្នាំ ២០២២ ពោលគឺក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលមានវត្តមានគណបក្សភ្លើងទៀនចូលរួមដែរ អង្គការខុមហ្វ្រែលបានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជានៅតាមមណ្ឌលខ្លះ អ្នកសង្កេតការណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលសង្កេតក្នុងពេលរាប់សន្លឹកឆ្នោត។ ហើយនៅតាមមណ្ឌលខ្លះទៀត មន្ត្រីការិយាល័យមិនអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ថតរូបពីដំណើរការរាប់សន្លឹកឆ្នោត ស្របពេលដែលមណ្ឌលមួយចំនួនទៀតបានបិទបាំង តាមរយៈការបិទទ្វារ ឬបង្អួចការិយាល័យ នៅពេលរាប់សន្លឹកឆ្នោតជាដើម។
របាយការណ៍ក៏បានលើកឡើងអំពីវត្តមានរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបរិវេណ និងក្រៅការិយាល័យ ដើម្បីកត់ឈ្មោះប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត និងឈ្មោះប្រជាពលរដ្ឋខ្លះទៀតដែលមិនអាចបោះឆ្នោតបាន ដោយសាររកឈ្មោះមិនឃើញ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ថា ដំណើរការបោះឆ្នោតអាចនឹងមានភាពខ្វះចន្លោះមួយចំនួន។ លោកបន្ថែមថា គ.ជ.ប លើកទឹកចិត្តអ្នកសង្កេតការណ៍ និងអង្គការឃ្លាំមើលការបោះឆ្នោតទាំងអស់ ឱ្យដាក់ពាក្យបណ្ដឹងដែលបង្ហាញភាពមិនប្រក្រតីណាមួយដើម្បីជួយឱ្យស្ថាប័ន គ.ជ.ប អាចកែលម្អចំណុចខ្វះខាត។
លោកប្រាប់វីអូអេថា៖ «រាល់ការបោះឆ្នោតទាំងអស់នៅលើពិភពលោក គ្មានការបោះឆ្នោតណាដែលល្អឥតខ្ចោះនោះទេ។ អ៊ីចឹងអាចនឹងមានការខ្វះខាតខ្លះ ប៉ុន្ដែប្រសិនជាការខ្វះខាតហ្នឹងឯង វាបានធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត នោះគួរតែអ្នកមើលឃើញប្រព្រឹត្តការណ៍ទាំងឡាយ ដាក់ពាក្យបណ្ដឹង ដើម្បី គ.ជ.ប មានមូលដ្ឋានក្នុងការស្រាវជ្រាវ និងស្វែងរកអ្វីដែលជាការខ្វះខាត។ ហើយការដាក់ពាក្យបណ្ដឹងនោះទៀត ត្រូវអនុវត្តទៅតាមនីតិវិធីដែលបានចែងទទួលស្គាល់ទាំងអស់គ្នា។ អ៊ីចឹង គ.ជ.ប ក៏ចង់បានពាក្យបណ្ដឹង ដើម្បីផ្ទៀងផ្ទាត់មើលថា តើរបាយការណ៍តាមការិយាល័យបោះឆ្នោត និងពាក្យបណ្ដឹងមានភាពខុសគ្នាឬក៏ដូចគ្នា»។
អ្នកនាំពាក្យរូបនេះអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ដើម្បីរង់ចាំមើលលទ្ធផលផ្លូវការដែល គ.ជ.ប នឹងចេញជាសាធារណៈ នាពេលឆាប់នេះៗ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យថា មានការបិទទ្វារ និងបិទបង្អួចការិយាល័យបោះឆ្នោត «ភាគច្រើនលើសលប់» នៅពេលរាប់សន្លឹកឆ្នោត «ហើយនៅតែគំរាមប្រជាពលរដ្ឋ ឱ្យទៅឆ្ងាយពីការិយាល័យបោះឆ្នោតទាំងនោះ។
លោកបន្ថែមថា៖ «គ្មាននរណាអាចជឿពីលទ្ធផលនៃការបោះឆ្នោតថ្ងៃនេះ»។
នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ានី បានដាក់មនុស្សចូលរួមសង្កេតការណ៍ការបោះឆ្នោត ប្រមាណ ៣៦.០០០នាក់ ដែលច្រើនជាងគេបង្អស់។ចំណែកសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍ ដែលដឹកនាំដោយអ្នកស្រី ម៉ែន សំអន បានដាក់អ្នកសង្កេតការណ៍ប្រមាណ ២៥.០០០នាក់ ដែលច្រើនបំផុត បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា។
កាលពីដើមខែកក្កដា អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watchឬ HRW) បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថាខ្លួនរកឃើញភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ ២០២២ ក្នុងនោះរួមមានការរាប់សន្លឹកឆ្នោតមិនបានត្រឹមត្រូវ ដោយមានសន្លឹកឆ្នោតលើស និងខ្វះ មិនត្រូវតាមការគណនាលេខលើទម្រង់បែបបទ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។ តាមរយៈការរកឃើញនេះ អង្គការ HRW ចាត់ទុកថានេះជា «សញ្ញាព្រមាន» នៃភាពមិនប្រក្រតីមួយដែលអាចកើតមានឡើងនៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី ២៣ ខែកក្កដា៕