ប្រជាពលរដ្ឋនៅឃុំក្រយាភាគច្រើនដែលវីអូអេបានសម្ភាស លើកឡើងពីការមានសន្តិភាពនិងការអភិវឌ្ឍក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពួកគេមិនបញ្ចេញមតិពីគុណសម្បត្តិគណបក្សភ្លើងទៀន ជាគណបក្សជំទាស់ដែលឈ្នះបានតំណែងជាមេឃុំកាលពីពេលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២។
អ្នកភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល័្លង្កអ្នកស្រី ខាត់ សែម ប្រាប់វីអូអេថា៖ «ខ្ញុំនេះយូរណាស់ហើយតើ! លើកណា ខ្ញុំចាក់គណបក្សប្រជាជនដែរ មិនដែលចាក់អ្នកណាទេ។ គាត់មានជួយលុយជួយកាក់មកប្រជាជន ធ្វើថ្នល់ផ្លូវ ល្អស្អាតបានដើរស្រួល»។
របងផ្ទះរបស់អ្នកស្រីមានស្លាកគណបក្សភ្លើងទៀន ប៉ុន្តែអ្នកស្រីមិន ដែលបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះទេ៖ «អត់ទេ ខ្ញុំមិនដែលបោះទេ មិនដែលបោះទេ បើគេមក គេយកមកដាក់នោះ។ ខ្ញុំមិនបានឱ្យគេដាក់ឯណា!»។
អ្នកស្រី ប្លោក ហូយ ជាអ្នកលក់គ្រឿងទេសក៍ នៅភូមិបារាយណ៍ក៏អះអាងដូចគ្នាដែរ។
អ្នកស្រីថ្លែងថា៖ «ប្រាប់លោកគ្រូត្រង់ៗ ខ្ញុំនៅគណបក្សនេះ គណបក្ស កន្លែងគេបិទផ្លាកឱ្យនេះ ខ្ញុំបោះឱ្យគាត់ហ្នឹងច៎ា! បើខ្ញុំតាំងពីធំដឹងមក ក៏ខ្ញុំឃើញថា ស្រួលចប់សង្គ្រាម សុខសន្តិភាពក៏ខ្ញុំក៏សម្រេចចិត្តបោះឱ្យគាត់ប៉ុណ្ណោះឯង។ ខ្ញុំអត់ចេះអី»។
លោក គា មន អ្នកភូមិបារាយណ៍ ឃុំក្រយាប្រាប់វីអូអេថា លោកចង់បានសន្តិភាពពេញលេញ និងពង្រឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកមិននិយាយគាំទ្រគណបក្សណាទេ។
លោកលើកឡើងថា៖ «បានជាទៅបោះឆ្នោតនេះចង់បាន កិច្ចព្រមព្រៀងក្រុងប៉ារីសទៅបោះទៅជ្រើសរើសរកមេដឹកនាំដ៏មា វីរបុរសដ៏ល្អ។ ចង់បានសុខសន្តិភាពឱ្យពេញលេញ ចង់បាន។ និយាយរួមថា របស់ប្រើប្រាស់នៅក្នុងប្រទេសយើងឱ្យវារីកចម្រើន»។
លោកអាន សុដា អាយុ២៤ ឆ្នាំ អ្នកភូមិបារាយណ៍ម្នាក់ទៀត និយាយស្រដៀងគ្នាដែរថា៖ «សម្រាប់គណបក្សដែលខ្ញុំពេញចិត្ត ខ្ញុំអត់ហ៊ានបង្ហើបទេ ប៉ុន្តែខ្ញុំមានគណបក្សមួយដែលខ្ញុំពេញចិត្តរួចហើយ»។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។ នេះបើតាមមន្ត្រីរបស់គណបក្សភ្លើងទៀន។
នៅឃុំក្រយាលោក យាប់ យ៉ូត បានជាប់ជាមេឃុំ៣លើកជាប់ៗគ្នា ក្នុងពេលលោកជាសមាជិកគណបក្ស សម រង្ស៊ី ក្រោយមកជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងចុងក្រោយគឺគណបក្សភ្លើងទៀន។ លោកធ្លាប់បានប្រឈមមុខនឹងការប្តឹងផ្តល់ ឬត្រូវបានដកចេញពីតំណែងក្រោយគណបក្សសង្គ្រោះជាតិត្រូវរំលាយ តែលោកនៅតែបន្តជាប់ឆ្នោតដដែល។
លោកមេឃុំរូបនេះយល់ពីទឹកចិត្តរបស់ពលរដ្ឋក្នុងឃុំលោក។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋហាក់ដូចជាគាត់មិនមាន មាត់ករអីទេហ្នឹងហើយ គាត់របៀបថា រាងឆ្អែតចិត្តដែរ ខ្ជិលមាត់ខ្ជិលករមិនបានផល»។
លោកថា លោកបានខិតខំបំពេញការងារជាមេឃុំអស់ពីសមត្ថភាព ហើយតែងតែណែនាំប្រជាជនក្នុងឃុំមិនត្រូវខ្ចីបំណុល ប្រសិនបើស្ថានភាពរស់នៅមិនលំបាកខ្លាំង។
លោកថ្លែងថា៖ «រឿងដែលថា គោលការណ៍ថាត្រូវខ្ចី ឬមិនខ្ចី អានេះវាជាតម្រូវការមិនថាជាបក្សកាន់អំណាច ឬក៏បក្សណាទេ ប៉ុន្តែថាយើងឱ្យមានគោលការណ៍ ច្បាស់លាស់ ឬក៏កាត់បន្ថយ អត្រាការប្រាក់យ៉ាងម៉េចយ៉ាងម៉ា ឱ្យវាមានគោលការណ៍ខ្លះហ្នឹងហើយ»។
ពលរដ្ឋមួយចំនួនទៀតក្នុងឃុំក្រយា និយាយថា ពួកគេស្រឡាញ់ពេញចិត្តគណបក្សប្រជាជនកម្ពុជា តែថា ពួកគាត់ចង់បានអ្នកដែលគោរពសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យពិតប្រាកដ កុំមានតែឈ្មោះដូចរបបកុម្មុយនីស្តប៉ុល ពត។
លោកគា មនបន្តថា៖ «បើប្រជាធិបតេយ្យតាំងពីខ្ញុំកើតមក ចង់បានយូរហើយ តែវាអត់ដែលបាន តាំងពីការគ្រប់គ្រងមួយមកចូលមកដល់ក៏ថា ប្រជាធិបតេយ្យ ដូចសម័យ៣ឆ្នាំ៨ខែនោះអត់។ ឃើញពីវិនាសកម្មកើតឡើងក៏បានន័យថារាងបាទ សម័យនោះឯងបាទ។ ប៉ុន្តែ សម័យនេះហៅថា ជ្រើសរើសបន្តទៀត តែខ្ញុំមិនអាចសម្រេចថា បុគ្គលណាម្នាក់នៅក្នុងប្រទេសនេះអ្នកស្នេហាជាតិពិតប្រាកដ ឬក៏អ្នកដឹកនាំឱ្យមានតម្លាភាពពិតប្រាកដទេ»។
នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លទ្ធផលបឋមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខគណបក្សនយោបាយ១៧ទៀត ខណៈគណបក្សភ្លើងទៀនគ្មានស្លាកសញ្ញានិងឈ្មោះលើសន្លឹកឆ្នោត។
មេឃុំក្រយាលោក យាប់ យ៉ូត កំពុងបារម្ភថា គណបក្សជំទាស់នឹងប្រឈមមុខនឹងការបាត់មុខពីការបោះឆ្នោតលើកក្រោយទៀត ព្រោះលោកយល់ថា ការបដិសេធរបស់គ.ជ.បមិនឱ្យគណបក្សលោកបានឈរឈ្មោះបោះឆ្នោត បង្ហាញសញ្ញាដែលគណបក្សអាចនឹងត្រូវបានរំលាយ ហើយតំណែងលោកនឹងត្រូវបាត់បង់ដូចករណីក្រោយការរំលាយអតីតគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា គេមិនរំលាយមែន ក៏វាហាក់ដូចជារំលាយដែរ ពីព្រោះអី ពីព្រោះវាមិនបានចូលរួមប្រកួតប្រជែងបោះឆ្នោត ហើយសម្រាប់៥ឆ្នាំទៅមុខទៀត បានចូលរួមគិតទៅវាឆ្ងាយ ហើយវាយូរ វាយូរណាស់! ហ្នឹងហើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់វីអូអេក្នុងកិច្ចសម្ភាសន៍មួយ ថា គណបក្សភ្លើងទៀនអាចឈរ ឈ្មោះបោះឆ្នោត ឃុំសង្កាត់បានដោយសារគ.ជ.ប មិនដឹងថា គណបក្សនេះគ្មានឯកសារត្រឹមត្រូវ ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស។
លោក យាប់ យ៉ូត លើកឡើងថា លោកនឹងមិនចុះចូលជាមួយគណបក្សនយោបាយផ្សេងទេ បើសិនលោកអស់តំណែងជាមេឃុំ។ ជម្រើសរបស់លោកគឺស្ថិតនៅជាពលរដ្ឋសាមញ្ញ ហើយបន្តធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៥នៅឆ្នាំ២០២៤ ដែលមានការចូលរួមពីអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ២០២២។ ក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សភ្លើងទៀន ទំនងជាមិនអាចចូលរួមការបោះឆ្នោតនេះបានទេ ដោយសារភាពស្របច្បាប់របស់គណបក្សជំទាស់មួយនេះកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់៕