សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ បានអះអាងថា ពួកគេរកឃើញបទល្មើសព្រៃឈើកើនឡើងក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ក្នុងស្រុកត្បែងមានជ័យ ដែលនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកាប់បំផ្លាញព្រៃឈើដែលចេះតែកើនឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ចេញផ្សាយនៅថ្ងៃចន្ទនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ឱ្យដឹងថា នៅក្នុងខែសីហា ពួកគេបានចុះអង្កេត ក៏ដូចជាធ្វើបច្ចុប្បន្នភាពចំនួនពីរលើក ដែលលើកទីមួយធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា និងលើកទីពីរ ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែសីហា ឆ្នាំ២០២២។ ពួកគេរកឃើញបទល្មើសព្រៃឈើចំនួន២៤៩ករណី ក្នុងនោះប្រទះឃើញក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក ឈើតាប់ចំនួន៣១៣សន្លឹក រទេះក្របីកំពុងដឹកឈើចំនួន៣គ្រឿង និងគោយន្តចំនួន២គ្រឿងផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ប្រជាសហគមន៍បានបញ្ជាក់ថា ឈើដែលត្រូវបានកាប់ភាគច្រើនជាប្រភេទឈើទាល ពពេល គគីរ ត្រាច ដួងចែម ស្ទៀង ត្រសេក និងក្រឡាញ់។ សហគមន៍បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការមិនអើពើដោះស្រាយ និងទុកឲ្យបទល្មើសព្រៃឈើបន្តកើតឡើងនេះ វាមិនឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយត្រឹមឆ្នាំ២០២៩ ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិ ដែលដាក់ឲ្យអនុវត្តពីឆ្នាំ២០១០ដល់២០២៩»នោះទេ។
លោក ថាប់ សុខឃីម សមាជិករបស់សហគមន៍ជនជាតិដើមភាគតិច ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា នៅពេលដែលក្រុមរបស់លោកចុះទៅធ្វើបច្ចុប្បន្នភាពនៃព្រៃព្រះរកា លោកបានពើបប្រទះពួកក្រុមមនុស្សដែលកំពុងតែដឹកឈើចេញពីព្រៃនោះ ដោយប្រើប្រាស់យានយន្ត ដូចជាគោយន្ត និងរទេះក្របីជាដើម។ លោកបន្តថា អ្នកដែលប្រព្រឹត្តបទល្មើសភាគច្រើនជាពលរដ្ឋសាមញ្ញ ដែលពួកគេកាប់យកទៅលក់ឱ្យឈ្មួញធំៗ។
លោក ថាប់ សុខឃីម ព្រួយបារម្ភពីការបាត់បង់ព្រៃឈើអស់ ដែលមិនអាចសល់ដល់អ្នកជំនាន់ក្រោយ។
លោកថ្លែងថា៖ «អ្នកកាប់បំផ្លាញ ឈើធំៗវាអស់ហើយ នៅសល់តែប្រភេទដើមឈើតូចៗ។ ហើយអនាគតកូនចៅជំនាន់ក្រោយទៅ វាអាចនឹងបាត់បង់ព្រៃព្រះរកាហ្នឹង»។
លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងការពារព្រៃឈើឱ្យបានគង់វង្ស។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែនជម្រកសត្វព្រៃព្រះរកា ដែលមានទំហំជាង៩ម៉ឺនហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដែលត្រូវគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក សុង ចាន់សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានទេ នៅថ្ងៃចន្ទនេះដោយទូរសព្ទមិនមានអ្នកលើក។
ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងបរិស្ថាន កាលពីសប្តាហ៍មុន លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ព្រៃអភិរក្សនៅកម្ពុជាមានការកើនឡើង ហើយបទល្មើសធំៗលែងមានទៀតហើយគឺមានតែបទល្មើសតូចៗតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ក្រសួងបរិស្ថាន សូមប្រកាសថា បច្ចុប្បន្ននេះបទល្មើសព្រៃឈើខ្នាតធំលែងកើតមានទៀតហើយ។ យើងនៅមានបទល្មើសព្រៃឈើខ្នាតតូច ដែលយើងកំពុងតែបន្តទប់ស្កាត់ និងបង្ក្រាប ដោយនៅក្នុងនោះយើងអនុវត្តនូវវិធានការសេដ្ឋកិច្ចផង និងវិធានការអនុវត្តច្បាប់ផង»។
បើតាមលោក នេត្រ ភក្រ្តា គម្របព្រៃឈើសរុបនៅកម្ពុជាមានប្រមាណ៤៧%។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តកើនឡើងបទល្មើព្រៃឈើនៅក្នុងព្រៃព្រះរកា បើទោះជារដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយការពារធនធានធម្មជាតិយ៉ាងច្រើនក៏ដោយ។ លោកជំរុញឱ្យអាជ្ញាធរចាត់វិធានការឱ្យបានតឹងរ៉ឹងទៅលើអ្នកប្រព្រឹត្តបទល្មើសទាំងនោះ ជាពិសេសត្រូវតែយកចិត្តទុកដាក់ការពារឱ្យបានខ្លាំងក្លានៅក្នុងតំបន់អភិរក្សដែលបានការពារដោយអនុក្រឹត្យក៏ដូចជាព្រះរាជក្រឹត្យ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន សហគមន៍ជនជាតិដើមភាគតិចកួយក្នុងភូមិប្រមេរុ ក៏បានស្នើឱ្យរដ្ឋាភិបាលបើកទូលាយចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិល នៅក្នុងការការពារធនធានធម្មជាតិ ហើយធានាថា មិនមានការរារាំងពីអាជ្ញាធរឡើយ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងមានយន្តការតាមដាន និងពិនិត្យមើលការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន៕