ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង — នៅមាត់ទន្លេសេកុងក្នុងភូមិអូរចាយនៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងគេឭសំឡេងក្មេងៗជនជាតិដើមភាគតិចកាវ៉ែតលេងល្បែងប្រជាប្រិយនិងច្រៀងលេងពេលសម្រាកពីការសិក្សានៅពេលរសៀល។ ស្តាប់មួយភ្លែតអាចគិតថាចម្រៀងនេះជាភាសាកាវ៉ែតក៏ប៉ុន្តែក្មេងៗទាំងនោះប្រាប់ថាពួកគេច្រៀងជាភាសាឡាវដែលជាភាសាទំនាក់ទំនងទី២ របស់ពួកគេមុននឹងគេចាប់ផ្តើមរៀនភាសាខ្មែរនៅសាលាបឋមសិក្សាក្នុងភូមិ។
ជនជាតិដើមភាគតិចកាវ៉ែតធ្លាប់រស់នៅតំបន់ព្រៃឬស្សីភាគឦសានប្រទេសកម្ពុជា។ នៅមុនទសវត្សឆ្នាំ១៩៦០ ពួកគេរស់នៅក្នុងព្រៃដ៏ជ្រៅជាច្រើនសហសវត្សហើយកម្រនឹងមានទំនាក់ទំនងជាមួយអ្នកនៅ«តំបន់ដីរាប»ណាស់។ តែក្រោយមកជនជាតិនេះត្រូវបានរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យបំលាស់ទីចុះពីតំបន់ព្រៃភ្នំពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃ។
ជាងពាក់កណ្តាលសតវត្សមកនេះ ក្រុមជនជាតិដើមភាគតិចរួមទាំងកាវ៉ែតរស់នៅដោយព្យាយាមទប់ទល់និងសម្របខ្លួនតាមការផ្លាស់ប្តូរជាច្រើនទាំងបរិស្ថានរស់នៅវប្បធម៌ថ្មី និងការប្រែប្រួលអាកាសធាតុ។ ការណ៍នេះធ្វើឲ្យពួកគេជួបផលលំបាកជាច្រើនពាក់ព័ន្ធនឹងការបាត់បង់របៀបរបបដំាដំណាំបែបចំការវិលជុំរបស់ជនជាតិដើមភាគតិច និងប៉ះពាល់ដល់សន្តិសុខស្បៀង។ពួកគេនិយាយថា ពួកគេលែងមានភាពធន់នឹងធម្មជាតិដូចបុព្វបុរសខ្លួន។
អង្គុយនៅលើកំណាត់ឈើដែលឈូសរាបស្មើប្រើដូចជាបង់អង្គុយលេងនៅកៀនផ្ទះ អ្នកស្រី វិញ ចេញ វ័យ៦១ឆ្នាំ បាននិយាយថាទិដ្ឋភាពរស់នៅបែបជនជាតិដើមភាគតិចរបស់ខ្លួនមានតែក្នុងការចងចាំប៉ុណ្ណោះហើយពិបាកពិពណ៌នា។ ពេលនោះអ្នកស្រីមានអាយុក្រោម១៥ឆ្នាំរៀនដាំដំណាំតាមឪពុកម្តាយបែបចំការវិលជុំ។
អ្នកស្រីនិយាយថា៖ «ខ្ញុំចាស់នៅដីរាប។ បើឪពុកម្តាយខ្ញុំចាស់នៅដីភ្នំធ្វើស្រែក៏សល់ហើយគ្រួសារយើងមានតែបីនាក់ទេ។ ពីមុនដាំ តាមដីដែលឆេះហើយមិនតាមរបៀបរៀបរយអីទេគឺដាំតាមបែបជនជាតិ។ [...] កន្លែងណាមានដីស្អាតៗគឺយើងដាំ។ ដាំទីនេះបន្តិច ទីនោះបន្តិចជិតៗគ្នា ឲ្យវាល្អដូចគ្នា។ អត់មានដាំដោយយកទឹកយកអីមកភ្ជួរអញ្ចឹងទេ»។
អ្នកស្រីបន្តថា៖ «នៅភ្នំស្រួលរស់នៅជាង នៅទីនោះត្រជាក់ម្ហូបអាហារក៏មិនពិបាកដែរ។ នៅខាងក្រោមអាកាសធាតុក្តៅហើយដងទឹកមក(ពីទន្លេ) បើអត់ដាំ គឺអត់អនាម័យ បើនៅភ្នំមិនបាច់ដាំទេយើងយកទឹកពីថ្ម ពីប្រហោងថ្មដោយយកឬស្សីមកបន្ត (បង្ហូរ)ដល់ផ្ទះ»។
ឪពុកម្តាយអ្នកស្រីស្លាប់កាលពីពេលអ្នកស្រីមានអាយុ១៥ឆ្នាំ។ បន្ទាប់មកអ្នកស្រីទៅរស់នៅព្រំដែនប្រទេសឡាវរួចរៀបការជាមួយស្វាមី។
ក្រុមជនជាតិដើមភាគតិចកាវ៉ែតទាំងនេះមានខ្លះជាជនជាតិឡាវខ្លះជាជនជាតិខ្មែរ។ ជាប្រវត្តិសាស្ត្រការធ្វើស្រែចំការវិលជុំជាប្រភេទកសិកម្មចម្បងរបស់ជនជាតិដើមភាគតិចកាវ៉ែតប៉ុន្តែដោយសារពេលនេះការប្តូរមករស់នៅតំបន់ដីទាបពួកគេក៏ប្តូរមកធ្វើស្រែចំការតាមបែប ជនជាតិខ្មែរវិញ។ជនជាតិដើមភាគតិចកាវ៉ែតមានជំនឿអរូបិយនិងធ្វើពិធីបន់ស្រន់សែនព្រេន អារុក្ខអារក្សទេពតាផ្សេងៗ។ នេះបើតាមសាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យWisconsinក្នុងសហរដ្ឋអាមេរិកលោក Ian G Baird ដែលបានចំណាយពេលជាង១០ឆ្នាំសិក្សាស្រាវជ្រាវអំពីការប្រែប្រួលជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចកាវ៉ែតនៅកម្ពុជា។
លោក Baird និយាយថា៖ «ជារួមពួកគេត្រូវបានជន្លៀសចេញពីក្នុងព្រៃហើយព្យាយាមត្រលប់ទៅវិញជាច្រើនលើកច្រើនសារ។ ហើយខ្ញុំគិតថាការណ៍នេះបង្កការលំបាកដល់ការធ្វើស្រែចំការវិលជុំរបស់ពួកគេ»។
ក្រោយឧទ្យានជាតិវិរៈជ័យត្រូវបានបង្កើតនៅឆ្នាំ១៩៩៣ជនជាតិដើមភាគតិចកាវ៉ែត ដែលធ្លាប់តែ ពឹងផ្អែកលើអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិតនិងបរបាញ់សត្វជាអាហារត្រូវបានរិតត្បិតការប្រើប្រាស់ទិន្នផលក្នុងបរិវេណឧទ្យានជាតិនោះ។
លោក Baird ពន្យល់បន្ថែមអំពីការធ្វើចំការវិលជុំយ៉ាងដូច្នេះថា៖ «ពួកគេធ្វើស្រែចំការវិលជុំនៅក្នុងព្រៃឬស្សីជ្រៅ។ ពួកគេឆ្ការព្រៃដើម្បីដាំដំណាំ។ព្រៃឬស្សីនោះដុះមកវិញលឿនណាស់ដូច្នេះក្នុងរយៈពេលបីឬបួនឆ្នាំបន្ទាប់ពីនោះឬស្សីនឹងដុះត្រឡប់មកវិញដូចដើម។ហេតុនេះ កសិកម្មបែបវិលជុំនេះមានចីរភាពខ្លាំងណាស់»។
លោកបន្តថាបញ្ហាសំខាន់គឺស្ថិតនៅត្រង់ថាជនជាតិដើមភាគតិចកាវ៉ែតត្រូវការពឹងផ្អែកលើទិន្នផលកសិកម្មនិងអនុផលព្រៃឈើទាំងនៅតំបន់ដីទាបនិងតំបន់ភ្នំដើម្បីធានាតុល្យភាពសន្តិសុខស្បៀងសម្រាប់ពួកគេ។ នេះក៏ដោយសារតំបន់ទំនាបហុចផលល្អចំពោះដំណាំស្រូវហើយតំបន់ភ្នំហុចផលល្អជាងចំពោះដំណាំហូបផ្លែផ្សេងៗដូចជាម្ទេសនិងត្រប់ជាដើម។
«ឆ្នាំខ្លះ កសិកម្មវិលជុំមិនអំណោយផលល្អទេ។ ហេតុនេះពួកគេត្រូវពឹងផ្អែកច្រើនលើទិន្នផលស្រូវលើដីរាប។ ហើយក្នុងឆ្នាំខ្លះដីទំនាបហុចផលឲ្យល្អជាង។ ឆ្នាំខ្លះទៀតនៅពេលមានបញ្ហាដូចជាទឹកជំនន់ជាដើមពួកគេត្រូវពឹងផ្អែកលើផលដំណាំលើតំបន់ភ្នំ។ ហេតុនេះបើជនជាតិដើមភាគតិចកាវ៉ែតអាចទាញយកទិន្នផលពីតំបន់ទាំងពីរពិតជាអាចជួយទប់ស្កាត់វិបត្តិស្បៀងអាហារដែលបង្កដោយសារការប្រែប្រួលអាកាសធាតុនានា»។
លោកសាស្ត្រាចារ្យIan G Baird ថាមានភាពខុសប្លែកគ្នាខ្លាំងរវាងក្មេងជំនាន់ក្រោយនិងជំនាន់មុន។ ក្មេងជំនាន់ក្រោយកើតនិងធំធាត់ឡើងនៅតំបន់ដីរាបហើយពួកគេមិនមានការចងចាំអ្វីទាក់ទងនឹងតំបន់ភ្នំដែលអ្នកជំនាន់មុនធ្លាប់រស់នៅនោះទេ។ ហេតុនេះ អ្នកជំនាន់ក្រោយអាចមានភាពស៊ាំនិងងាយសម្របខ្លួនទៅនឹងតំបន់ដីរាបជាងអ្នកជំនាន់មុន។ ក៏ប៉ុន្តែជនជាតិដើមភាគតិចកាវ៉ែតដែលកំពុងរស់នៅលើដីរាបក៏មិនអាចបន្តអនុវត្តកសិកម្មវិលជុំដូចអ្នកជំនាន់មុនដែរព្រោះរបៀបធ្វើកសិកម្មមានបែបផែនខុសគ្នា។
ជនជាតិដើមភាគតិចកាវ៉ែតក្នុងភូមិអូរចាយដែលវីអូអេបានជួបសម្ភាសឲ្យដឹងថា ពួកគេចង់ទៅរស់នៅនិងអាស្រ័យលើអនុផលព្រៃឈើនៅតំបន់ភ្នំក្នុងបរិវេណឧទ្យានជាតិវិរៈជ័យដោយសារនៅទីនោះមានអាកាសធាតុត្រជាក់ល្អហើយដីមានជីរជាតិសាកសមនឹងរបៀបរស់នៅរបស់កាវ៉ែត។ ក៏ប៉ុន្តែពួកគេ លើកឡើងថាការរស់នៅតំបន់ភ្នំមិនទទួលបានសេវាសុខភាព។ ម្យ៉ាងទៀត ពួកគេខ្លះទៀត លើកឡើងថា «ពួកគេមិនមានជម្រើស»ប៉ុន្តែត្រូវគោរពតាមការសម្រេចចិត្តរបស់អាជ្ញាធរ។
អ្នកស្រីវិញ ចេញ បច្ចុប្បន្នជាម្តាយមានកូនប្រាំនាក់ប្រុសបីនាក់ និងស្រីពីរនាក់ រួមរស់ជាមួយស្វាមីដែលជាមេភូមិអូរចាយគឺលោក វិ បាវ វ័យ ៦៧ឆ្នាំ។ រាល់ថ្ងៃគ្រួសារអ្នកស្រីចិញ្ចឹមមាន់លក់ដាំដំណាំស្រូវ និងបិទស្រា។
អ្នកស្រីបន្តថា៖ «ខ្ញុំបង្រៀនកូនពីរបៀបធ្វើចំការ[វិលជុំ] ប៉ុន្តែឥឡូវកូនខ្ញុំចេះសព្វគ្រប់ចេះជាងខ្ញុំទៀត។ [...] ឥឡូវពួកគេដាំតាមបងប្អូនខ្មែរមើលទៅតាមរបស់គេអ្នកនៅខាងក្រោមហ្នឹងក៏គាត់ធ្វើដូចគេ»។
កូនអ្នកស្រី វិញចេញ គឺអ្នកស្រី បាវ ធឿវ័យ៣៧ឆ្នាំ ដែលចាប់កំណើតនៅព្រំដែនខ្មែរ ឡាវក្នុងអំឡុងពេលម្តាយអ្នកស្រីភៀសខ្លួនទៅនៅទីនោះដើម្បីគេចពីការសម្លាប់ក្នុងរបបខ្មែរក្រហម។ អ្នកស្រីធំដឹងក្តីនៅលើដីរាបក្នុងភូមិអូរចាយ។
អ្នកស្រីបាវ ធឿមានកូនប្រុសបួននាក់និងកូនស្រីពៅម្នាក់អាយុ១ឆ្នាំ ហើយគ្រួសារអ្នកស្រីមានដី ២ហិកតាក្នុងភូមិ ដីស្រែមួយហិកតានិងដីចំការដាំស្វាយចន្ទី១ហិកតា។
អ្នកស្រីថ្លែងថាការធ្វើកសិកម្ម និងចិញ្ចឹមសត្វមានភាពខុសប្លែកគ្នាពីជំនាន់ឪពុកម្តាយខ្លួនដោយសារការរស់នៅលើតំបន់ដីរាបនេះភាគច្រើនជនជាតិដើមភាគតិចកាវ៉ែតយកតម្រាប់តាមរបៀបរស់នៅបែបជនជាតិខ្មែរនិងឡាវ។
អ្នកស្រីថ្លែងថា៖ «សហគមន៍កាវ៉ែតប្រើជីអាចមន៍គោ អាចមន៍ក្របីជីធម្មជាតិ។ ចិញ្ចឹមជ្រូកដោយប្រើបបរ កន្ទក់ និងដើមចេកគល់ចេក អត់ប្រើចំណីដូចខ្មែរដូចឡាវទេ។ ពីមុន ដាំត្រប់ ដាំម្ទេស ដាំថ្នាំជនជាតិ ប្រើប្រាស់ទឹកភ្លៀង (នៅដីលើ) ឥឡូវដាំស្វាយ ដាំចេក ដាំចន្ទី ដាំតាមខ្មែរ ឡាវ»។
អ្នកស្រីបន្ថែមថា៖ «ដូចប្តីខ្ញុំរាល់ឆ្នាំបូមទឹកនៅអូរមកធ្វើសំណាប។ ដោយសារអត់ភ្លៀងឃើញខ្មែរនៅក្រោមធ្វើរៀនតាមគេ តដូចសព្វថ្ងៃ»។
អ្នកស្រី បាវ ធឿ ឲ្យដឹងទៀតថាការរស់នៅលើតំបន់ដីរាបនេះសហគមន៍ជនជាតិដើមភាគតិចកាវ៉ែត ក៏មានប្រឈមបញ្ហាកង្វះស្បៀងអាហារផងដែរ។ កង្វះស្បៀងអាហារកើតមានឡើងនៅពេលតំបន់នេះរងផលប៉ះពាល់ដោយសារទឹកជំនន់ពីការបាក់ទំនប់វារីអគ្គីសនីក្នុងប្រទេសឡាវកាលពីឆ្នាំ២០១៨ការប្រែប្រួលអាកាសធាតុដូចជាកង្វះទឹកភ្លៀងជាដើមឬការរិតត្បិតមិនអនុញ្ញាតិឲ្យជនជាតិនេះអាចទៅអាស្រ័យផលពីព្រៃឬស្សីក្នុងឧទ្យាជាតិវីរៈជ័យដូចកាលពីមុនជាដើម។
អ្នកស្រីថ្លែងថា៖ «ឆ្នាំទឹកលិចលំបាក អត់មានស្រូវហូប។ ទឹកលិច ទំនប់បាក់ហ្នឹង អស់រលីង អត់ឃើញស្រូវមួយដើមសោះ។ អ៊ីចឹងទៅលក់ជ្រូក លក់ក្របី រកនៅព្រៃ រកត្រកួត រកអណ្តើកកន្ធាយ ពេលច្រត់ស្រូវអត់បាន។ កម្រសត្វហើយ លែងមានហើយឥឡូវនេះវាអស់ហើយ តាមសំណាងយើងបើសំណាងយើងមានបានបើអត់សំណាងអត់បាន សត្វវានៅឆ្ងាយ វាអត់នៅជិតៗទេ»។
នៅភូមិអូរចាយ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងមានពលរដ្ឋប្រមាណ ៧៥០នាក់ដែលសុទ្ធសឹងជាជនជាតិដើមភាគតិចកាវ៉ែត។ នេះបើតាមលោក វិ បាវ មេភូមិអូរចាយ។
លោកបានឲ្យដឹងថា ក្មេងៗក្នុងភូមិ អាយុចាប់ពី២០ឆ្នាំ ទៅ ៤០ឆ្នាំភាគច្រើនធ្វើចំណាកស្រុកទៅធ្វើការនៅខេត្តរតនគិរីឬភ្នំពេញ ដើម្បីរកប្រាក់ចំណូលនៅពេលគ្រួសារមិនទទួលផលល្អពីកសិកម្មនៅលើតំបន់ដីរាប។
នៅពេលសួរអ្នកស្រី ប៉ាវ ធឿថាអ្នកស្រីនឹងធ្វើយ៉ាងណានៅពេលជួបបញ្ហាខ្វះភ្លៀងឆ្នាំក្រោយៗទៀតអ្នកស្រីឆ្លើយថា៖ «អត់ភ្លៀងធ្វើស្រែអត់កើត។ អត់ទាំងអស់គ្នា។ បើឆ្នាំក្រោយអត់ទៀតចាំយកក្រមាចងពោះ បើឃ្លាន»៕