ការកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឈើអភិរក្សធំៗពីរគឺព្រៃឡង់ និងព្រៃព្រះរកាបានបង្កការប៉ះពាល់ដល់សិទ្ធិ និងប្រពៃណីរបស់ជនជាតិដើមនៅកម្ពុជា។ នេះបើតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International)។
របាយការណ៍ក្រោមចំណងជើងថា «ប្រពៃណីរបស់យើងកំពុងត្រូវបានបំផ្លាញ៖ ការកាប់ឈើខុសច្បាប់ ការរឹតត្បិត និងការបំពានសិទ្ធិជនជាតិដើមនៅតំបន់អភិរក្សព្រៃឈើនៅកម្ពុជា» ដែលបានចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២២ បានរៀបរាប់ពីការរងគ្រោះរបស់ជនជាតិដើមភាគតិចកួយដោយសារការកាប់បំផ្លាញព្រៃឈើ និងការរឹតត្បិតដោយរដ្ឋាភិបាលក្នុងការចូលអាស្រ័យផលក្នុងព្រៃ។
របាយការណ៍ខាងលើនេះបានផ្អែកលើបទសម្ភាសន៍ជាមួយសកម្មជនសហគមន៍ចំនួន ២០នាក់នៅតំបន់អភិរក្សព្រៃឡង់ និងព្រៃព្រះរកា ដែលជាកន្លែងរស់នៅរបស់ជនជាតិដើមកួយ ហើយដែលជាឧទ្យានអភិរក្សសត្វព្រៃផងដែរ។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ ជនជាតិដើមកួយបានពណ៌នាជាបន្តបន្ទាប់ពីការណ៍ដែលមន្រ្តីនគរបាល និងមន្រ្តីក្រសួងបរិស្ថានបានទាមទារ និងទទួលសំណូក ជាថ្នូរនឹងការមើលរំលងការកាប់ឈើខុសច្បាប់។
លោក Richard Pearshouse ប្រធានទទួលបន្ទុកផ្នែកវិបត្តិនិងបរិស្ថាននៃអង្គការលើកលែងទោសអន្តរជាតិត្រូវបានគេស្រង់សម្តីក្នុងរបាយការណ៍ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ការកាប់ព្រៃឈើខុសច្បាប់ឥតឈប់ឈរនៅកម្ពុជាគឺជា ការគំរាមកំហែងមកលើព្រៃឈើចម្បងដែលនៅសេសសល់ និងជនជាតិដើម ដែលពឹងអាស្រ័យលើព្រៃឈើសម្រាប់ជីវភាព វប្បធម៌ និងទំនៀមទម្លាប់របស់ពួកគេ»។
លោកបានបន្ថែមថា៖ «ម្តងហើយម្តងទៀត មន្រ្តីរដ្ឋាភិបាលដែលមានភារកិច្ចត្រូវការពារតំបន់ព្រៃឈើដ៏មានតម្លៃទាំងនេះបានទទួលផលប្រយោជន៍ពីការបំផ្លាញព្រៃឈើទៅវិញតាមរយៈការអនុញ្ញាតឲ្យអាជីវកម្មឈើខុសច្បាប់រីកចម្រើនទៅមុខ។ អាជ្ញាធរកម្ពុជាត្រូវបញ្ឈប់ការកាប់ឈើខុសច្បាប់តាមរយៈការបង្រ្កាបជាបន្ទាន់មកលើអំពើពុករលួយយ៉ាងឥតសំចៃនេះ។ សិទ្ធិរបស់ជនជាតិដើមកួយត្រូវទទួលបានការការពារនៅក្នុងគ្រប់កិច្ចប្រតិបត្តិការអភិរក្ស»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង បាននិយាយថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិជាភស្តុតាងថ្មីមួយបន្ថែមទៀត ដែលបង្ហាញពីការសឹករេចរិលជាបន្តបន្ទាប់នៃជម្រកព្រៃឈើនៅកម្ពុជាជាពិសេសនៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា ដែលលោកថា ជាទីដែល «អាជ្ញាធរនៃក្រសួងបរិស្ថានតែងតែរឹតត្បិតសិទ្ធិសេរីភាពមិនឲ្យសកម្មជន និងបណ្តាញសង្គមមូលដ្ឋានចូលរួមល្បាត» ខណៈបទល្មើសព្រៃឈើនៅតែបន្តកើតមាន។
ដំណាលគ្នានេះ លោកបានស្នើឲ្យក្រសួងបរិស្ថានផ្ទៀងផ្ទាត់ស្ថានភាពពិតជាមួយនឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ហើយថា ប្រសិនបើបទល្មើសពិតជាមានមែន ក្រសួងបរិស្ថានត្រូវចាត់វិធានការច្បាប់ជាបន្ទាន់លើមន្រ្តីណាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកបានថ្លែងថា៖ «រឿងអំពើពុករលួយក៏អ៊ីចឹងដែរ របាយការណ៍ក៏បានសង្កត់បែបនេះ។ ដូច្នេះហើយ ខ្ញុំគិតថា ក្រសួងបរិស្ថានគួរតែពិចារណា ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងគួរតែយករបាយការណ៍នេះជាផ្នែកមួយនៅក្នុងការឈានទៅរកការស៊ើបអង្កេតជាក់លាក់ណាមួយដើម្បីធ្វើការកំណត់អំពីដំណើរឈានទៅរកការដោះស្រាយបញ្ហា ហើយជាពិសេសការឈានទៅរកការបញ្ឈប់អំពើពុករលួយទាំងស្រុងនៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជា អនុវត្តតាមទិសដៅនៃការបញ្ចប់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្ថែមថា ការកាប់ឈើអនាធិបតេយ្យនៅក្រោមរូបភាពអំពើពុករលួយបានជះឥទ្ធិពលលើជីវភាពរបស់ជនជាតិដើមកួយផងដែរ នៅពេលមានការបំផ្លាញដើមច្បោះ ដែលជាប្រភេទដើមឈើចម្បងដែលជនជាតិដើមនេះអាស្រ័យផល។
តំណាងសហគមន៍ព្រៃឡង់ប្រចាំខេត្តព្រះវិហារ លោក ស្រី ថី បានប្រាប់វីអូអេនៅថ្ងៃពុធថា ជនជាតិដើមកួយដែលរស់នៅក្នុងតំបន់អភិរក្សបានរងការប៉ះពាល់ដោយសារបទល្មើសព្រៃឈើ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋានមិនអើពើ។
លោកបានថ្លែងថា៖ «ការកាប់ឈើនៅតំបន់ព្រៃឡង់នេះគឺ ប៉ះពាល់ដល់មុខរបរប្រជាពលរដ្ឋភាគតិចណាស់។ គាត់អាស្រ័យផលពីព្រៃឈើ រកផ្តៅរកអីដែលគាត់អាស្រ័យផល។ ពេលនេះវាអត់មានដូចមុនទេ។ វាខ្សត់ដូចក្នុងហ្នឹងឯង»។
លោកបានរំឭកឡើងវិញថា ជនជាតិដើមភាគតិចកួយធ្លាប់បានតវ៉ាពីឆ្នាំ ២០០៣ ជាមួយក្រុមហ៊ុនសម្បទានដីមួយផងដែរ ហើយមកទល់ពេលនេះមិនទាន់មានដំណោះស្រាយសមស្របនៅឡើយទេ។
លោក ស្រី ថី បានឲ្យដឹងទៀតថា បើទោះបីព្រៃឡង់ស្ថិតនៅក្រោមការត្រួតពិនិត្យដោយក្រសួងបរិស្ថានក៏ដោយ ក៏បទល្មើសនៅតែបន្តកើតមានឡើងជាច្រើនទម្រង់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បាននិយាយថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដែលលើកឡើងពីការប៉ះពាល់មកលើជនជាតិដើមភាគតិចនោះគឺមិនឆ្លុះបញ្ចាំងពីការណ៍ពិតនោះទេ។
«ហើយចំពោះការលើកឡើងថា មានការបំពានទៅលើសិទ្ធិជនជាតិដើមភាគតិចគឺ មិនពិតនោះទេ។ ហើយអ្នកដែលបានលើកឡើងនោះ វាគ្រាន់តែជាក្រុមមួយក្តាប់តូច ដែលពួកគាត់ព្យាយាមនៅក្នុងការមិនគោរពច្បាប់ បំពានច្បាប់ ហើយធ្វើសកម្មភាព ដែលមិនបម្រើឲ្យការការពារនិងអភិរក្សធនធានធម្មជាតិដោយស្មោះត្រង់ និងតម្កល់ផលប្រយោជន៍ជារួមទេ»។
លោកបានលើកឡើងទៀតថា ក្រសួងបរិស្ថានបានបង្កើតសហគមន៍ការពារជាតិចំនួន ១៨២ ទូទាំងប្រទេស និងសហគមន៍ជនជាតិដើមភាគតិច ៥២ ហើយក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិចចំនួន ៨ នៅជុំវិញតំបន់ព្រៃឡង់ ដែលមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិជាមួយក្រសួងបរិស្ថាន។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានស្នើឲ្យអង្គការលើកលែងទោសអន្តរជាតិបង្ហាញអត្តសញ្ញាណពិតប្រាកដចំពោះរាល់មន្រ្តីឬអាជ្ញាធរដែលទទួលសំណូក ឬប្រព្រឹត្តអំពើពុករលួយនៅក្នុងការការពារធនធានធម្មជាតិ ជាជាងការនិយាយទូទៅ ឬយោងតាមសម្តីបុគ្គលដទៃ។ បើមិនដូច្នេះទេ លោកចាត់ទុកថា អង្គការនេះកំពុងធ្វើ «យុទ្ធនាការប្រឆាំងកម្ពុជា និងបំផ្លាញមុខមាត់មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន»។
ជាមួយដូចគ្នានេះដែរ លោកថា ក្រសួងបរិស្ថានទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតែកើតមាននៅតំបន់អភិរក្ស ប៉ុន្តែបទល្មើសទ្រង់ទ្រាយធំមិនមានទៀតទេ ហើយលោកលើកឡើងថា ក្រសួងបរិស្ថានទទួលស្វាគមន៍ការចូលរួមរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិលដោយស្មោះត្រង់និងស្របច្បាប់នៅក្នុងកិច្ចការការពារសម្បត្តិព្រៃឈើ។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន នៅឆ្នាំ ២០២១ ឧទ្យានុរក្សបានបង្រ្កាបបទល្មើសព្រៃឈើប្រមាណ ៨.៦០០ ករណី ក្នុងនោះដកហូតរណារយន្តរហូតដល់ជិត ៥.០០០គ្រឿង និងបានបញ្ជូនសំណុំរឿងបទល្មើសព្រៃឈើទៅតុលាការចំនួនប្រមាណ ៨០០ករណី និងបានធ្វើកិច្ចសន្យាអប់រំណែនាំប្រមាណ២០០០ករណី។
កម្ពុជាមានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេបំផុតមួយនៅលើសាកលលោកនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបាត់បង់គម្របព្រៃឈើអស់ប្រមាណ ៦៤ភាគរយចាប់តាំងពី ២០១១ មក។ នេះបើយោងតាមការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ៕