ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ព្រះ​វិហារ​បារម្ភ​ការ​កើន​ឡើង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ព្រៃ​ព្រះ​រការ


ទិដ្ឋភាពនៃការកាប់ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះ​វិហារ។ (រូបថតដោយសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​ )
ទិដ្ឋភាពនៃការកាប់ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះ​វិហារ។ (រូបថតដោយសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​ )

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​ខេត្ត​ព្រះវិហារ បាន​អះអាង​ថាពួកគេ​រក​ឃើញ​បទ​ល្មើ​ស​ព្រៃ​ឈើ​កើន​ឡើង​ក្នុង​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្នុង​ស្រុក​ត្បែង​មាន​ជ័យ ដែល​នាំ​ឱ្យ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ដែលចេះ​កើន​ឡើង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ឱ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​កក្កដា ឆ្នាំ​២០២២ សហគមន៍​បាន​ចុះ​ប្រមូល​ព័ត៌មាន ក៏​ដូច​ជា​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថាន​ភាព​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រការ ហើយ​ក៏​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃឈើ​កើត​មាន​ជា​ច្រើន ដោយ​រក​ឃើញ​ប្រភេទ​ឈើ​រង​ការ​កាប់​បំផ្លាញ​មាន​ដូច​ជា​ឈើ​ទាល គគីរ កកោះ ពពេល និងផ្តៀក។ ពួកគេ​រក​ឃើញ​បទ​ល្មើស​ចំនួន​២៦០​ករណី និង​ឈើ​ចំនួន​៣៦៧​ក្តារ​បន្ទះ។

សហគមន៍​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «ការ​កើន​ឡើង​នូវ​បទ​ល្មើស​ព្រៃ​ឈើ​ជា​រៀង​រាល់​ថ្ងៃ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កង្វះ​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ ធន​ធាន​ធម្មជាតិ ពី​សំណាក់​ក្រសួង​បរិ​ស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​វា​បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​របរ​ដង​ជ័រ​ច្បោះ បរិស្ថាន និង​ទំនៀម​ទម្លាប់​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ»។

ទិដ្ឋភាពនៃការកាប់ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះ​វិហារ។ (រូបថតដោយសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​ )
ទិដ្ឋភាពនៃការកាប់ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះ​វិហារ។ (រូបថតដោយសហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរុ​ )

​លោក ថាប់ សុខឃីម សមាជិក​របស់​សហគមន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា​បទ​ល្មើស​ព្រៃ​ឈើ​ចេះ​តែ​បន្តកើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ខណៈ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ក៏​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ លោក​បន្ត​ថា​លោក​មិន​ដឹង​ថា​ក្រុម​ហ៊ុន​ណា​ជា​អ្នក​បញ្ជា​ឱ្យ​កាប់​នោះ​ទេ ខណៈ​ឈើ​ត្រូវ​បាន​ដឹក​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ។

បុរស​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ជីវភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​អាស្រ័យ​ផល​លើ​ព្រៃ​ឈើ។ សហគមន៍​ចាត់​ទុក​កន្លែង​កាប់​ឈើ​នោះ​ជា​មណ្ឌល​វប្បធម៌ និង​ទី​ផ្គត់ផ្គង់​ជីវភាព​ជា​អចិន្ត្រៃយ៍​របស់​ពួក​គេ។

លោក សុខឃីម បង្ហាញ​ការ​សោក​ស្តាយ និង​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។

លោក​ថ្លែង​ថា​៖«ខ្ញុំ​ព្រួយ​បារម្ភ​ថា​កាល​ណា​ចេះ​តែ​បន្ត​កាប់​ជា​រៀង​រាល់​ថ្ងៃ​ទៅ យូរៗ​ទៅ​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ​ទៅ​វា​អត់​មាន​ព្រៃឈើ​សម្រាប់​អាស្រ័យ​ផល»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទ​សុជាតិ ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ​តាម​ទូរស័ព្ទ​នា​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ មាន​ទំហំ​ជាង​៩​ម៉ឺន​ហិកតា ត្រូវ​បាន​ទទួល​ស្គាល់​ជា​តំបន់​ដែល​ត្រូវ​គ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គឹម​ហុង កត់​សម្គាល់​ថាព្រៃឈើ​នៅ​តែ​បន្ត​បាត់​បង់​នៅ​ក្នុង​តំបន់​ការ​ពារ​ដោយ​អនុក្រឹត្យ ជា​ពិសេស​ក្នុង​រយៈ​២​ទសវត្សរ៍ចុង​ក្រោយ​នេះ​ព្រៃ​ឈើ​ត្រូវ​បាន​បំផ្លាញ​អស់ជាង​១០% ​ដែល​នេះ​បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​សញ្ញា​បរាជ័យ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​និន្នាការ​នៃ​ការ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ព្រួយ​បារម្ភ​ ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជាបរាជ័យ​ម្តង​ទៀត​នូវ​ក្នុង​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ»។

មន្ត្រី​រូប​នេះ​ស្នើ​ឱ្យ​មាន​ការ​សហការ​គ្នា​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​នូវ​វិធាន​ការ​ការពារ​ព្រៃឈើ​និង​សមត្ថ​ភាព​មន្ត្រី​ឧទ្យានុរក្ស​ ជា​ពិសេស​អំពើ​ពុក​រលួយ​ដែល​កើត​មាន​ឡើង។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ថ្ងៃ​អង្គារ​នេះ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកជា​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន«​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង» ដើម្បី​បង្ការ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ។ ទោះ​ជា​យ៉ា​ង​ណា លោក​ថា​បទ​ល្មើស​តូចៗ​នៅ​តែ​បន្ត​កើត​មាន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ភូមិប្រមេរុ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ចំពោះ​ការ​ចូល​រួម​របស់​ប្រជាពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ ហើយ​ធានា​ថា​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ឡើយ។ ពួក​គេ​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ​ និង​មាន​យន្តការ​តាម​ដាន និង​ពិនិត្យមើល​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូល​ដ្ឋាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG