ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបដិសេធនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនបានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ ស្តីពីទីកន្លែងរបស់ឧត្តមសេនីយ៍យោធារុស្ស៊ីនៅក្នុងសមរភូមិប្រយុទ្ធ ដើម្បីឲ្យកងកម្លាំងអ៊ុយក្រែន អាចសម្លាប់ពួកគេបាននោះទេ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក John Kirby បានសម្តែងប្រតិកម្មឆ្លើយតបជុំវិញការផ្សាយព័ត៌មានរបស់កាសែត The New York Times ស្តីពីការគាំទ្ររបស់អាមេរិកទៅលើអ៊ុយក្រែន ដោយនិយាយថា សហរដ្ឋអាមេរិក ពិតជាបានផ្តល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែននូវការស៊ើបការណ៍ផ្នែកយោធា «ដើម្បីជួយឱ្យពលរដ្ឋអ៊ុយក្រែនអាចការពារខ្លួនបាន»។
លោកបន្តថា៖ «យើងមិនបានផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ អំពីទីកន្លែងរបស់មេដឹកនាំយោធាជាន់ខ្ពស់របស់រុស្ស៊ីនៅក្នុងសមរភូមិ ឬក៏ចូលរួមនៅក្នុងការសម្រេចចិត្តទៅលើគោលដៅវាយប្រហារណាមួយ របស់កងយោធាអ៊ុយក្រែនទេ»។
សារព័ត៌មាន The New York Times បានរាយការណ៍ កាលពីល្ងាចថ្ងៃពុធថា ព័ត៌មានស៊ើបការណ៍សម្ងាត់ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ បានជួយកងកម្លាំងអ៊ុយក្រែន ដើម្បីកំណត់គោលដៅនិងសម្លាប់ឧត្តមសេនីយ៍យោធារុស្ស៊ីមួយចំនួន ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក។
ដោយស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនដោយមិនបញ្ជាក់ឈ្មោះនោះ សារព័ត៌មាននេះ បាននិយាយថា ឧត្តមសេនីយ៍យោធារុស្សីប្រមាណ១២នាក់ ត្រូវបានសម្លាប់ ដោយកងកម្លាំងអ៊ុយក្រែន ហើយថា ឧត្តមសេនីយ៍ជាច្រើន ត្រូវបានគេកំណត់គោលដៅ ដោយមានការជួយផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់របស់អាមេរិក។
កងកម្លាំងអ៊ុយក្រែន បានទទួលជោគជ័យក្នុងការវាយប្រហារទៅលើទីបញ្ជាការដ្ឋានជួរមុខរបស់រុស្ស៊ី ហើយបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតនោះ កងកម្លាំងអ៊ុយក្រែន ហៀបនឹងវាយប្រហារលើទីតាំងមួយ នៅក្បែរខ្សែត្រៀមសមរភូមិ ក្នុងតំបន់ Donbas កាលពីសប្តាហ៍មុន ដែលនៅទីនោះ ឧត្តមសេនីយ៍យោធារុស្ស៊ីជាន់ខ្ពស់មួយរូបគឺលោក Valery Gerasimov ត្រូវបានគេជឿថា បានទៅសួរសុខទុក្ខកងកម្លាំងរុស្ស៊ី។
កងកម្លាំងអ៊ុយក្រែន ប្រហែលជាបានបាញ់ផ្លោងដាក់ទីតាំងនោះប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយឧត្តមសេនីយ៍យោធារុស្ស៊ីជាន់ខ្ពស់រូបនេះ បានចាកចេញ។ នេះបើយោងទៅលើរបាយកាណ៍ព័ត៌មាន ដែលមិនអាចបញ្ជាក់អះអាងបាននោះ។
លោក Kirby និយាយថាអ៊ុយក្រែន ធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើខ្លួនកំណត់គោលដៅវាយប្រហារទៅលើមេដឹកនាំរុស្ស៊ីណាមួយ ឬយ៉ាងណានោះ។
ដោយឡែក ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានរិះគន់ទៅលើការផ្សាយរបស់កាសែត The New York Times ជុំវិញរឿងនេះ ថាគ្មានការទទួលខុសត្រូវ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែនកាលពីចុងខែមេសាថា៖ «យើងចង់ឃើញរុស្ស៊ីចុះខ្សោយដល់កម្រិតមួយ ដែលនាំឱ្យរុស្ស៊ីលែងអាចប្រព្រឹត្តអំពើទាំងឡាយ ដែលខ្លួនបានធ្វើកន្លងមកក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែននោះ»៕