រុស្ស៊ីបានសន្យាគោរពការឈប់បាញ់គ្នានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ជាទីកន្លែងដែលកងទ័ពរបស់ខ្លួនបានត្រួតត្រាទាំងអស់ លើកលែងតែបរិវេណនៃរោងចក្រដែកថែបប៉ុណ្ណោះ ដែលកងទ័ពអ៊ុយក្រែនកំពុងជ្រកពួនជាមួយជនស៊ីវិលផ្សេងៗ ដែលអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីជម្លៀសចេញនោះ។
រុស្ស៊ីបាននិយាយថា ការឈប់បាញ់គ្នានៅពេលថ្ងៃរបស់ខ្លួន នឹងបន្តម្តងទៀតនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ដើម្បីសម្រួលការជម្លៀសមនុស្សចេញបន្ថែមទៀត ពីបរិវេណរោងចក្រដែកថែប Azovstal។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការឈប់បាញ់គ្នារយៈពេលយូរ ជាការចាំបាច់ដើម្បីជម្លៀសជនស៊ីវិលដែលនៅសេសសល់នៅក្នុងទីក្រុង Mariupol។
លោកបានមានប្រសាសន៍ថា៖ «វានឹងចំណាយពេលវេលាដើម្បីយកមនុស្សចេញពីអគារនៅក្រោមដីទាំងនោះ។ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចប្រើឧបករណ៍ធុនធ្ងន់ដើម្បីកាយថ្មបាក់បែកចេញនោះទេ។ អ្វីៗទាំងអស់ត្រូវធ្វើដោយដៃ»។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានសម្តែងនូវភាពមន្ទិលសង្ស័យអំពីការតាំងចិត្តរបស់រុស្ស៊ី ដែលបានសន្យាពីការឈប់បាញ់គ្នានោះ។
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ជនស៊ីវិលជាង៣០០នាក់បានត្រូវជម្លៀសចេញពីទីក្រុង Mariupol ទីក្រុង Manhush ទីក្រុង Tokmak និងទីក្រុង Vasylivka ដែលបានទទួលការជួយឧបត្ថម្ភខាងមនុស្សធម៌នៅក្នុងទីក្រុង Zaporizhzhia។
ការប្រយុទ្ធបានរីកកាន់តែខ្លាំងឡើងកាលពីថ្ងៃពុធនៅជុំវិញរោងចក្រដែកថែប Azovstal។ អភិបាលក្រុង Mariupol លោក Vadym Boychenko បាននិយាយថា កងទ័ពរុស្ស៊ីបានវាយប្រហាររោងចក្រនោះ ដោយប្រើអាវុធចាប់តាំងពីកាំភ្លើងធំរហូតដល់គ្រាប់បែក ដើម្បីកម្ទេចបេតុងថ្មដែលមានកម្រាស់ពី៣ទៅ៥ម៉ែត្រ។
ពួកអ្នកប្រយុទ្ធអ៊ុយក្រែនដែលការពាររោងចក្រនោះបាននិយាយថា កងទ័ពរុស្ស៊ីបានចូលក្នុងបរិវេណរោងចក្រនោះ ក៏ប៉ុន្តែរុស្ស៊ីបានបដិសេធ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិកបាននិយាយថា ការជឿនលឿនទៅមុខរបស់យោធារុស្ស៊ីនៅក្នុងតំបន់ Donbas ខាងកើតអ៊ុយក្រែនបានត្រូវជាប់គាំងនិងមានការយឺតយ៉ាវបំផុត៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។