ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យសភាអាមេរិក អនុម័តជំនួយថវិកា៣៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី សម្រាប់រយៈពេល៥ខែខាងមុខ។ សភាអាមេរិក បានអនុម័តជាឯកច្ឆ័ននូវសេចក្តីព្រាងច្បាប់ដើម្បីលបុចោលឧបសគ្គដែលរារាំងដល់ការពន្យារពេលនៃការផ្តល់ជំនួយយោធាអាមេរិកទៅឱ្យអ៊ុយក្រែន។
ការវិវឌ្ឍទាំងពីរនេះ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើនជំនួយដ៏សំខាន់សម្រាប់អ៊ុយក្រែន និងបង្កើនល្បឿននៃការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌទៅឱ្យប្រទេសអ៊ុយក្រែនកាន់តែឆាប់រហ័សថែមទៀត។
នៅក្នុងសុន្ទកថាមួយពីសេតវិមានលោក Biden បាននិយាយថា៖ «ការធ្វើវិនិយោគលើសេរីភាពនៅក្នុងប្រទេសអ៊ុយក្រែន គឺជាការបង់ខាតនូវតម្លៃតិចតួចប៉ុណ្ណោះ។ យើងមិនបានវាយប្រហាររុស្ស៊ីទេ យើងគ្រាន់តែជួយអ៊ុយក្រែនឱ្យមានលទ្ធភាពជួយខ្លួនឯងតែប៉ុណ្ណោះ»។
សេតវិមាននិយាយថា ផែនការចំណាយចំនួន៣៣ពាន់លានដុល្លារថ្មីនេះ នឹងរួមមានជំនួយជាង២០ពាន់លានដុល្លារសម្រាប់អាវុធថ្មីៗនិងជំនួយយោធាផ្សេងៗទៀត និងប្រមាណ៨,៥ពាន់លានដុល្លារទៀត សម្រាប់ការផ្តល់ជំនួយសេដ្ឋកិច្ចដល់ប្រទេសអ៊ុយក្រែន។ សេតវិមានបានបន្ថែមទៀតថាប្រាក់ដែលនៅសល់ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការផលិតស្បៀងអាហារជួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ច្បាប់បង្កើនផលិតផលការពារជាតិ ក្នុងគ្រាមានអាសន្ន ដើម្បីបង្កើនផលិតផលក្នុងស្រុកសម្រាប់ផលិតរបស់របរផ្សេងៗ ដែលត្រូវបានបង្អាក់ដោយសារជម្លោះ នឹងដើម្បីពង្រឹងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីផងដែរ។
សំណើរបស់លោក Biden នេះ មានចំនួនលើសទ្វេដងនៃប្រាក់ប្រមាណ១៣,៦ពាន់លានដុល្លារ ដែលសភាអាមេរិក បានអនុម័តក្នុងពេលកន្លងមក។ កញ្ចប់ថវិកានោះ ត្រូវបានចាយវាយជិតអស់ហើយទៅលើការផ្តល់អាវុធឱ្យអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Biden និយាយថា៖ «យើងបានចំណាយលុយអស់ហើយ ដើម្បីជួយទៅលើអ៊ុយក្រែន»។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki និយាយថា រដ្ឋបាលលោក Bidenជឿជាក់ថា សភា អាមេរិក ដែលមានការបែកបាក់ដោយសាររឿងនយោបាយនោះ នឹងបន្តគាំទ្រការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន។
លោកស្រីបន្តទៀតថា៖ «ប្រាកដជាមានភាពបន្ទាន់ ក្នុងការទទួលបានថវិកាដើម្បីយកទៅចាយវាយ។ មានការគាំទ្ររបស់គណបក្សទាំងពីរនៅក្នុងសភាក្នុងពេលកន្លងទៅ ហើយយើងប្រាកដជារង់ចាំធ្វើការជាមួយក្រុមសមាជិកសភា ដើម្បីសម្រេចរឿងនេះឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។
នៅថ្ងៃព្រហស្បតិ៍នេះផងដែរ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ក៏បានអនុម័តនូវច្បាប់ផ្តល់ជំនួយថវិកាដើម្បីការពារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអ៊ុយក្រែន ដោយមានសំឡេងគាំទ្រ៤១៧ ទល់នឹង១០។ ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រច្បាប់នេះកាលពីប៉ុន្មានសប្តាហ៍មុន។ ច្បាប់នេះ ដែលយកគំរូតាមកម្មវិធីនៅក្នុងសង្គ្រាមលោកលើកទី២នោះ អនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ឆ្លងផុតពីឧបសគ្គនានា ដែលធ្វើឱ្យយឺតយ៉ាវដល់ការផ្តល់អាវុធឱ្យប្រទេសអ៊ុយក្រែន។
នៅក្នុងសារផ្ទាល់មួយទៅលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Biden និយាយថា៖ «លោកមិនអាចទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ ការឈ្លានពានមិនអាចឈ្នះបានទេ ហើយការគំរាមកំហែងក៏មិនអាចទទួលបានជ័យជម្នះដែរ»។
លោក Biden ក៏បានរិះគន់លោក Putin ដែរចំពោះការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសប៉ូឡូញនិងប៊ុលហ្គារីនៅសប្តាហ៍នេះ ដោយនិយាយថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន នឹងមិនឱ្យរុស្ស៊ីគំរាមកំហែង ដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានដាក់ទៅលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីនិងក្រុមអភិជនដែលស្និទ្ធនឹងលោកPutin នោះឡើយ៕
លោក Jeff Seldin អ្នកយកព័ត៌មានផ្នែកសន្តិសុខជាតិរបស់វីអូអេ រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។