ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​​នៅ​​ហ្វ៊ីជី​​​ថា​ អាមេរិក​អាច​ឃាត់​នាវា​កម្សាន្ត​ទំនើប​មួយ​គ្រឿង​​របស់​រុស្ស៊ី​បាន​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះ​ទេ​


នាវា​កម្សាន្ត Amadea សំចត​នៅ​ផែ Queens Wharf នៃ​ក្រុង Lautoka នៃ​ប្រទេស​ហ្វ៊ីជី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២។
នាវា​កម្សាន្ត Amadea សំចត​នៅ​ផែ Queens Wharf នៃ​ក្រុង Lautoka នៃ​ប្រទេស​ហ្វ៊ីជី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២២។

ចៅក្រម​មួយរូប​ក្នុង​ប្រទេស​ហ្វ៊ីជី​បានកាត់សេចក្តី​ថា អាជ្ញាធរ​សហរដ្ឋ​អាមេរិក​អាច​ឃាត់​នាវា​កម្សាន្ត​ទំនើប​មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី​បាន ក៏ប៉ុន្តែត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​ក៏​ដល់​ថ្ងៃ​សុក្រ​នេះផង​ដែរ​ខណៈ​ដែល​ក្រុមមេធាវី​ការពារ​ក្តី​នៅ​ក្នុង​សំណុំរឿង​នេះ​កំពុង​ធ្វើ​ការប្តឹងជំទាស់​នោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

នាវា​កម្សាន្ត Amadea ដែល​មាន​តម្លៃ​ប្រមាណ​៣២៥​លាន​ដុល្លារត្រូវ​បាន​ឃាត់ទុក​មិន​ឱ្យចាក​ចេញ​ពី​ប្រទេស​ហ្វ៊ីជី​ដែល​ស្ថិត​នៅ​ក្នុងតំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ដោយសារ​តែ​មានការ​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី។ បទបញ្ជា​របស់​ចៅ​ក្រម​រូប​នេះ​ ​កំពុង​មាន​សុពលភាព​នៅ​ពេល​នេះ​ហើយ​បាន​រារាំង​មិន​ឱ្យ​អាជ្ញាធរ​អាមេរិក​យក​នាវា​កម្សាន្ត​នេះ​ទៅកាន់​កោះ​ហាវ៉ៃឬ​កន្លែង​ណាផ្សេង​ទៀត។

នៅ​មាន​សំណួរ​មួយ​បាន​ចោទ​ឡើង​នៅឡើយ​ជុំវិញ​រឿង​នេះថា​តើ​សេដ្ឋី​រុស្ស៊ី​ណា​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ដែល​ជា​ម្ចាស់​ពិត​ប្រាកដនៃ​នាវា​កម្សាន្ត​ទំនើប Amadea នេះ​ពីព្រោះ​ក្នុង​ចំណោម​សេដ្ឋី​រុស្ស៊ី​ទាំង​ពីរ​នាក់​នោះ​មាន​ម្នាក់​ជាប់​ឈ្មោះស្ថិត​នៅ​ក្រោម​ការដាក់​ទណ្ឌកម្ម​ ហើយ​ម្នាក់​ទៀត​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ទេ។ វា​ក៏​នៅ​មាន​សំណួរ​ជា​ច្រើន​ផង​ដែរ​ថា​តើ​សហរដ្ឋ​អាមេរិក​ មានដែន​យុត្ថាធិការ​ច្បាប់​អនុវត្ត​បានកម្រិតណា​នៅ​ក្នុង​ប្រទេស​ហ្វ៊ីជី​នោះ។

ចៅ​ក្រមតុលាការជាន់​ខ្ពស់ក្នុង​រដ្ឋធានី​ស៊ូវ៉ា​នៃ​ប្រទេស​ហ្វ៊ីជី​លោក Deepthi Amaratunga បានចេញ​ដីកា​បង្គាប់​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​អាចចាប់ឃាត់​នាវា​កម្សាន្ត​ទំនើប​មួយ​គ្រឿង​នេះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ឯកសារ​ស្នើ​សុំ​ធ្វើ​ការឃាត់​ទុក​នាវា​នេះ​ក្នុង​ពេល​កន្លង​ទៅ ក៏ប៉ុន្តែ​ចៅ​ក្រម​រូប​នេះ​ក៏​បានអនុញ្ញាតឱ្យ​ផ្អាក​ការ​អនុវត្ត​ដីកា​បញ្ជា​របស់​ខ្លួន​មួយ​រយៈខ្លី​សិន ខណៈពេល​ដែល​ក្រុម​មេធាវី​ការពារក្តីក្នុង​សំណុំ​រឿង​នេះ​កំពុងប្តឹង​តវ៉ា​ប្រឆាំង។

ការ​សម្រេចចិត្ត​បន្ទាប់​របស់​ចៅ​ក្រមរូប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ នៅ​ពេល​ដែល​លោក​នឹង​ធ្វើ​ការសម្រេច​ចិត្ត​ថា​តើ​នឹង​បន្ត​នីតិវិធីក្នុងការផ្អាក​ការអនុវត្តការឃាត់​ទុក​នាវា​មួយ​គ្រឿង​នេះ ដោយ​រង់ចាំការប្តឹង​ឧទ្ធរណ៍​ជា​ផ្លូវការ​សិន​ពី​ក្រុម​មេធាវីការពារ​ក្តី​របស់​នាវា​នេះ​ឬ​យ៉ាង​ណា​នោះ។

សហរដ្ឋ​អាមេរិក​បានអះអាង​ថា ម្ចាស់​កម្មសិទ្ធិ​ពិត​ប្រាកដ​នៃ​នាវាកម្សាន្ត​ទំនើប Amadea នេះ​ ​មាន​ឈ្មោះ​ថា Suleiman Kerimov ដែលជា​អ្នក​សេដ្ឋកិច្ច​និងអ្នក​នយោបាយរុស្ស៊ី​មួយ​រូប​ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​កាល​ពី​ឆ្នាំ២០១៨​ពី​បទ​បាន​លាង​លុយ​កខ្វក់​និង​ប្រឈម​ពីការដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ផង​ដែរពីប្រទេស​កាណាដា​ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ចក្រភព​អង់គ្លេស​និង​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ក្រោយ​រុស្ស៊ី​បាន​ចូល​ឈ្លានពានលើ​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG